ចាប់​ចំណាប់ខ្មាំង​ក្នុង​ធនាគារ​មួយ​កណ្តាល​ក្រុង​មូ​ស្គូ

សារព័ត៌មាន​រុ​ស្ស៊ី​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤ សីហា ថា មនុស្ស​៤​នាក់​ដែល​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ក្នុង​ធនាគារ​មួយ​ស្ថិត​នៅ​កណ្តាល​ក្រុង​មូ​ស្គូ ត្រូវ​បាន​ដោះ​លែង​ក្រោយ​ពី​អ្នក​ចាប់ ព្រម​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស ។

យោង​តាម​ព័ត៌មាន​ដំបូង​ៗ​ថា អ្នក​ចាប់​ចំណាប់ខ្មាំង​ជា​បុរស​អ្នកជំនាញ​ម្នាក់​មានឈ្មោះ​ថា ARAM PETROSYAN អាយុ​៦១​ឆ្នាំ ។ បុរស​នេះ​កាលពី​យប់​ថ្ងៃ​ទី​២៤ សីហា បាន​ចូល​ក្នុង​សាខា​មួយ​នៃ​ធនាគារ CITIBANK ស្ថិត​នៅ​តាម​វិ​ថី BOLSHAYA NIKITKAYA ក្រុង​មូ​ស្គូ ។ មាន​ប្រអប់​មួយ​ដាក់​ជាប់​ដើមទ្រូង​របស់​គេ បុរស​នេះ​គំរាម​ធ្វើ​ឱ្យ​ផ្ទុះ ។ និយោជិត​៤​នាក់​នៃ​ធនាគារ​នេះ​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង ក្នុង​នោះ​មាន​នារី​២​នាក់​ដែល​ពួក​គេ​ក្រោយមក​ត្រូវ​បាន​ដោះ​លែង ។ ជន​ចាប់​ចំណាប់ខ្មាំង​បាន​ប្រគល់​ខ្លួន​ច្រើន​ម៉ោង ក្រោយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ប៉ូលិស ។ ប្រអប់​ដាក់​ជាប់​ខ្លួន​ជន​នេះ​តាម​ពិត​ទៅ​ជា​គ្រាប់បែក​ក្លែងក្លាយ ។ បុរស​នេះ​ត្រូវ​នាំ​ខ្លួន​ទៅ​សួរ​ចម្លើយ រួច​មូលហេតុ​នៃ​ការ​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ៕