ដី​ឡូតិ៍​ពុះ​លក់​​ធូរ​ថ្លៃ​ងាយ​ទិញ​ តែ​គ្រោះ​ថ្នាក់​ខ្លាំង​ស្មាន​មិន​ដល់

ការ​ពុះ​ដី​ឡូតិ៍​កំពុង​ពេញ​និយម​ខ្លាំង​ដោយ​សារ​អ្នក​មាន​ប្រាក់​តិច​តួច​ងាយ​ស្រួល​ទិញ​បាន​។ តែ​ចលនា​នេះ​ត្រូវ​​គេ​​ឃើញ​ថា​អាច​ក្លាយ​ជា​ជំងឺ​មហារីក និង​ប្រឈម​ហានិភ័យ​ខ្លាំង​រហូត​ខាត​បាត់​ដី​ទៅ​វិញ​ក៏​ថា​បាន។

 

បញ្ហា​នោះ​គឺ​ប្លង់​រឹង ការ​ប៉ះ​ពាល់​ដល់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ក្រុង និង​ការ​ឆបោក​ពី​ម្ចាស់​ដី​ដែល​ផ្ដល់​ត្រឹម​លិខិត​ទិញ​លក់​ត្រឹម​ខណ្ឌ​ជា​ដើម។​

 

ដី​ឡូតិ៍​ពុះ​លក់​​ធូរ​ថ្លៃ​ងាយ​ទិញ​ តែ​គ្រោះ​ថ្នាក់​ខ្លាំង​ស្មាន​មិន​ដល់

រូបភាព៖ vadodarapropertycentre

 

លោក ចេង ខេង ​អគ្គនាយក​ក្រុមហ៊ុន​ CPL យល់​ថា ​ជា​ធម្មតា​អ្នក​ទិញ​ដី​ឡូតិ៍ គាត់​តែង​​សាង​សង់​នេះ​នោះ​​មិន​ច្បាស់​លាស់​​ ហើយ​មិន​បាន​ទៅ​សុំ​ច្បាប់​ឬ​មាន​ការ​ណែ​នាំ​ពី​អាជ្ញាធរ​នោះ​ទេ ដោយ​​គិត​ថា​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​តូច។ តែ​ពេល​​សាង​សង់​រួច​ ពេល​មាន​ការពង្រីក​ផ្លូវ​ទើប​អាជ្ញាធរ​ចុះ​មក​ណែនាំ​ហើយ​ចាប់​ផ្ដើម​កាត់ចោល​នូវ​ការ​សាង​សង់​ណា​ដែល​ខុស​បច្ចេក​ទេស ដែល​នេះ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាជន។

 
​​​​​​​
ប្រការ​មួយ​​ដែល​កាន់​តែ​ព្រួយ​បារម្ភ គឺ​ប្លង់​រឹង។ ម្ចាស់​ពុះ​ដីឡូតិ៍​មួយ​ចំនួន​យក​ប្លង់​រឹង​ទៅ​បញ្ចាំ​ធនាគារ ហើយ​ចេញ​ត្រឹម​លិខិត​ទិញ​លក់​ត្រឹម​ខណ្ឌ​ដល់​អ្នក​ទិញ ដោយ​សំអាង​ថា​ជា​ការ​លក់​លក្ខណៈ​ទ្រង់​ទ្រាយ​តូច។ ពេល​ម្ចាស់​ដី​រត់​បាត់ នោះ​អ្នកទិញ​ដែល​គ្មាន​ប្លង់​រឹង​នោះ​ត្រូវ​ធនាគារ​រឹបអូស។ ម្ល៉ោះ​ហើយ​វា​អាច​ជា​ជម្លោះ​ប្ដឹង​ផ្ដល់​បាន។

 

ចំពោះ​លោក នួន​ ឬទ្ធី​ អគ្គនាយក​ក្រុម​ហ៊ុន KFA បញ្ចេញ​មតិ​ថា ដី​ឡូតិ៍​ពុះ​ដែល​មិន​គោរព​តាម​បទដ្ឋាន​ គឺ​ពិត​ជា​មាន​បញ្ហា​ចោទ។ បើ​សិន​​ដី​នោះ​នៅ​ក្នុង​ប្លង់​គោល​របស់​សាលា​រាជធានី​ភ្នំពេញ​ ឬ​ក្រសួង​ដែន​ដី ដែល​ចំ​ផ្លូវ​គម្រោង​របស់​រាជរដ្ឋាភិបាល​ឬ​ក្រសួង​រៀប​ចំ​ដែន​ដី ​នោះ​វា​អាច​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​និង​ការ​ខាត​បង់​ដល់​អ្នក​ទិញ។

 

ដោយសារ​តែ​គ្មាន​ការ​សហការ​ល្អ​បែប​នេះ​ហើយ គេ​មើល​ឃើញ​ថា​ការ​សាងសង់​ខុស​បច្ចេក​ទេស​ជា​ច្រើន​បាន​កើត​ឡើង។ នៅ​ពេល​មាន​អគ្គីភ័យ​ ឡាន​ទឹក​ពិបាក​ចូល​ទៅ​ពន្លត់​ និង​ការ​ប៉ះពាល់​សោភណភាព​ក្រុង​ពេល​ចង់​ធ្វើ​គម្រោង​ធំ​ៗ​​ គឺ​ពិបាក​ដោយ​សារ​គម្រោង​ខ្លះ​ប៉ះពាល់​ដល់​ពួក​គាត់​ជា​ដើម។

 

លោក ចេង ខេង បាន​និយាយ​ថា អាជ្ញាធរ​គួរ​តែ​​ផ្សារភ្ជាប់​ជាមួយ​អ្នក​ពុះ​ដី​ឡូតិ៍​លក់ ត្រូវ​មាន​ការ​ណែ​នាំ ប្រាប់​ពី​ការ​សាង​សង់​តាម​បែប​បច្ចេកទេស​ឲ្យ​គាត់​ដឹង​មុន។ ចំណែក​ម្ចាស់ដី​ក៏​ត្រូវ​មាន​ការ​ឆ្លង​ពី​អាជ្ញាធរ​ផង​ដែរ​។
ថ្មីៗ​នេះ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នឹង​ចេញ​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការពុះ​ដី​ឡូតិ៍​លក់​នេះ​ ដែល​អាច​ដំណើរ​ការ​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ៕

 

សូមអាន៖   ច្បាប់​គ្រប់​គ្រង​ពុះ​ដី​ឡូតិ៍​នឹង​កើត​មាន ខណៈ​អ្នក​ជំនាញ​គាំទ្រ​ តែ​ចង់​មាន​សំណូមពរ​ខ្លះ​ៗ

 

អត្ថបទ៖ លឹម សុ​នា