ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា កំពុង​ត្រូវ​ឈ្មួញ​កាប់​និង​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ជាក់ស្ដែង​ប្រជា​សហគមន៍​ភូមិ​អណ្ដូង​ក្រឡឹង បាន​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា តាម​អំពើ​ចិត្ត​ដោយ​គ្មាន​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចាត់វិធានការ​ទប់ស្កាត់​តាម​តួនាទី​របស់​ពួកគេ​នោះទេ​។ តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ភូមិ​អណ្ដូង​ក្រឡឹង បាន​ឲ្យ​ដឹង​ទៀតថា តំបន់​ដែល​កំពុង​កើតមាន​បទល្មើស​យ៉ាង​អនាធិបតេយ្យ​នោះ គឺជា​តំបន់​ព្រៃ​ហាម​ឃាត់ទុក​សម្រាប់​ឲ្យ​សត្វព្រៃ​រស់នៅ និង​អភិរក្ស​ជីវៈចម្រុះ​ផ្សេងៗ​ជាច្រើន​ប្រភេទ​ផងដែរ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ដូចជា បេង នាងនួន ធ្នង់ សុ​ក្រំ​ជាដើម កំពុង​ជិត​រលាយ​ផុត​ពូជ​អស់​ទៅហើយ ព្រោះ​មន្ត្រី​ជំនាញ​ជាពិសេស​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​។ ឈ្មួញ​មួយចំនួន​បាន​លើកឡើងថា ក្រុម​ឈ្មួញ​ធំៗ​កំពុង​សម្រុក​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា តាមផ្លូវ​ជាតិ​លេខ​៧៦​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងស្រុក​កែវ​សីមា ក៏ដូចជា​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង ទៅ​លក់​នៅ​ស្រុក​យួន​។ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៦ មាន​សមត្ថកិច្ច​ឈរជើង​ជាច្រើន​ស្ថាប័ន​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន នគរបាល អាវុធហត្ថ និង​យោធា​ជាដើម ប៉ុន្តែ​ពួកគេ​មិន​ទប់ស្កាត់​បទល្មើស​នោះទេ​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែន​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា មានការ​ឃុបឃិត​ជា​ប្រព័ន្ធ ហេតុនេះហើយ​ទើប​ឈ្មួញ​អាចធ្វើ​សកម្មភាព​ស្រេច​តែ​អំពើ​ចិត្ត​មិន​ខ្វល់​ពីបទ​បញ្ជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ក៏ដូចជា​ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច កំពុង​ប្រឈម​នៃ​សេចក្ដី​វិនាស ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​ស្រុក​កែវ​សីមា និង​ស្រុក​អូររាំង គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ក្នុងនោះ​លោក រ័ត្ន សុវណ្ណ នាយក តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ពី​រឿង​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​៕

14053960_1098429483583974_584683250365767759_n 14088690_1098429490250640_8220931150094937774_n 14079586_1098429516917304_6319590514654274956_n