តួ​ក​គី​បើក​ប្រតិបត្តិការ​ផ្លេកបន្ទោរ​កម្ទេច​ISIS តែ​ស៊ី​រី​ចាត់ទុកជា​ការរំលោភ​អធិបតេយ្យ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-25-2016, 2:18 pm         379

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132តួ​ក​គី​បើក​ប្រតិបត្តិការ​ផ្លេកបន្ទោរ​កម្ទេច​ISIS តែ​ស៊ី​រី​ចាត់ទុកជា​ការរំលោភ​អធិបតេយ្យ​ទ័ពតួកគីនាអំឡុង​ប្រតិបត្តិការបង្ក្រាប ISIS នៅព្រំដែនស៊ីរី​កន្លងមក។ រូបថត Xinhua​រថក្រោះ​តួ​ក​គី និង​កងកម្លាំង​ឧទ្ទាម​ប្រឆាំង​ស៊ី​រី​ជាច្រើន​រយ​នាក់ ដែល​គាំទ្រ​ដោយ​កងកម្លាំង​អាកាស​តួ​ក​គី បាន​បណ្ដេញ​ក្រុម​សកម្មជន​ក្រុម​រដ្ឋ​ឥស្លាម​ចេញ​មូលដ្ឋាន​រឹងមាំ​ក្នុង​ទីក្រុង​ព្រំដែន​របស់​ស៊ី​រី​។ ប្រតិបត្តិការ​ផ្លេកបន្ទោរ​នេះ​ប្រើពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដើម្បី​រំដោះ​ទីក្រុង Jarablus ហើយ​ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan អះអាងថា ការវាយប្រហារ​នេះ ក៏​សំដៅ​កងកម្លាំង​ឃើ​ដ​ដែរ​។​

​កងកម្លាំង​ឧទ្ទាម​សេរី ដែល​គាំទ្រ​ដោយ​កងកម្លាំង​ពិសេស​តួ​ក​គី រថក្រោះ និង​យន្តហោះ​ចម្បាំង នៅ​ថ្ងៃទី​២៤ ខែសីហា បាន​សម្រុកចូល​មូលដ្ឋាន​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​ឥស្លាម នៅ​បណ្ដោយ​ព្រំដែន​តួ​ក​គី និង​ស៊ី​រី​។ ប្រតិបត្តិការ​ផ្លេកបន្ទោរ​នេះ បាន​រុញច្រាន​កង​ម្លាំ​ង​ជ្រុលនិយម​ចេញពី​ទីក្រុង Jarablus និង​តំបន់​នៅ​ជុំវិញ ខណៈ​ទីក្រុង​នេះ​ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម​គ្រប់គ្រង​អស់​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​នោះ​។​

​ប្រធានាធិបតី​តួ​ក​គី លោក Tayyip Erdogan និយាយថា ប្រតិបត្តិការ​នេះ មាន​គោលដៅ​ទាំង​ក្រុម​សកម្មជន​រដ្ឋ​ឥស្លាម និង​ចលនា​ឃើ​ដ (YPG) ដែល​កំពុង​បង្កើន​ការគ្រប់គ្រង​តំបន់​ភាគ​ខាងជើង​ស៊ី​រី​។ តួ​ក​គី ចាត់ទុក​កងកម្លាំង​ឃើ​ដ YPG ជា​អង្គការ​ភេរវកម្ម ប៉ុន្តែ​ក្រុម​នេះ​ទទួលបាន​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក ក្នុង​យុទ្ធនា​ការប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​។ ថ្លែងប្រាប់​អ្នកព័ត៌មាន​បន្ទាប់ពី​ជំនួប​ជាមួយ​អនុ​ប្រធានាធិបតី​អាមេរិក Joe Biden លោក Erdogan បញ្ជាក់ថា ក្រុម​ISIS ក្ដី ឬ​ក្រុម​ឃើ​ដ​ក្ដី សុទ្ធតែជា​អង្គការ​ភេរវកម្ម​ទាំងអស់​។

​ប្រធានាធិបតី​តួ​ក​គី​បន្ថែមថា អង្គការ​ភេរវកម្ម​ដែល​ប្រយុទ្ធ​នឹង​អង្គការ​ភេរវកម្ម​មួយទៀត មិនមែន​មានន័យថា ពួកគេ​គ្មាន​កំហុស​ឡើយ​។ មកទល់ពេលនេះ ក្រុម​រដ្ឋ​ឥស្លាម​ទាំងអស់​បាន​ចាក​ចេញពី​ទីក្រុង Jarablus ហើយ​ទីក្រុង​នេះ កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កងកម្លាំង​ឧទ្ទាម​ស៊ី​រី​សេរី​។ បើតាម​ការផ្សាយ​របស់ Al Jazeera នាយករដ្ឋមន្ត្រី​តួ​ក​គី ក៏​អះអាង​ដែរ​ថា ប្រតិបត្តិការ​នឹង​បន្ត​រហូតដល់​ក្រុម​ចលនា​ឃើ​ដ បញ្ឈប់​ការ​រុល​ទៅ​ភាគ​ខាងលិច​ទន្លេ Euphrates​។

​បន្ទាប់ពី​កងកម្លាំង​តួ​ក​គី​ឆ្លង​ព្រំដែន​ចូល​ទឹកដី​ខ្លួន ក្រសួងការបរទេស​ស៊ី​រី បាន​ចេញមក​ថ្កោលទោស​នូវ​អ្វីដែល​ស៊ី​រី​ហៅថា ការរំលោភបំពាន​ដែន​អធិបតេយ្យភាព​របស់ខ្លួន និង​បាន​ចោទប្រកាន់​តួ​ក​គី​ថា កំពុង​ជំនួស​ក្រុម​រដ្ឋ​ឥស្លាម​ដោយ​ក្រុម​ភេរវកម្ម​មួយទៀត​លើ​ទឹកដី​របស់ខ្លួន​។ ចំណែក​រុស្សី​ដែល​គាំទ្រ​របប​ស៊ី​រី ក៏​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការ​រាលដាល​ជម្លោះ​ស៊ី​រី បន្ទាប់ពី​ការ​លូកដៃ​កាន់តែខ្លាំង​របស់​តួ​ក​គី​។​

​តាមពិតទៅ គោលដៅ​សំខាន់​នៃ​ប្រតិបត្តិការ​ផ្លេកបន្ទោរ​នេះ គឺ​សំដៅលើ​ក្រុម​ចលនា​ឃើ​ដដែល​កំពុង​កើន​ឥទ្ធិពល​ខ្លាំង​នៅ​ចន្លោះ​តួ​ក​គី និង​ស៊ី​រី​។ ហើយ​នេះ​អាចជា​ការសង​សឹក​លើ​ក្រុម​ឃើ​ដ ដែល​តួ​ក​គី​ចោទថា នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​តួ​ក​គី ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​នៅ​ទីក្រុង Gaziantep​។ មួយទៀត​នោះ តួ​ក​គី​ក៏​ចង់​ទប់ស្កាត់​ការ​រុលទៅមុខ​របស់​ក្រុម​ឃើ​ដ ដោយ​តួ​ក​គី​ចាត់ទុក​ទន្លេ Euphrates ជា​បន្ទាត់​ក្រហម​ទៅហើយ​៕