រញ្ជួយ​ដី​នៅ​អ៊ីតាលី​៖ អ្នកស្លាប់​កើន​ដល់​២៤៧​នាក់ ការជួយ​សង្គ្រោះ​កំពុង​បន្ត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-25-2016, 3:02 pm         251

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រញ្ជួយ​ដី​នៅ​អ៊ីតាលី​៖ អ្នកស្លាប់​កើន​ដល់​២៤៧​នាក់ ការជួយ​សង្គ្រោះ​កំពុង​បន្ត​អ្នកស្លាប់ដោយ​រញ្ជួយដីនៅអ៊ីតាលីកើនដល់២៤៧នាក់។ រូបថត Xinhua​ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដែល​បាន​វាយប្រហារ​អ៊ីតាលី បាន​កើន​ដល់​២៤៧​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់រយ​នាក់​ផ្សេងទៀត​របួស​។ នៅពេលនេះ​ការជួយ​សង្គ្រោះ​កំពុង​បន្ត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​នៅក្រោម​ដំបូល​អាគារ​ដែល​បាន​បាក់ស្រុត ប៉ុន្តែ​គេ​មិនទាន់​ពី​ចំនួន​អ្នក​ដែល​កំពុង​បាត់​ខ្លួន​នៅឡើយ​ទេ​។
 
​ទីភ្នាក់ងារ​ការពារ​ជន​ស៊ីវិល​អ៊ីតាលី នៅ​ថ្ងៃទី​២៥ ខែសីហា បានបង្ហាញ​ចំនួន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​គ្រោះរ​ញ្ជូ​យ​ដី​ដែល​បាន​វាយប្រហារ​ភាគ​កណ្ដាល​អ៊ីតាលី នៅ​ថ្ងៃទី​២៤ ខែសីហា ដោយ​អ្នកស្លាប់​កើន​ដល់​២៤៧​នាក់​ហើយ​។ ជាមួយគ្នានេះ ចំនួន​អ្នក​រង​បួស​ធ្ងន់​ស្រាល​ទាំងអស់​មាន​ចំនួន​៣៦៨​នាក់ ខណៈ​មនុស្ស​ជាច្រើន​នាក់​ទៀត កប់​ក្រោម​គំនរ​អាគារ​ដែល​ដួលរលំ​។​

​ហេតុការណ៍​រញ្ជួយ​ដី​ដែល​កើតឡើង​នៅពេល​ល្ងាច បាន​កម្ទេច​ផ្ទះសម្បែង និង​ផ្លូវថ្នល់​ជាច្រើន​នៅ​តំបន់ភ្នំ ចម្ងាយ​១៤០​គីឡូ​ម៉ែត​ភាគ​ខាងកើត​រដ្ឋធានី​រ៉ូម​។ រញ្ជួយ​ដី​ដ៏​ខ្លាំង​នេះ ធ្វើ​ឲ្យ​រង្គើ​ដល់ទី​ក្រុង​Bologna ភាគ​ខាងជើង និង​ទីក្រុង​Naples ភាគខាងត្បូង ដែល​ទីក្រុង​ទាំងពីរ​នេះ មាន​ចម្ងាយ​ច្រើនជាង​២០០​គីឡូ​ម៉ែត ពី​ចំណុចកណ្ដាល​នៃ​រញ្ជួយ​ដី​។ បើតាម​ភូគព្ភសាស្ត្រ​របស់​អាមេរិក រញ្ជួយ​ដី​នេះ​មាន​កម្រិត​៦.២​រិច​ស្ទើរ មាន​ចំណុច​វាយប្រហារ​ក្បែរ​ទីក្រុង Norcia​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុម​ជួយសង្គ្រោះ​កំពុងតែ​ញាប់ដៃ​ជើង ក្នុងការ​រុករក​អ្នក​បាត់​ខ្លួន​នៅតាម​អាគារ​ទាំងឡាយ​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក Matteo Renzi ដែល​បាន​ទៅកាន់​ទីក្រុង​Amatrice ព្រមាន​ថា ចំនួន​អ្នកស្លាប់​អាច​នឹង​បន្ត​កើនឡើង​ទៀត​។ ហើយ​គណៈរដ្ឋមន្ត្រី​អ៊ីតាលី នឹង​កោះប្រជុំ​នៅ​ថ្ងៃទី​២៥ ខែសីហា​នេះ ដើម្បី​រក​វិធានការ​សម្រាប់​ជួយ​តំបន់​រងគ្រោះ​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា រញ្ជួយ​ដី​លើក​នេះ គឺជា​ការវាយប្រហារ​ធ្ងន់ធ្ងរ​លើក​ទី​ពីរ ចាប់តាំងពី​គ្រោះរ​ញ្ជូ​យ​ដី​ក្នុង​ឆ្នាំ​២០០៩ ដែល​បាន​វាយប្រហារ​ទីក្រុង L'Aquila ដោយបាន​សម្លាប់​មនុស្ស​ច្រើនជាង​៣០០​នាក់​។ ចំណែក​អភិបាលក្រុង Amatrice លោក Sergio Pirozzi និយាយថា ពាក់កណ្ដាល​នៃ​ទីក្រុង​នេះ បាន​ដួលរលំ ដោយមាន​មនុស្ស​ត្រូវ​កប់​ក្រោម​កំទេច​ដំបូល​អាគារ ហើយ​ការបាក់​ដី​ក៏​កើតមាន​ផងដែរ​។​

​ក្រៅពី​តំបន់ Amatrice ទីតាំង​ផ្សេងទៀត​ដូចជា Accumoli, Posta និង Arquata del Tronto ព្រមទាំង Luca Cari សុទ្ធ​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​គ្រោះ​រញ្ជួយ​ដី​លើក​នេះ​។ ទន្ទឹមគ្នានេះ ឧទ្ធម្ភាគចក្រ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ដើម្បី​វាយតម្លៃ​ការខូចខាត​៕