រាជរដ្ឋាភិបាលកំពុងពិចារណាសំណើបិទសាលាហ្សាម៉ាន់

រាជរដ្ឋាភិបាលកំពុងពិចារណាសំណើបិទសាលាហ្សាម៉ាន់
ភ្នំពេញ៖ ក្រោយពីទទួលបានសំណើជាផ្លូវការពីប្រទេសទួរគី សុំបិទសាលាអន្តរជាតិហ្សាម៉ាន់ (ZAMAN) នៅកម្ពុជានោះ ពេលនេះក្រសួងការបរទេសកំពុងយកសំណើនោះទៅពិគ្រោះជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតនៅកម្ពុជា ។ សេចក្តីសម្រេចណាមួយលើសំណើនេះ នឹងត្រូវធ្វើឡើងដោយផ្អែកលើច្បាប់ទម្លាប់ ។ យ៉ាងណាក្តី ភាគីសាលាហ្សាម៉ាន់បដិសេធថា ខ្លួនមិនជាប់ជំពាក់នឹងរដ្ឋប្រហារនៅក្នុងប្រទេសរបស់ខ្លួននោះឡើយ ហើយស្នើឲ្យស្ថានទូតទួរគីប្រចាំនៅកម្ពុជាបង្ហាញភស្តុតាងឲ្យច្បាស់លាស់ជុំវិញការចោទប្រកាន់នេះ ។

ក្រោយជំនួបរវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយឯកអគ្គរដ្ឋទូតទួរគីកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រីបានទទួលយកសំណើផ្លូវការពីសមភាគីរបស់លោក ។ អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជា នឹងថ្លឹងថ្លែងពិនិត្យឲ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់លើសំណើនេះ» ។

លោក ជុំ សុន្ទរី បញ្ជាក់ដែរថា រាល់សេចក្ដីសម្រេចណាមួយនឹងត្រូវធ្វើឡើងផ្អែកលើនីតិវិធីច្បាប់ និងរដ្ឋបាលដែលជាសមត្ថកិច្ចរបស់ក្រសួងអប់រំយុវជន និង កីឡា ។ លោកថ្លែងថា «ខណៈ នៅក្នុងជំនួបប្រជុំនេះ រវាងទេសរដ្ឋមន្ត្រីជាមួយឯកអគ្គរដ្ឋទូតទួរគី លោកបានជម្រាបជូនថា ក្រសួងការបរទេសនឹងយកសំណើបិទសាលា ហ្សាម៉ាន់ ទៅពិគ្រោះ ឬពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដោយគូសបញ្ជាក់ថា សេចក្ដីសម្រេចណាមួយនឹងត្រូវធ្វើឡើងផ្អែកលើនីតិវិធីច្បាប់ និងរដ្ឋបាលដែលជាសមត្ថកិច្ចរបស់ក្រសួងអប់រំយុវជន និងកីឡានេះជាជំហររបស់កម្ពុជា ជុំវិញបញ្ហានេះ»។

លោកឯកអគ្គរដ្ឋទូតទួរគី ប្រចាំកម្ពុជា លោក អ៊ីលហាន កាម៉ាល ទុក ធ្លាប់បានប្រកាសអំពីគោលបំណងរបស់រដ្ឋាភិបាលទួរគី ដែលចង់ឲ្យបិទសាលាអន្តរជាតិហ្សាម៉ាន់ និងសាកលវិទ្យាល័យហ្សាម៉ាន់ នៅរាជធានីភ្នំពេញ ដោយសារការជាប់ពាក់ព័ន្ធរបស់សាលានេះជាមួយចលនា លោក ហ្វេទុឡា ហ្គូឡេន (Fethullah Gulen) ដែលធ្វើរដ្ឋប្រហារនៅទួរគី ប៉ុន្តែបានបរាជ័យ។

ក្រុមហ៊ុនហ្សាម៉ាន់ ដែលគ្រប់គ្រងសាលាទាំងនេះបានចេញសេចក្ដីថ្លែងការណ៍ជាថ្មីទៀត នៅថ្ងៃទី២៣ ខែសីហា បានបដិសេធថា សាលាអន្តរជាតិហ្សាម៉ាន់ មិនជាប់ពាក់ព័ន្ធទៅនឹងរដ្ឋប្រហារនៅទួរគី ឡើយ។ សេចក្ដីថ្លែងការណ៍ដដែលក៏បានថ្កោលទោសដោយបានសម្ដែងនូវ “ភាពជឿជាក់លើភាពស្អាតស្អំ” របស់ខ្លួន ព្រមទាំងបានប្រកាសដែរថា ខ្លួននឹងស្វែងរកយុត្តិធម៌តាមនីតិវិធី ព្រោះការចោទប្រកាន់នេះមានគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះរបស់ ក្រុមហ៊ុន។

សេចក្ដីថ្លែងការណ៍របស់សាលាអន្តរជាតិហ្សាម៉ាន់ ក្រៅពីបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហារនៅទួរគី និងស្នើឲ្យឯកអគ្គរដ្ឋទូតបង្ហាញភស្តុតាងឲ្យច្បាស់លាស់។ សាលាអន្តរជាតិហ្សាម៉ាន់ ក៏បានអំពាវនាវឲ្យសិស្សានុសិស្ស និងអាណាព្យាបាលកុំឲ្យមានការព្រួយបារម្ភជុំវិញបញ្ហានេះ។
យ៉ាងណាក៏ដោយ គេជឿថាអ្វីដែលស្ថានទូតទួរគីប្រចាំនៅកម្ពុជាបានស្នើឡើង មានភស្តុតាងគ្រប់គ្រាន់ ។ អ្វីដែលជាការព្រួយបារម្ភនោះ គឺយោងតាមច្បាប់កម្ពុជាមិនអនុញ្ញាតឲ្យមានទង្វើដូចអ្វីដែលស្ថានទូតទួរគី បានលើកឡើងចំពោះករណីសាលាអន្តរជាតិហ្សាម៉ាន់នេះឡើយ ។ រីឯការបង្ហាញភស្តុតាងយ៉ាងណា គឺជាភារកិច្ចរបស់ស្ថានទូតទួរគី និងសាលាអន្តរជាតិហ្សាម៉ាន់នេះតែប៉ុណ្ណោះ ៕ ហេង សូរិយា

ប្រភព៖ Nokorwatnews

  • រាជរដ្ឋាភិបាលកំពុងពិចារណាសំណើបិទសាលាហ្សាម៉ាន់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: