ប្រឹងទាញចង្កូត​​រហូតក្រឡាប់ កុំឱ្យត្រូវមនុស្ស

ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង​មានដឹក​ខ្សាច់ ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-3342 ខណៈ​បើកចុះ​ពីលើ​ស្ពាន​គី​ហ្ស៊ុ​ណា​ ត្រូវហ្វ្រាំង​មិន​ស៊ី ហើយឃើញ​​នៅ​រង្វង់​មូល​ក្បាលស្ពាន​មាន​មនុស្ស​ច្រើន​ទៀត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ ​អ្នកបើកបរ​​រថយន្ត​បាន​ប្រឹង​បួង​ចង្កូត​​គេច​ ក៏​បណ្តាល​ឱ្យក្រឡាប់ចាក់​ខ្សាច់​ចោល​​រាយ​​ប៉ាយពេញផ្លូវ ដែល​ហេតុ​ការ​ណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​​០៧​ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២៥ ​សីហា ២០១៦ ស្ថិតក្នុងភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

​ប្រភពឱ្យ​ដឹងថា​​ ​​​មុនពេល​​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ខ្សាច់​ បើកបរ​ដោយ​បុរស​​​ឈ្មោះ​ស ថាវ​រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ព្រែក​ថ្មី  សង្កាត់​​ព្រែក​ថ្មី  ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បើក​ចុះ​ពីលើ​ស្ពាន​គីហ្ស៊ុ​ណា​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ចៃដន្យ​នៅ​ពេល​ដែល​ចុះ​ទួល​ហ្វ្រាំង​មិន​ស៊ី​នោះ​ទេ ។ ដោយ​ហេតុតែឃើញ​ នៅ​ខាង​មុខ​មាន​មនុស្ស​ច្រើន​ តៃកុង​មាន​​ស្មារតី​រឹង​មាំ​ប្រឹង​បួង​ចង្កូតគេច​ពី​ហ្វូង​មនុស្ស ក៏​បណ្តាល​ឲ្យ​ក្រឡាប់ចាក់​ខ្សាច់​រាយ​ពេញ​ថ្នល់ ក្បែរ​រង្វង់​មូល​ក្បាលស្ពាន​ បង្ក​ឲ្យ​មានការ​ភ្ញាកផ្អើលដល់​កម្លាំង​នគរបាល​ដែល​យាម​ប្រចាំការ​នៅ​ម្តុំ​នោះ  ។