សុភមង្គល​គឺជាអ្វី​?

វាដូចជារឿងដដែលៗ ដែលខ្ញុំចេះតែឧស្សាហ៌លើកយកពាក្យ សុភមង្គល មកនិយាយ និងធ្វើការវែកញែក។ ពីព្រោះពាក្យនេះ គឺជាសិល្បិ៍វិធីដែលមនុស្សមួយចំនួនយកវាមកប្រើដើម្បីទាញយកផលប្រយោជន៌ ពីអ្នកដែលងប់ងល់ ចង់បាន និងប្រាថ្នាចង់បានវា។

សុភមង្គល​គឺជាអ្វី​?

ដូច្នេះ នៅថ្ងៃនេះខ្ញុំចង់ប្រាប់ថា «សុភមង្គល» មិនមែនជារបស់ដែលអ្នកដទៃអាចប្រគល់អោយយើងបានទេ ហើយយើងក៏មិនអាចប្រគល់វាអោយអ្នកដទៃបានដែរ ព្រោះវាត្រូវការភាពជាក់ស្តែងមួយដើម្បីធ្វើវាឡើង។

តើសុភមង្គលគឺជាអ្វី?
ជាការពិត «សុភមង្គល» មិនមែនជាវត្ថុ ដែលអាចចាប់យកបាន ព្រោះវាគឺជាអារម្មណ៌ រឺជាសញ្ចេតញ្ញាណដែលកើតឡើងក្នុងចិត្តបុគ្គលម្នាក់ៗ។ វាគ្រាន់តែជាជាតារម្មណ៌ ដែលអាចជំរុញសភាវៈអោយអាចទទួលយករឿងរ៉ាវផ្សេងៗតាមរយៈឥន្ទ្រីយ៌តែប៉ុណ្ណោះ។

បើវែកញែកពាក្យ «សុភមង្គល» គឺវាមកពីពាក្យផ្សំពីរគឺ «សុភៈ» + «មង្គល» ជាពាក្យបាលីសំស្រ្តឹត។ «សុភៈ» មានន័យថា «ល្អ, ភាពប្រសើរ» ឯពាក្យ «មង្គល» មានន័យថា «ភាពរុងរឿង, ភាពមិនមានមន្ទិល»។ បូកបញ្ចូលពាក្យទាំងពីរបានជា «សុភមង្គល» មានន័យថា «ភាពសុខសាន្តរុងរឿង ដ៏ល្អប្រសើរ»។

តាមការយល់ឃើញដោយឡែក សុភមង្គល ដូចជាបានកើតឡើងតាមរយៈ វត្ថុខាងក្រៅដូចជា ទ្រព្យសម្បត្តិ អំណាចបុណ្យសក្តិ ជាដើម រហូតធ្វើអោយមនុស្សមួយចំនួនយល់ថា មានអំណាច មានទ្រព្យសម្បត្តិ គឺមានអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់នោះ ហៅថា សុភមង្គល។ ប៉ុន្តែសូមសួរត្រឡប់ទៅវិញថា តើពួកអ្នកមានអំណាច ប្រាជ្ញ បុណ្យសក្តិ ទាំងនោះ មិនចេះមានភាពរកាំរកូស មិនចេះមានកង្វល់ទេមែនទេ? ជាការពិត ពួកគេអាចជាប្រភេទមនុស្សដែលមានសេចក្តីសុខ ព្រោះមានទ្រព្យ (បើមិនជាប់បំណុល), មានសេចក្តីសុខព្រោះស្ថានភាព (បើមិនមានជំងឺ) ប៉ុន្តែវានៅតែមិនស្ថិតក្នុងលក្ខណៈសម្បត្តិនៃសុភមង្គលដដែល។

តាមអត្ថបទខ្លឹមសារនៃសេចក្តីសុខដែលបានចុះផ្សាយដោយ ព្រះពុទ្ធសាសនា ៥០០០ បានបកស្រាយថា សេចក្តីសុខមាន ២ ប្រភេទ៖

  1. សេចក្តីសុខប្រភេទទី១ គឺជាសេចក្តីសុខជាប់ដោយ វត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗមកជួយ ។ វត្ថុខាងក្រៅនោះមានច្រើន លោកហៅថា អាមិស រហូតដល់មនុស្សដែលនៅជុំវិញទាំងអស់ ។ បើមិនមាននូវ របស់ទាំងអស់នេះទេ ក៏មានសេចក្តីដឹងខ្លួនថាខ្វះខាត ហើយក៏កើតទុក្ខ ។ សុខទុក្ខរបស់មនុស្សយើងបែបនេះ ផ្ញើទុកនឹងរបស់ខាងក្រៅ គឺយើងមិនអាចរស់នៅជាសុខ ទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តី សុខនេះមិនបានមាំទាំយឺនយូរឡើយ ព្រោះដោយសារវា ជាប់ជាមួយនឹងរបស់ខាងក្រៅហ្នឹងឯង ។ គួរសង្កេតឱ្យ ឃើញថា នៅពេលខឹងក្តី ភ័យតក់ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តី ក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេងៗទៀត ដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញ ពេល ឮ ជាដើម នេះគឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវ ខ្លឹមសារនៃសេចក្តីសុខ បណ្តោយឱ្យអស់នូវសេចក្តីសុខ រលីងអំពីចិត្តសន្តាន ដូច្នេះទើបពុទ្ធបរិស័ទត្រូវព្យាយាម កំណត់ដឹងនូវសេចក្តីពិតក្នុងពេលនោះៗ ត្រូវឱ្យកើតមាន នូវសេចក្តីសុខប្រភេទទី ២ ។
  2. សេចក្តីសុខប្រភេទទី២ គឺសេចក្តីសុខដែលកើត ក្នុងចិត្តរបស់ខ្លួនឯង នៅដក់ក្នុងចិត្តជាប្រចាំ ដោយមិន បានអាស្រ័យរបស់ខាងក្រៅ ដូចជាលាភសក្ការៈ កិត្តិយស កេរ្តិឈ្មោះ ការគោរពរាប់អាន និងពាក្យសរសើរជាដើម ឡើយ ។
សរុបមក ការមានសេចក្តីសុខផ្លូវមួយដែលអាចបង្កើនបាននូវ សុភមង្គល ក្នុងឆាកជីវិត ដូច្នេះមនុស្សនឹងមិនមានសុភមង្គលបើមិនមានទ្រព្យ តែបើមនុស្សឈានដល់ការលះបង់ទ្រព្យ លះបង់ការចង់បាន ការលោភលន់ ការច្រណែន ការឈ្នានីស ពេលនោះ មនុស្សនឹងរកឃើញសុភមង្គល ក្នុងកម្រិតខ្ពស់មួយ (បរមសុខ)។ 
ប៉ុន្តែនៅទីនេះ ខ្ញុំចង់និយាយផ្តោតទៅលើ ការទាមទារយក សុភមង្គល របស់បុថុជ្ជន (ជនសាមញ្ញ) ដែលគេគ្រប់គ្នានោះ យល់ដឹង ក្នុងកម្រិតមួយថា សុភមង្គល គឺកើតឡើងពីកត្តាទំនាក់ទំនងស្នេហា និងកត្តាផលប្រយោជន៌ផ្នែកសេដ្ឋកិច្ច។ ដោយពឹងផ្អែកលើកត្តាទាំងពីរនេះ មនុស្សអាចស្វែងរកសុខសុភមង្គលក្នុងកម្រិតមួយដោយងាយស្រួលបំផុត បើសិនជាមនុស្សអាចកំណត់ការចង់បានរបស់ខ្លួនបានច្បាស់លាស់។
១. កត្តាទំនាក់ទំនងស្នេហា..៖ មនុស្សអាចប្រើប្រាស់ទំនាក់ទំនងស្នេហា (ការស្រលាញ់ជាប់ស្អិត – នឹងបកស្រាយនៅអត្ថបទក្រោយ) ដើម្បីត្រួសត្រាយផ្លូវជីវិតរបស់គេអោយដល់គោលដៅសុភមង្គលពិតប្រាកដ។ បុគ្គលពីរនាក់ នឹងត្រូវធ្វើដំណើរលើផ្លូវនោះ តែបុគ្គលទាំងពីរត្រូវមាន…៖
  1. ចំណេះដឹងប្រហាក់ប្រហែលគ្នា (សមសីលា រឺ សមបញ្ញា)
  2. ជំនឿ ប្រហាក់ប្រហែលគ្នា (សមសទ្ធា)
  3. ការលះបង់ និងទទួលប្រហាក់ប្រហែលគ្នា (សមចាគា)
  4. ការមានជីវិត (វង្សត្រកូល) ប្រហាក់ប្រហែលគ្នា (សមជីវិតា)
បុគ្គលពីរនាក់ កាលចាប់ដៃគ្នាដើរលើផ្លូវរួមមួយ ហើយប្រកបដោយអង្គទាំង៤ខាងលើ គេនឹងអាចពុះពាររួមគ្នាដោយភាពយោគយល់ (ចេះស្តាប់គ្នា) និងការអត់អោន (កែតម្រូវបើមានកំហុស)។

ផ្សេងពីនេះ ការលះបង់ (Given) និងការព្រមទទួលយក (Accepted) គឺជាចំណុចសំខាន់បំផុត សម្រាប់ការរស់នៅជាមួយគ្នា។ អ្នកទាំងពីរត្រូវចោទសួរខ្លួនឯងថា តើយើងគយួរលះបង់អ្វីខ្លះដើម្បីគេ ហើយតើយើងព្រមទទួលយកអ្វីខ្លះពីគេ។
ឧទាហរណ៌ងាយយល់បំផុតគឺ ពេលដេកជាមួយគ្នា តើអ្នកអាចទ្រាំនិងការដេកស្រមុករបស់គេបានទេ? ពេលញ៉ាំអាហារ តើអ្នកអាចទ្រាំនិងភាពស្មោគគ្រោករបស់គេបានទេ? ពេលរួមភេទ តើអ្នកអាចទ្រាំ និងក្លិន រឺភាពកំរោលចូលរបស់គេបានទេ?
២. កត្តាផលប្រយោជន៌ផ្នែកសេដ្ឋកិច្ច..៖ ជាការពិត ការទំនាក់ទំនងគ្នាក្នុងផ្លូវស្នេហា បើទោះជាវាគ្រាន់តែជាអារម្មណ៌ជក់ចិត្តមួយ តែវាក៏ទាមទារនូវភាពផ្អែមល្ហែម ដែលកើតបានដោយសារតែការប្រើប្រាស់ធនធានដែរ ដូច្នេះតិចរឺច្រើន ពេលជួបគ្នាដំបូង មនុស្សច្បាស់ណាស់ថា នឹងសំលឹងមើលស្ថានភាពសេដ្ឋកិច្ចរវាងគ្នានិងគ្នាមិនខាន។ ចំនុចរួមដែលមនុស្សអាចស្វែងរកសុខសុភមង្គលក្នុងផ្លូវនេះបានគឺផ្អែកលើកត្តា២យ៉ាងគឺ..៖
  1. កត្តាវេទនា..៖ វាសំខាន់ណាស់ ព្រោះមនុស្សម្នាក់ៗតែងមានឧត្តមគតិ និងគោលដៅជីវិតរបស់គេ។ ជួនកាលគោលដៅជីវិតរបស់អ្នក អាចជាគោលដៅជីវិតរបស់ដៃគូអ្នកដែរ ដូចនេះទោះមានក្តី មិនមានក្តី ទ្រព្យសម្បត្តិគ្រាន់តែជារបស់ក្រៅខ្លួនប៉ុណ្ណោះ ព្រោះអ្នកទាំងពីរអាចនឹងខិតខំប្រឹងប្រែងដើម្បីគោលដៅតែមួយ ឧត្តមគតិតែមួយ។
  2. កត្តាផលប្រយោជន៌..៖ ទ្រព្យសម្បត្តិ ជួនកាលធ្វើអោយអ្នកភ្លេចដល់ឧត្តមគតិ។ អ្នកអាចនឹងយល់ព្រមបំភ្លេចគោលដៅជីវិតចាស់ដែលអ្នកមិនរំពឹងថានឹងមកដល់ ហើយចាប់យកទ្រព្យសម្បត្តិដើម្បីបង្កើតគោលដៅជីវិតថ្មី ដែលយល់ថាវាងាយជាង ប៉ុន្តែធាតុពិតអ្នកនៅតែយល់ព្រមលើកត្តាវេទនារបស់អ្នក ព្រោះនៅទីបំផុតអ្នកនៅតែពុះពារដើម្បីគោលដៅដដែល។

នៅទីបញ្ចប់ សុភមង្គល មិនមែនអ្នកណាៗក៏អាចរកវាមកបាននោះទេ ទោះជាវាតែងស្ថិតនៅក្នុងព្រលឹងរបស់មនុស្សគ្រប់រូបក៏ដោយ ព្រោះការស្វែងរកសុខសុភមង្គល វាទាមទារអោយបុគ្គលធ្វើវាដោយអំណត់ និងតាមលំដាប់លំដោយ ហើយធ្វើនៅក្នុងផ្លូវដ៏ត្រឹមត្រូវទៀតផង។
ដូច្នេះ សូមឈប់ជឿលើការសន្យាណា ដែលប្រើប្រាស់ពាក្យ សុភមង្គល មកធ្វើជាលែះទៀតទៅ។ នៅទីនេះ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា សុភមង្គល គឺជាស្ថិតក្នុងកណ្តាប់ដៃយើងស្រាប់ទៅហើយ៕

ប្រភព ៖ wikisne