កម្មវិធី «មុខរបរ​ខ្ញុំ» រដូវកាល​ទី​២ របស់​ភីអិនអិន នឹង​ត្រូវ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​ពីរ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នឹង​បោះ​ឆ្នោត​ជម្រុះ​បេក្ខជន​ទី​៧ នៅ​យប់​ថ្ងៃ​សុក្រ ទី​២៦ សីហា នេះ។

 

សប្តាហ៍​នេះ គឺ​ជា​សប្ដាហ៍​ទី​៨ នៃ​ការ​ជម្រុះ​បេក្ខជន។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ដែល​នៅ​សល់​ចំនួន ៤ រូប​ធ្វើ​គម្រោង​អាជីវកម្ម​មួយ​ដែល​កំណត់​ដើម​ទុន​ចំនួន ១ លាន​រៀល។ បេក្ខជន​ត្រូវ​រៀន​រៀបចំ​ធ្វើ​គម្រោង​អាជីវកម្ម​ដែល​ខ្លួន​គិត​ថា​សម​នឹង​ទុន​ដែល​បាន​កំណត់ និង​មាន​ផែនការ​ច្បាស់​លាស់​ មុន​នឹង​បើក​អាជីវកម្ម​មួយ​ពិត​ប្រាកដ។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវកាល​ទី​២ របស់​ភីអិនអិន នឹង​ត្រូវ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

គណៈកម្មការ​ចំនួន ៥ រូប​ដែល​ជា​អ្នក​ជំនួញ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ នឹង​ដាក់​ពិន្ទុ ហើយ​បោះ​ឆ្នោត​ដល់​បេក្ខជន នៅ​ពេល​ពួកគេ​ធ្វើ​បទ​បង្ហាញ។ សមាសភាព​គណៈកម្មការ​ទាំង​៥​រូប ដែល​នឹង​ចូល​រួម​ដាក់​ពិន្ទុ​ដល់​បេក្ខជន​ក្នុង​កម្មវិធី​មុខរបរ​ខ្ញុំ ក្នុង​សប្តាហ៍​នេះ សុទ្ធ​សឹង​តែ​ជា​អ្នក​ជំនួញ​ធំៗ​មក​ពី​ស្ថាប័ន និង​ក្រុមហ៊ុន​ល្បីៗ៖

១. លោក ឃឹម ប៊ុនឡែន នាយក​គ្រប់គ្រង​ក្រុមហ៊ុន​អង្ករ​កសិករ​ខ្មែរ និង​ជា​អនុ​ប្រធាន​ពាណិជ្ជកម្ម JCI Mekong
២. អ្នកស្រី ប៉ោ ជូ នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Allcon Consulting និង​ជា​ប្រធាន​ផ្នែក​ពាណិជ្ជកម្ម​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​មេគង្គ
៣. លោក ងួន សៅវរី សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​អ្នក​ទីផ្សារ​កម្ពុជា និង​ជា​នាយក​ជាន់​ខ្ពស់​ទីផ្សារ និង​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​អារីហ្សូន
៤. លោក លី ឧត្តម សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អេសភីគ្រុប ផ្នែក​ប្រឹក្សា​អាជីវកម្ម
៥. លោក សាំង តារារស្មី អគ្គនាយក​ក្រុមហ៊ុន​ទស្សនាវដ្ដី​ហេលស៍ថាម (Health Time) ។

 

កាល​ពី​សប្ដាហ៍​មុន កម្មវិធី​បាន​បាត់បង់​បេក្ខជន លី រនី ដែល​ជា​បេក្ខជន​ទី​៦ ត្រូវ​បាន​ជម្រុះ​ចេញ​ពី​កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​ពីរ​នេះ។ សម្រាប់​សប្ដាហ៍​នេះ​វិញ គឺ​មាន​តែ​បេក្ខជន​៤​រូប​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​ធ្វើ​គម្រោង​អាជីវកម្ម។ មនុស្ស​មួយ​ចំនួន​គិត​ថា បេក្ខជន​ដែល​ទំនង​នឹង​អាច​ទទួល​បាន​ពិន្ទុ​តិច​ជាង​គេ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ ហើយ​ត្រូវ​ចាក​ចេញ​ពី​កម្មវិធី​អាច​ជា​បេក្ខជន​ សា សុវណ្ណឌី។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវកាល​ទី​២ របស់​ភីអិនអិន នឹង​ត្រូវ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

«មុខរបរខ្ញុំ» នៅ​រៀង​រាល់​សប្ដាហ៍​នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​​​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​​របស់​បេក្ខជន​​ចូល​រួម​ក្នុង​កម្មវិធី និង​តាម​រយៈ​ការ​វាយ​តម្លៃ និង​ដាក់​ពិន្ទុ​ពី​អ្នក​ជំនាញ រហូត​ដល់​​សប្ដាហ៍​ទី​៩ ទើប​រក​ឃើញ​ជយលាភី។ សប្តាហ៍​ក្រោយ​នេះ គឺ​ជា​សប្ដាហ៍​ចុង​ក្រោយ​នៃ​កម្មវិធី​មុខរបរ​ខ្ញុំ រដូវ​កាល​ទី​ពីរ របស់​ភីអិនអិន។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ដែល​នៅ​សល់​៣ រូប​ចុង​ក្រោយ ធ្វើការ​នៅ​ក្នុង​ភោជនីយដ្ឋាន​ដោយ​ធ្វើ​ជា​ចុង​ភៅ និង​អ្នក​រត់​តុ។ ក្រៅ​ពី​នោះ ពួកគេ​ទាំង​៣​នាក់​ក៏​នឹង​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សាកល​វិទ្យាល័យ​មួយ​ផង​ដែរ​ក្រោម​ប្រធាន​បទ «ហេតុអ្វី​ខ្ញុំ​ជា​បេក្ខជន​ដែល​សក្ដិសម​នឹង​ឈ្នះ​ក្នុង​កម្មវិធី​មុខរបរ​ខ្ញុំ រដូវ​កាល​ទី២ និង​ទទួល​បាន​ប្រាក់ ២០ លាន​រៀល?»។

 

«មុខរបរខ្ញុំ» ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ កម្មវិធី​​​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើ​ការ​ជា​ក្រុម ហើយ​ក៏​នឹង​មាន​ភ្ញៀវកិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូល​រួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំង​អស់​ត្រូវ​​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​រង្វាន់​ទឹក​ប្រាក់​ចំនួន ២០ លាន​រៀល។ សម្រាប់​ព័ត៌មាន​បន្ថែម​ពី​កម្មវិធី «មុខរបរខ្ញុំ» រដូវ​កាល​ទី​ពីរ សូម​ចូល​ផេក​ហ្វេសប៊ុក www.facebook.com/PNNMyPlace ៕

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវកាល​ទី​២ របស់​ភីអិនអិន នឹង​ត្រូវ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវកាល​ទី​២ របស់​ភីអិនអិន នឹង​ត្រូវ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវកាល​ទី​២ របស់​ភីអិនអិន នឹង​ត្រូវ​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៧

 

អត្ថបទ៖ ពាណិជ្ជកម្ម