៤-៥​ថ្ងៃ​អស់​១​ម៉ឺន​៦​ពាន់​ដុល្លារ ប្តឹង​ចោទ​​ថា​ប្រើ​ល្បិច

ខេត្តកំពត ៖ កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៦ បុរស​ម្នាក់​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាដំបូង​ខេត្តកំពត ដោយ​ចោទប្រកាន់​អ្នក​បើក​អ៊ី​ន​ធើ​រ​ណេ​ត​មួយ​កន្លែង​​ថា បើក​ល្បែងស៊ីសង ដោយ​ប្រើ​ល្បិច​កៀបស៊ី​តាម​កុំព្យូទ័រ និង​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត បន្ទាប់​ពី​បុរស​រូប​នោះ​បាន​លេង​ចាញ់​អស់ប្រាក់​១​ម៉ឺន​៦​ពាន់​ដុល្លារ ។

យោង​តាម​ពាក្យបណ្ដឹង​បាន​ឲ្យ​ដឹង​ថា លោក លឹ​ម ទ្រី អាយុ​៥៣​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បាន​ប្តឹង​ចោទ​ប្រកាន់​ឈ្មោះ ជិន យ៉ា​ន្នី ហៅ ពេជ្រ មុខរបរ​បើក​បើក​​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។

យោង​តាម​ពាក្យបណ្ដឹង​បាន​ឲ្យ​ដឹង​ទៀត​ថា រយៈពេល​៤-៥​ថ្ងៃ​ជន​រង​គ្រោះ​បាន​លេងល្បែង​ចាញ់​អស់​១​ម៉ឺន​៦​ពាន់​ដុល្លារ​ព្រោះ​ស្មានថា​លេង​ដោយ​យុត្តិធម៌ តែ​តាម​ពិត​គឺ​មាន​ល្បិច ដោយពេល​គាត់​លេង​កំពុង​ឈ្នះ ស្រាប់តែ​បិទ​អ៊ី​ន​ធើ​រ​ណេ​ត​ទូរ​របស់​គាត់​ដើម្បី​ឲ្យ​ពិបាក​ឈ្នះ ។

នៅ​ក្នុង​ពាក្យបណ្ដឹង​បាន​ចោទប្រកាន់​ទៀត​ថា បន្ទាប់​ពី​ជន​រង​គ្រោះ​ដឹង​ថា​ជា​ល្បិច កន្លែង​អ៊ី​ន​ធើ​រ​ណេ​ត​នោះ​ក៏​បាន​បិទទ្វារ​ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ​ដឹង​ឮ ហើយ​ជន​រង​គ្រោះ​ក៏​បានដឹង​ដែរ​ថា កន្លែង​នោះ​គ្មាន​ច្បាប់​ដែរ តែ​ម្ចាស់​ទីតាំង​នោះ​អះអាង​ប្រាប់​គាត់​ថា ប្តឹង​ដល់​ណា​ប្តឹង​ទៅ ព្រោះ​សុទ្ធតែ​បក្សពួក​វា វា​បាន​បង់​ឲ្យ​អាជ្ញាធរ​ជា​រៀង​រាល់​ខែ​អស់ហើយ ។

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦​នេះ «​កោះសន្តិភាព​» ព្យាយាម​ទាក់ទង​ទៅ​លោក ជិន យ៉ា​ន្នី ហៅ ពេជ្រ ជា​ម្ចាស់​ទីតាំង​អ៊ី​ន​ធើ​រ​ណេ​ត​ដែរ តែ​ទំនាក់ទំនង​មិន​អាច​ធ្វើ​ទៅ​បាន​​សោះ ។