ពាក់កណ្ដាល​អា​ធ្រា​ត្រ ស្រែក​ចុក​ខ្លាំង​ណាស់​ៗ ស្រែក​រហូត​សន្លប់

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ស្រែក​ចុក​ខ្លាំង​ណាស់​ៗ គឺ​ស្រែក​រហូត​សន្លប់​តែ​ម្តង​បណ្ដាល​ឲ្យ​ក្រុម​គ្រួសារ​ភ័យ​គ្រប់​គ្នា និង​បញ្ជូន​ទៅ​សង្គ្រោះ​ទាំង​យប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ នៅផ្ទះ​ជន​រង​គ្រោះ​ក្នុងភូមិ​ចាន់​ត្រក ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឆាយ អាយុ​៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ ។

ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ខណៈ​កំពុង​ដេក​លក់​គ្រប់​ៗ​គ្នា ស្រាប់តែ​ជន​រង​គ្រោះ​ស្រែក​ខ្លាំង​ៗ​ថា ចុក​ខ្លាំង​ណាស់ ហើយ​រមួលខ្លួន​ពេញ​មុង ពេល​នេះ​ក៏​នាំ​គ្នា​ចូល​ទៅ​មើល​ស្រាប់តែ​ឃើញ​សត្វ​ថ្លែន​មួយ​នៅ​ក្នុង​មុង​ដែរ ប្រហែលជា​ត្រូវ​សត្វ​ថ្លែន​នោះ​ខាំ​ហើយ​មើលទៅ ។

ប្រភព​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយ​មួយ​ជន​រង​គ្រោះ​ចុក​កាន់តែ​ខ្លាំង​ទៅ​ៗ​រហូត​ដល់​សន្លប់​បាត់​មាត់​ឈឹង​តែ​ម្តង ។ ឃើញ​សភាព​មិន​ស្រួល​ខ្លាំង ក្រុម​គ្រួសារ​ក៏​នាំ​គ្នា​ជន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ទាំង​យប់​ដើម្បី​សង្គ្រោះ​ជីវិត ។

ប្រភព​ពី​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​ជន​រង​គ្រោះ​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​នៅឡើយ ។ គ្រូពេទ្យ​បញ្ជាក់​ទៀត​ថា សត្វ​ថ្លែន​គឺជា​សត្វ​ដែល​មាន​ពិស​ខ្លាំង ប្រសិនបើ​ត្រូវ​វា​ខាំ​សូម​ប្រញាប់​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​ជីវិត ៕