ចូល​សួរ​ពី​នេះ​ពី​នោះ មួយប៉ប្រិចភ្នែក​ប្រមូល​អស់រលីង

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​បាន​ចូល​ទៅ​ផ្ទះ​រកស៊ី​​ទិញ​លក់​ត្បូង​ដោយ​សួរ​ពី​នេះ​ពី​នោះ ពេល​ឃើញ​ស្ងាត់​ល្អ​ តែ​មួយប៉ប្រិចភ្នែក​សោះ​ក៏​ឆ្លៀតឱកាស​ដាក់​ថ្នាំ​សណ្ដំ​ប្រមូល​យក​ទ្រព្យសម្បត្តិ​មាន​តម្លៃ​អស់​ជា​ច្រើន ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​សួន​អំពៅ​លិច សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ មី​ត សុ​ផា​រី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជា​មេផ្ទះ មាន​ប្តី​ឈ្មោះ ហាប់ ការី​ម អាយុ​៥០​ឆ្នាំ ជា​អ្នក​រកស៊ី​ទិញ​លក់​ត្បូង រស់នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ចោរ​យក​មាន​ប្រាក់​ខ្មែរ​៥​លាន​រៀល ប្រាក់​ដុល្លារ​៣៨០​ដុល្លារ ត្បូង​ឆ្នៃ​តូច​ៗ១០​គ្រាប់ លោហៈធាតុ​ពណ៌​លឿង (​ខ្សែ​ក​៣​ជី​១​ខ្សែ​) កូន​កាបូប​ដាក់​លុយ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ។

លោក អ៊ុ​ក គា នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ៃលិន បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្តី​ស្ត្រី​រង​គ្រោះ​ជាប់រវល់​ចេញ​ទៅ​ក្រៅ ប្រពន្ធ​នៅផ្ទះ​តែ​ម្នាក់ឯង ស្រប​ពេល​នោះ​មាន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បាន​ចូល​ទៅ​ក្នុងផ្ទះ ហើយ​ក៏​និយាយ​សួរនាំ​បន្តិចបន្តួច រួច​ដាក់​ថ្នាំ​សណ្តំ​រួច​ប្រមូល​យក​ទ្រព្យសម្បត្តិ​ខាងលើ​អស់រលីង​ រួច​គេច​ខ្លួន​បាត់​តែ​ម្តង ។ លោក​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ស្ត្រី​រង​គ្រោះ​ខាងលើ​មិន​ទាន់​ស្រួលខ្លួន​មែនទែន​នៅឡើយ​ទេ ដោយ​កំពុង​រៀប​ដាក់​ពាក្យបណ្តឹង​ទៅ​ខាង​ប៉ុស្តិ៍​នគរបាល​ដើម្បី​ចាប់​ជនសង្ស័យ​ខាងលើ​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​រក​ឃើញ​តម្រុយ​ណាមួយ​ដើម្បី​ឈាន​ទៅ​ចាប់​ស្ត្រីជន​សង្ស័យ​នោះ​នៅឡើយ​ទេ មើលទៅ​ប្រហែលជា​រួចខ្លួន​ទៀត​ហើយ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​សំណូមពរ​ឱ្យ​បង​ៗ​សមត្ថកិច្ច​មេត្តា​ធ្វើការ​ដុតដៃដុតជើង​បន្តិច​ទៅ នោះ​ពួក​គាត់​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ជនសង្ស័យ ដើម្បី​ឈាន​ទៅ​ចាប់​យក​មក​ដាក់ទោស​តាម​ផ្លូវច្បាប់ ៕