ឡៅ ចិ​ត្រា និង​ព្រំ សំណាង ត្រៀម​កណ្ដាប់ដៃ​វ៉ៃ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​អប្សរា​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ

រាជធានី​ភ្នំពេញ ៖ ឡៅ ចិ​ត្រា មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Anon ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ចំណែក ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phak Nun​ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា​ថ្ងៃ​សៅរ៍ ទី​២៧ សីហា ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ណា​ហ្គា​វើ​ល ។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​ការ​ប្រកួត​ថា កីឡាករ​ថៃ​ទាំង​២​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​ថ្វីដៃ​ប្រកួត​មិន​អន់​នោះ​ទេ ជា​ពិសេស​Anon​តែ​ម្ដង​ដែល​ជា​ជើង​ខ្លាំង​ទម្ងន់​ស្រាល​ក្នុង​ប្រទេស​ថៃ ។ សម្រាប់​ការ​មក​ស្រុក​ខ្មែរ​លើក​នេះ គេ​មិន​ហ៊ាន​អះអាង​ទុក​មុន​ថា អាច​យកឈ្នះ​ឡៅ ចិ​ត្រា បាន​ឬ​អត់​នោះ​ទេ ។ ចំណែក​ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​ជើង​ថ្មី​មួយ​រូប​ដែល​កំពុង​តែ​ឡើង​កូដ​យ៉ាង​ខ្លាំង ជាក់ស្ដែង​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​ជាង​២០​លើក​មកនេះ​អត់​ទាន់​ស្គាល់​ចាញ់​ម្ដងណា​ឡើយ មិនតែប៉ុណ្ណោះ ថែម​ទាំង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​ចំនួន​១៧​ដង​ទៀត​ផង ។ ដូច្នេះ​សម្រាប់​ឡៅ ចិ​ត្រា ត្រូវ​បាន​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​ហ៊ាន​វាយតម្លៃ​ទុក​មុន​ថា នឹង​ឈ្នះ​ច្រើន​ជាង​ចាញ់។

ចំណែក ព្រំ សំណាង វិញ​គេ​មិន​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​នោះ​ទេ ព្រោះ​ស្នៀត​ប្រយុទ្ធ​របស់​កីឡាករ​រូប​នេះ​អត់​មាន​អ្វី​ដែល​ពិសេស​ឡើយ​ដោយ​ភាគច្រើន​គេ​វាយ​អាង​កម្លាំងបាយ​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត គេ​មិន​ស្គាល់​ប្រវត្តិ​កីឡាករ​ថៃ​រូប​នេះ​ច្បាស់​ផង​នោះ កាន់តែ​ពិបាក​សង្ឃឹម​ថែម​ទៀត ។ ចាំ​មើល ព្រំ សំណាង ជួប​កីឡាករ​ថៃ Phak Nun លើក​នេះ​មានសំណាង​ដូច​ឈ្មោះ​ឬ​អត់ ?

នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​គ្នា​ឯង​ផង​ដែរ​ដូច​ជា​កីឡាករ គង់ បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ សំណាង ហនុមាន មក​ពី​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ ។ កីឡាករ សូត្រ រដ្ឋ​សុភា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ងួ​ន សប្ប​ត្តិ មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ។ កីឡាករ សិត សា​មៀន មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ សុខ ប៉ាក់ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ​និង​គូ​ចុង​ក្រោយ​កីឡាករ កំពែង ខ្មៅ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​កីឡាករ ភួង ពិសិដ្ឋ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ៕