គូស្នេហ៍​ក្មេង​វ័យក្មេង​បបួលគ្នា​រត់​ចេញពីផ្ទះ​ត្រូវ​ម្តាយ​ឪពុក​ខាង​ស្រី​តាម​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដាក់​ខ្នោះ​

ភ្នំពេញ៖ គូស្នេហ៍វ័យក្មេង មួយគូបាននាំគ្នារត់ចេញពីផ្ទះអស់រយៈពេល៥ថ្ងៃ ហើយនៅពេលឪពុកម្ដាយតាមរកឃើញចាប់ខ្លួនពួកគេបញ្ចូលក្នុងឡាន យកមកប្រគ្រល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោ ដើម្បី ធ្វើការសាកសួរកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវបេតុង នៅម្តុំផ្ទះជួល មុខផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

KA-25-08-2016-18

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីមានឈ្មោះ គោក ចិន្ដា ភេទស្រី អាយុ១៤ឆ្នាំ(ជាអានីតិជន) ជាសិស្សថ្នាក់ទី៧ នៅវិទ្យាល័យទួលអំពិល ស្នាក់នៅផ្ទះជួល ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅ ភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ ចំណែកយុវជនដែលជាសង្សារមានឈ្មោះ ជា ភក្កី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិ កោះចេក ឃុំកោះចេក ស្រុកពាមរជ ខេត្តព្រៃវែង។

KA-25-08-2016-19

បើតាមសម្ដីរបស់ម្ដាយខាងស្រីបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦កាលពីវេលាម៉ោង៤រសៀល រូបគាត់បានត្រឡប់មកពីធ្វើការវិញ អត់ឃើញកូនរបស់គាត់នៅផ្ទះពេលនោះគាត់បានដើររកតែរកមិនឃើញ ក៏បានអ្នកនៅជិតខាងមកប្រាប់គាត់ថា កូនរបស់គាត់មានមនុស្សប្រុស២នាក់មកដឹកយកទៅបាត់ហើយ ពេលនោះរូបគាត់បានមកផ្តល់ព័ត៌មានដល់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងឮ។ លុះមកដល់ថ្ងៃកើតហេតុ រូបគាត់បានដំណឹងថាកូនរបស់គាត់បាននាំគ្នាទៅលាក់ខ្លួនឃ្លាំមើល នៅម្ដុំផ្សារទួលពង្រ។

គាត់បន្តថា ពេលពួកគាត់ជាឪពុកម្ដាយបាននាំគ្នាទៅរកកូននៅកន្លែងខាងលើ ក៏ប្រទះឃើញកូនរបស់គាត់ ហើយពួកគាត់បាននាំគ្នាចាប់ដាក់ចូលក្នុងឡាន នាំទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោដើម្បីធ្វើការសាកសួរ នៅពេលសាកសួរយុវជនរូបនោះបានសារភាពថា រូបគេបានទំនាក់ទំនងស្នេហាជាមួយគ្នាជិត២ខែមកហើយ ។ តែនៅពេលដែលពួកគេនាំគ្នារត់ទៅនោះ គឺមាននារីម្នាក់ទៀតដែលរស់នៅផ្ទះជិតគ្នា តែនារីម្នាក់ទៀតត្រូវបានសង្សារនាងបាននាំទៅលាក់ខ្លួនបន្តទៀតហើយ នៅសល់តែរូបគេ និងនារីជាសង្សារ ត្រូវបានឪពុកម្ដាយរបស់នាងនាំខ្លួនយកទៅឲ្យសមត្ថកិច្ចតែម្ដង។

រីឯខាងក្មេងស្រីរងគ្រោះវិញ មិននិយាយស្តីអ្វីទាំងអស់គឺគិតតែយកដៃខ្ទប់មុខតែប៉ុណ្ណោះនៅចំពោះមុខសមត្ថកិច្ច។ ក្រោយពេលកើតហេតុម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើយុវជនរូបនោះឲ្យសមត្ថកិច្ចធ្វើតាមនីតិវិធីនៃច្បាប់។ ករណីនេះមន្ត្រីនគរបាលយុត្តិធម៌ម្នាក់បានបង្ហើបថា យុវជនពិតជាមានទោសជាប់ពន្ធនាគារប្រសិនបើបានរួមភេទជាមួយក្មេងស្រីដែលមានអាយុក្រោម១៥ឆ្នាំនេះ នាងជាអានីតិជន ៕