បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​ក្នុង​ស្ទឹង​សង្កែ បែរជា​អាជ្ញាធរ និង​មន្ត្រីរដ្ឋបាល​ជលផល​មើ​ល​មិនឃើញ​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ដងស្ទឹង​សង្កែ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​មួយ​រយៈពេល​កន្លងទៅនេះ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា ឆ្នុក លូ​ស្បៃ​ម៉ុង និង​អ៊ុយ ចាប់​ត្រី​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ស្ទឹង​សង្កែ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ក្នុងខណៈដែល​បទល្មើស​នេសាទ​កំពុង​កើតឡើង​កាន់តែច្រើន គឺ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ក៏ដូចជា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជាពិសេស​សូម្បីតែ​នៅមុខ​សាលាខេត្ត​ក៏មាន​បទល្មើស​កើតឡើង​ដែរ ក៏ប៉ុន្តែ​មន្ត្រី​សាលាខេត្ត​បែរជា​មើលមិនឃើញ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​តាម​អំពើ​ចិត្ត​។

ពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង ជាពិសេស​អ្នករស់នៅ​តាម​ដងស្ទឹង​សង្កែ បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​បែបនេះ គឺជា​ការបំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ ដូច្នេះ​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ អ្វីដែល​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងៗ​នោះ គឺ​បទល្មើស​ប្រើ​ឆ្នុក របាំង​ស្បៃ​ម៉ុង និង​អ៊ុយ ដើម្បី​ចាប់​ត្រី​ក្នុង​ស្ទឹង​សង្កែ កើតឡើង​យ៉ាង​អនាធិបតេយ្យ​រាប់សិប​កន្លែង​ចាប់ពី​ចំណុច​ខាងមុខ​សាលាខេត្ត រហូតដល់​ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។ បទល្មើស​ដែល​កើតឡើង​នោះបាន​បំផ្លាញ​កូន​ត្រី​ល្អិត​នៅក្នុង​រដូវ​បិទ​នេសាទ ហើយ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់លំដាប់​ថ្នាក់ បែរជា​មើលមិនឃើញ​និង​បណ្ដែតបណ្ដោយ​ឲ្យ​កើតឡើង​កាន់តែច្រើន​ថែមទៀត​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ពិនិត្យ​ទៅលើ​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល ក្នុង​ខេត្តបាត់ដំបង​ជាបន្ទាន់ ជាពិសេស​គឺ​លោក ជួង សុភា ដែលជា​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង​តែម្តង​។ ដោយហេតុថា សូម្បីតែ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​ក្នុង​ស្ទឹង​សង្កែ នៃ​ក្រុង​បាត់ដំបង ក៏​លោក ជួង សុភា មើលមិនឃើញ​ដែរ គឺ​ទាល់តែ​អ្នកសារព័ត៌មាន​រាយការណ៍​ទើប​លោក ជួង សុភា សន្យា​ចាត់វិធានការ​បង្ក្រាប​។ ជាងនេះទៅទៀត​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប នៃ​ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង និង​មន្ត្រី​អាជ្ញាធរ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

that-01782លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង  IMG_4346 Untitled-1