សម្តីចោរថា «មិនចង់ទេ តែដោយសារជំងឺ»

ខេត្ត​បន្ទាយ​​​មា​ន​​ជ័យ ​៖ ជនសង្ស័យ​​សកម្ម​ខាង​លួច​ម្នាក់ ​ត្រូវ​​អាជីវករ​ក្នុង​ផ្សារ​ព័ទ្ធ​ចាប់​បាន​ ហើយ​នាំគ្នា​​ស្វាគមន៍​ម្នាក់មួយ​ដៃ ម្នាក់​មួយ​​ជើង​​​ទ្រម​ខ្លួន ​បើ​កុំ​តែ​បាន​​អាជ្ញាធរ​ចុះមក​​ឃាត់​ទាន់ ​ដែល​ហេតុ​ការ​ណ៍នេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​១រសៀល​​ថ្ងៃ​ទី២៥​​សីហា ២០១៦ ស្ថិត​នៅ​​ចំណុច​ផ្សារ​ត្រី ​​​ក្នុងភូមិ​បា​លិ​លេ​យ្យ​១​ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែ​ត ​។

ជន​សង្ស័យ​រូប​នេះ​ឈ្មោះ​កែវ ​ណា​រៀម​ ​អាយុ​២៧ឆ្នាំ​ ​​ស្នាក់​នៅ​ក្នុង​ភូមិ​ក្បាលកោះ​ សង្កាត់​ប៉ោយ​ប៉ែ​ត ​។ ជនសង្ស័យ​ត្រូវ​​អា​ជីករ​ផ្សារ​ត្រី​ចាប់​បាន​ ខណៈ​ធ្វើ​សកម្មភាព​លួច​ខោ​ចំនួន២​​ក្នុងតូប​មួយ​មួយកន្លែង ​ហើយត្រូវ​ម្ចាស់​ខោ​ដឹង ជនសង្ស័យ​ព្យាយាម​​រត់ ​តែ​គេច​មិន​រួច ​ព្រោះ​អាជីវករ​ក្នុង​ផ្សារ​ស្រែ​កថា​ចោរ​ៗ​ផ្អើល ​ក៏​​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​តែ​ម្តង ​។

ជនសង្ស័យ​ដំបូង​ ត្រូវ​អ្នកស្រុក​ស្វា​គម​ន៍​តែ​ដោយសារ​ថា​ មេ​ភូមិ​បា​លិ​លេ​យ្យ​១ ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ និង​សមត្ថកិច្ច​​ល្បាត​ការ​ពា​រ​សន្តិសុខ​ឃើញ​ទាន់​ ក៏​ឃាត់​មិនឱ្យ​​​អ្នកស្រុក​វាយ​បន្ត ​។

​​ជ​ន​សង្ស័យ​បានទាំងកំសត់​​​ថា ​ដោយសារតែ​ខ្លួន​មានជំងឺ​​ធ្លាប់​វះ​ពោះ​២​ដង ​មិន​អាច​ធ្វើការ​ធ្ងន់​បាន ​និង​ក្រីក្រ​ទៀត ក៏សម្រេច​​ដើរ​លួច​គេ​​តែ​ម្តងទៅ ​។ ជនសង្ស័យ​បន្ត​ថា​ ធ្លាប់​លួច​៣ ​ទៅ​៤​ដងហើយ ​តែ​ពេល​ខ្លះ ​ម្ចាស់​គេ​ទាន់​ក៏ឱ្យគេ​វិញ​ ។

យ៉ាងណា​ក៏​ដោយ ​ជនសង្ស័យ​ត្រូវ​​​សមត្ថកិច្ច​ដឹក​តាម​ម៉ូតូ​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ​ដើម្បី​សាកសួរ​បន្ត ។