ប្រាក់ មុន្នីឧត្តម ស៊ុតហ្រ្វីឃីតចូល២គ្រាប់ ដើម្បីផ្តួលភ្នំពេញក្រោន ចំពោះថ្ងៃខួបកំណើត

កីឡាករដ៏មានប្រជាប្រិយរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានផ្តល់កាដូយ៉ាងពេញចិត្តមួយ ដល់អ្នកគាំទ្ររបស់ខ្លួន គឺការស៊ុតបាល់ហ្រ្វីឃីតបញ្ចូលទីបាន២គ្រាប់ ដើម្បីជួយឲ្យក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ឈ្នះក្រុមភ្នំពេញក្រោន ៣-២ កាលពីយប់ថ្ងៃពុធ គឺបន្ទាប់ពីរូបគេបានផ្លុំទៀនខួនកំណើត ជាមួយមិត្តរួមក្រុម នៅលើទីលានកីឡដ្ឋានស្វាយរៀងនោះតែម្តង។

mm1

សម្រាប់ការប្រកួត នៅកីឡដ្ឋានស្វាយរៀង កាលពីយប់ម្សិលមិញនោះ ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បានធ្វើការប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ហើយភាពរីករាយបានកើតមានឡើងយ៉ាងលឿន សម្រាប់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ នៅពេល ហួយ ផល្លីន បានស៊ុតបាល់បញ្ចួលទីនាំមុខ ១-០ ឲ្យក្រុមព្រះខ័នរាជស្វាយរៀង នៅនាទីទី១០នោះ។

mm2

បន្ថែមលើនេះ ប្រាក់ មុន្នីឧត្តម ដែលទើបកើនអាយុ១ឆ្នាំគឺឈានដល់វ័យ២៤ឆ្នាំនោះ បានទាត់បាល់ហ្រ្វីឃីតបញ្ចូលទីបានយ៉ាងល្អបំផុត ដើម្បីជួយឲ្យក្រុមស្វាយរៀង នាំមុខភ្នំពេញក្រោន ២-០ មុនពេលខ្សែប្រយុទ្ធជាមិត្តរួមក្រុមជម្រើសជាតិ កែវ សុខផេង បានវាយបក១គ្រាប់វិញឲ្យ ភ្នំពេញក្រោន នៅនាទីទី៦៧។

mm3

ប៉ុន្តែការបង្កកំហុសរបស់ខ្សែការពារ កុក បូរីស បាននាំឲ្យអាជ្ញាកណ្តាលផ្តល់បាល់ហ្រ្វីឃីកឲ្យក្រុមស្វាយរៀងម្តងទៀត នៅនាទីទី៧៣ ហើយ ប្រាក់ មុន្នីឧត្តម បានស៊ុតបញ្ចូលទីកៀមជ្រុងខាងស្តាំដូចការស៊ុតលើកទី១ដែរ។ យ៉ាងណាក៏ដោយនៅនាទីទីបន្ថែម៩០+៤ កុក បូរីស បានស៊ុតបាល់ពីចម្ងាយផុតដៃអ្នកចាំទីរបស់ក្រុមស្វាយរៀង ចូលទីយ៉ាងស្រួល ដើម្បីធ្វើឲ្យភ្នំពេញក្រោន បញ្ចប់ការប្រកួតជាមួយលទ្ធផលចាញ់ ៣-២ បន្ថែមទៅលើការឈ្នះក្រុមស្វាយរៀង ១-០ ក្នុងជើងទី១ កន្លងមក។

mm4

ជាមួយលទ្ធផលនេះ ធ្វើឲ្យក្រុមស្វាយរៀង និងភ្នំពេញក្រោន មាន២៨ពិន្ទុស្មើគ្នា ប៉ុន្តែភ្នំពេញក្រោន នៅតែបន្តឈរនៅលេខរៀងទី៤ ដោយសារមានគ្រាប់បាល់ចំណេញច្រើនជាងក្រុមស្វាយរៀង។ យ៉ាងណាក៏ដោយ ចំណាត់ថ្នាក់លេខ៤ អាចនឹងត្រូវធ្លាក់មកលើក្រុមស្វាយរៀង វិញ ព្រោះជំនួបចុងក្រោយ ក្រុមស្វាយរៀង ត្រូវជួបក្រុមវេស្ទើន ឯក្រុមភ្នំពេញក្រោន អត់ការប្រកួតហើយ៕

The post ប្រាក់ មុន្នីឧត្តម ស៊ុតហ្រ្វីឃីតចូល២គ្រាប់ ដើម្បីផ្តួលភ្នំពេញក្រោន ចំពោះថ្ងៃខួបកំណើត appeared first on CamboSport.