ចិន​បង្ហាញ​យាន​សម្រាប់​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ

យោង​តាម​ស៊ី​ន​ហួ​ថា ប្រទេស​ចិន​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ សីហា នូវ​រូបភាព​នានា​នៃ​យាន​ដែល​ខ្លួន​គ្រោង​បញ្ជូន​ទៅ​កាន់​ភព​ព្រះ​អង្គារ​ក្នុង​ឆ្នាំ​២០២០ ។

លោក ZHANG RONGQIAO ប្រមុខ​បេសកកម្ម​ភព​ព្រះ​អង្គារ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ប៉េ​កាំ​ង​គូសបញ្ជាក់​ថា ចិន​ចង់​បញ្ជូន​យានអវកាស​មួយ​ទៅ​កាន់​តារាវិថី​នៃ​ភព​ព្រះ​អង្គារ ហើយ​ធ្វើការ​ចុះ​ចត និង​ដាក់​លើ​ភព​នេះ​នូវ​យាន​ស្រាវជ្រាវ​មួយ​ក្នុង​ខែកក្កដា ឬ​ខែសីហា ឆ្នាំ​២០២០ ។

ចំណែក​លោក YE PEIJIAN អ្នក​ជំនាញការ​អវកាស​ចិន​ម្នាក់​និយាយ​ថា យាន​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ​នឹង​ត្រូវ​បាញ់​បញ្ជូន​ដោយ​កាំជ្រួច LONGUE MARCHE-5 ចេញពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​អវកាស WENCHANG ក្នុង​ខេត្ត​ហៃ​ណា​ន់​ភាគ​ខាងត្បូង​ប្រទេស ។

រូបភាព​យាន​ស្រាវជ្រាវ​ភព​ព្រះ​អង្គារ​ដែល​បង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៣ សីហា ជា​យាន​មួយ​មាន​កង់​៨ និង​មាន​ប៉ាណូ​ព្រះអាទិត្យ​៤​គឺ​មាន​ប៉ាណូ​ព្រះអាទិត្យ​២​លើស​យាន​ដែល​បញ្ជូន​ទៅ​ភព​ព្រះ​ច័ន្ទ ។ ជាមួយ​ទម្ងន់​ប្រមាណ​ជា​២០០​គីឡូក្រាម យាន​នេះ​ផលិត​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​លើ​ភព​ព្រះ​អង្គការ​រយៈពេល​៣​ខែ ។ យាន​នេះ​ក៏​មាន​កាមេរ៉ា​ថយ​ពី​ចម្ងាយ​មួយ និង​រ៉ា​ដា​មួយ​ដែល​អាច​ចាប់​ចូល​ក្នុង​ផ្ទៃដី​ភព​ព្រះ​អង្គារ ហើយ​អាច​ប្រើ​សម្រាប់​សិក្សា​ផ្ទៃដី​ភព​នេះ បរិយាកាស ព្រមទាំង​បរិស្ថាន​ភព​ព្រះ​អង្គារ ៕