វៀតណាម ចង់​ពឹង​អតីត​ម្ចាស់​អាណានិគម «​បារាំង​» ជួយ​គាំទ្រ​ខ្លួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ និពន្ធដោយ : ថ្មីៗ       August-25-2016, 7:39 pm         873

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វៀតណាម ចង់​ពឹង​អតីត​ម្ចាស់​អាណានិគម «​បារាំង​» ជួយ​គាំទ្រ​ខ្លួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​លោកប្រធានាធិបតីវៀតណាម Tran Dai Quang​ភាព​តានតឹង និង​ការបន្ត​សកម្មភាព​ឥតឈប់ឈរ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាននិងកំពុង​តែ​ដាក់​សម្ពាធ​ខ្លាំង​ដល់​ប្រទេស​ដែលមាន​ជម្លោះ​ជាមួយនឹង​មហា​យក្ស​ចិន​។ សម្រាប់​វៀតណាម​ដែលជា​ដៃគូ​ប្រជែង​មួយ​ដ៏​មាន​សក្តានុពល​នៃ​ជម្លោះ​នេះ បានបង្ហាញ​ពី​ចេតនា​របស់ខ្លួន​ដើម្បី​ពឹង​បារាំង​ដែលជា​អតីត​ម្ចាស់​អាណានិគម និង​ជា​ប្រទេសក្រៅ​តំបន់​ដើម្បី​ជ្រោមជ្រែង និង​ធ្វើ​កិច្ច​អន្តរាគមន៍​ធានា​ឲ្យ​មាន​សេរីភាព​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅថា​«​សមុទ្រ​ខាងកើត​»​នោះឯង​។

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ភា្ន​ក់​ងារ​ព័ត៌មាន AFP មុនពេល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ខែក្រោយ​របស់​ប្រធានាធិបតី​បារាំង​លោក Francois Hollande លោក​ប្រធានាធិបតី​វៀតណាម Tran Dai Quang បានបង្ហាញ​ក្តីសង្ឃឹម​ថា «​បារាំង និង​ប្រទេស​ផ្សេងទៀត នឹង​ជួយ​បន្ធូរបន្ថយ​ភាព​តាន​តឹ​ន​នៅក្នុង​ដែនសមុទ្រ​ខាងកើត​។​» លោក បន្ថែមថា វៀតណាម ពិតជា​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​ពី​បារាំង និង​ប្រទេស​ផ្សេងទៀត ក្នុង​ដំណើរ​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ពិភពលោក និង​ជាពិសេស​នោះ សមុទ្រ​ខាងកើត​តែម្តង​។

​នាឱកាស​នោះដែរ លោក​ប្រធានាធិបតី បានរ​ពឹង​ថា​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង​នា​ខែកញ្ញា​ខាងមុខនេះ នឹង​ជួយ​បង្កើន​ចំណង​យោធា​រវាង​វៀតណាម និង​បារាំង​ដែលជា​អតីត​ម្ចាស់​អាណានិគម​ខ្លួន​។ លោក ក៏​ឆ្លៀត​ទទូច​ឲ្យ​បណ្តា​មិត្ត​អាស៊ាន​ទាំង​ប្រាំបួន​ឲ្យ​មានការ​រួបរួមគ្នា​ដើម្បី​ប្រឆាំងនឹង​សកម្មភាព​យោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។

​តាមពិតទៅ ការសុំ​កិច្ច​អន្តរាគមន៍​របស់​វៀត​ណា​ម​ដោយ​ប្រយោល​ទៅកាន់​បារាំង​នេះ ធ្វើឡើង​ក៏​ដោយសារតែ បារាំង ក៏​ធ្លាប់​បើកភ្លើង​ខៀវ ឬ​បង្ហើប​ពី​ចេតនា​ក្នុងការ​បង្ហាញ​វត្តមាន​របស់ខ្លួន​នៅក្នុង​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ចិន​ខាងត្បូង​។ នាឱកាស​នៃ​វេទិកា​សន្តិសុខ​ដែល​ប្រារព្ធ​ឡើង​នៅ​សិង្ហ​បុរី​នា​ខែមិថុនា​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​បារាំង Jean-Yves Le Drian បាន​លើកឡើងថា លោក នឹង​ស្នើ​ឲ្យ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ប្រតិបត្តិការ​ល្បាត​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។
​ខ្វះ​ការគាំទ្រ​ពី​បណ្តា​មិត្ត​អាស៊ាន វៀតណាម ត្រូវ​ពឹង​អ្នក​ខាងក្រៅ​បន្ថែម​ទប់ទល់​ចិន ?

​សូម​ជម្រាប​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ជា​សមាជិក​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន ជាមួយនឹង​មហា​យក្ស​ចិន​។ ចិន បានទាមទារ​គ្រប់គ្រង​តំបន់​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​ដោយ​យោងតាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ រដ្ឋ​អាស៊ាន​ទាំង​បួន ប្រើប្រាស់​ច្បាប់​អន្តរជាតិ​ដើម្បី​ទាមទារ​លើ​តំបន់​ត្រួតស៊ីគ្នា​នោះ​។ យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុង​វ៉ា​ស៊ិន​តោន​តាមរយៈ​រូបភាព​ផ្កាយរណប ក្រុង​ប៉េកាំង បាន​បន្តសកម្មភាព​វាតទី​ឥតឈប់ឈរ​នៅក្នុង​តំបន់​ជម្លោះ​នោះ ដើម្បី​បន្ត​ចាក់ដី​កែប្រែ​តំបន់​ជម្លោះ​ឲ្យ​ក្លាយជា​កោះ​សិប្បនិម្មិត និង​ថែមទាំង​បំពាក់​សព្វាវុធ​នៅក្នុង​តំបន់​ទាំងនោះ​ទៀតផង​ដែរ​។​

​ជុំវិញ​បញ្ហា​នេះ អាស៊ាន ដែលមាន​សមាជិក​សរុប​ដប់​ប្រទេស មិនមាន​ជំហរ​ខ្លាំងក្លា​មួយ​ដើម្បី​ជួយ​សមាជិក​ខ្លួន​ប្រឆាំង​ចិន​បានឡើយ​។ សូម្បីតែ​សេចក្តីថ្លែងការណ៍​រួម​ថ្កោលទោស​សកម្មភាព​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក៏​អាស៊ាន​មិន​ធ្វើឡើង​បាន​ផងដែរ​នោះ​។ ហើយ​នោះ​ក៏​ព្រោះតែ រដ្ឋ​អាស៊ាន មាន​ជំហរ​ផ្សេងៗ​គ្នា ហើយ​បញ្ហា​នេះ ក៏​មិនមែនជា​បញ្ហា​រវាង​អាស៊ាន និង​ចិន​ដែរ ពោលគឺ វា​គឺជា​បញ្ហា​រវាង​រដ្ឋ​ដែលជា​សមាជិក​អាស៊ាន និង​មហា​យក្ស​ចិន​ប៉ុណ្ណោះ​។

​គួរកត់សម្គាល់​នោះ ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង​បួន​ដែលមាន​ជម្លោះ​ជាមួយនឹង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មានតែ​ហ្វីលីពីន និង​វៀតណាម​នោះទេ ដែលមាន​ជំហរ​ខ្លាំងក្លា​ក្នុងការ​ប្រឆាំង​ចិន​ទាំង​រូបភាព​ការទូត និង​យោធា​។ ក្រៅពី​ការចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សកម្មភាព​បំពាន និង​ការគំរាមកំហែង​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ វៀតណាម ក៏បាន​បន្ត​ការពង្រឹង និង​ពង្រីក​សមត្ថភាព​យោធា​របស់ខ្លួន ដែល​រាប់បញ្ចូល​ទាំង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយនឹង​រដ្ឋ​ខាងក្រៅ​ផងដែរ​។

​កន្លងមក វៀតណាម ទទួល​បានការ​ជ្រៀម​ជ្រែង និង​ការពារ​សន្តិសុខ​ដែនសមុទ្រ​ពី​សម្ព័ន្ធមិត្ត​អាមេរិក និង​ជប៉ុន​។ នោះ​គឺ អាមេរិក បាន​បញ្ជូន​នាវា​ល្បាត ក៏ដូចជា​យន្តហោះ​សង្គ្រាម​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ក្រោមរូបភាព​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​សេរីភាព​នៃ​ការហោះហើរ​ដើម្បី​ចូលរួម​ជាមួយនឹង​សម្ព័ន្ធមិត្ត​ហ្វីលីពីន និង​វៀតណាម​ប្រឆាំងនឹង​ចិន​។ បន្ថែម​ពីនេះ អាមេរិក ក៏មាន​កញ្ចប់​ជំនួយ​សម្រាប់​វៀតណាម​ដើម្បី​បង្កើន​សមត្ថភាព​យោធា និង​សន្តិសុខ និង​សុវត្ថិភាព​ដែនសមុទ្រ​ទៀតផង​។​

​រីឯ​ជប៉ុន​វិញ ដែលមាន​ជម្លោះ​ជាមួយ​ចិន នៅក្នុង​សមុទ្រ​ចិន​ខាងកើត​នោះ និង​ចិន​តែងតែ​ព្រមាន​ម្តង​ហើយ​ម្តង​ទៀតថា​កុំ​លូកដៃ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏បាន​បង្ហាញ​ចេតនា​ខ្លាំង​ប្រឆាំង​ចិន​តាមរយៈ​ជំនួយ​មកកាន់​វៀតណាម​ផងដែរ​។ នា​ដំណើរ​ទស្សនកិច្ច​កាលពី​ខែឧសភា​ក្នុង​ក្រុង​ហាណូយ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Fumio Kishida និង​សម​ភាគី​វៀតណាម លោក Pham Binh Minh បាន​ព្រមព្រៀង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យ​សន្តិសុខ​ដែនសមុទ្រ​។ ពេលនោះ ជប៉ុន ក៏បាន​សន្យា ផ្តល់​នាវា​ល្បាត​ដែល​ប្រើប្រាស់​ហើយ​បន្ថែម​លើ​នាវា​ល្បាត​ដែល​ផ្តល់​កាលពីមុន​៦​គ្រឿង​ទៅ​ឲ្យ​វៀតណាម​ដើម្បី​ប្រើប្រាស់​ក្នុងការ​ពង្រឹងសមត្ថភាព​ការពារ​ដែនសមុទ្រ​រប​ស់​វៀតណាម​ទៀតផង​។

​បើ​បារាំង ពិតជា​នឹង​បង្ហាញ​វត្តមាន​យោធា​របស់ខ្លួន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ជ្រោមជ្រែង​សេរីភាព​ដែនសមុទ្រ​តាម​សំណើ​វៀតណាម នោះ វៀតណាម នឹង​ទទួលបាន​ដៃគូ​កាន់តែច្រើន និង​ខ្លាំង​ដើម្បី​តទល់​ជាមួយនឹង​ចិន​។ វៀតណាម និង​បារាំង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​រួមបញ្ចូល​ទាំង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​នៅ​ឆ្នាំ​២០១៣៕