មេ​ជាង​ចម្លាក់​ម្នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ក្រោយ​ទទួល​សាងសង់​រូប​សំណាក​បណ្ឌិត កែម ឡី

មេ​ជាង​ចម្លាក់​ម្នាក់​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ការងារ បន្ទាប់​ពី​គាត់​សម្រេច​សាងសង់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង។ ការ​បញ្ឈប់​នេះ គឺ​ក្រោម​មូលហេតុ​ថា រូប​សំណាក​លោក កែម ឡី មាន​ភាព​ញុះញង់។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា នេះ​ជា​រឿង​មួយ​មិន​យុត្តិធម៌​សម្រាប់​ភាគី​ខាង​ជាង​ឡើយ។

មេ​ជាង​សំណង់ និង​ចម្លាក់ លោក សៀន កាម៉ង់ដង់ ដែល​ប្រជាជន​ស្គាល់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) ថា​ជា​អ្នក​សាងសង់​រូប​សំណាក​ស្ពាន់​លោក​បណ្ឌិត កែម ឡី ដែល​ផ្ដួចផ្ដើម​គំនិត​ដោយ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ។

ថ្លែង​តាម​ទូរស័ព្ទ​ប្រាប់​អាស៊ីសេរី លោក កាម៉ង់ដង់ បាន​ឲ្យ​ដឹង​ថា ការ​បញ្ឈប់​នេះ​ធ្វើ​ឡើង​ដោយសារ​ថៅកែ​របស់​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា រូប​សំណាក​របស់​លោក​បណ្ឌិត កែម ឡី អាច​ជា​ការ​ញុះញង់​ញ៉ាំង​ឲ្យ​ប្រជាជន​មាន​ការ​បះបោរ​នឹង​រដ្ឋាភិបាល ដែល​ជា​រឿង​មួយ​មិន​ល្អ​សម្រាប់​មុខ​ជំនួញ​របស់​លោក។ ក្រោយ​ពី​ការ​បញ្ឈប់​បាន​ប៉ុន្មាន​ថ្ងៃ ខាង​ថៅកែ​បាន​ទាក់ទង​ហៅ​លោក កាម៉ង់ដង់ ឲ្យ​ទៅ​ធ្វើ​ការ​វិញ ក្រោម​លក្ខខណ្ឌ​មួយ​ថា លោក កាម៉ង់ដង់ ត្រូវ​ធ្វើ​តាម​ការ​កំណត់​របស់​គេ​ឲ្យ​ឈប់​ពាក់ព័ន្ធ​នឹង​រឿង​រូប​សំណាក​លោក​បណ្ឌិត កែម ឡី។

លោក កាម៉ង់ដង់ ថ្លែង​ថា «ដំបូង​គាត់ (ថៅកែ) ដាច់អហង្ការ។ បាន​ន័យ​ថា បញ្ឈប់​យើង​តែ​ម្តង។ ក្រោយ​មក​គាត់​ខល (ទូរស័ព្ទ) មក​សម្រួល​យើង​វិញ ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​វិញ តែ​ហាម​មិន​ឲ្យ​ធ្វើ​រូប​បណ្ឌិត កែម ឡី ត​ទៅ​ទៀត ទោះ​បី​ជា​មាន​សារព័ត៌មាន​ណា​មក​សម្ភាស​ក៏ដោយ ក៏​មិន​ឲ្យ​និយាយ​ដែរ។ មាន​ន័យ​ថា​ឲ្យ​ខ្ញុំ​ផ្តាច់​ខ្លួន មាន​ន័យ​ថា​លោក​បិទ​សិទ្ធិ​ខ្ញុំ។ រឿង​បិទ​សិទ្ធិ​ហ្នឹង​ខ្ញុំ​មិន​ពេញ​ចិត្ត។ ខ្ញុំ​ចង់​បាន​សេរីភាព​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​ជាង ចង់​នរណា​គេ​ឲ្យ​ខ្ញុំ​ធ្វើ​រូប​អ្វី ក៏​ខ្ញុំ​អាច​ធ្វើ​បាន។ គ្មាន​នរណា​មក​ឃាត់​ខ្ញុំ​កើត​ទេ»

បន្ថែម​ពី​លើ​នេះ​ទៀត លោក កាម៉ង់ដង់ ឲ្យ​ដឹង​ថា ជីវភាព​របស់​លោក​នឹង​ត្រូវ​ប៉ះពាល់​ដោយសារ​ការ​បញ្ឈប់​នេះ តែ​លោក​មិន​ព្រួយ​បារម្ភ​ពេក​ទេ៖ «ការងារ​ខ្ញុំ បើ​សិន​គេ​គិត​ថា​ខ្ញុំ​មនុស្ស​អាក្រក់ រូប​បណ្ឌិត​មួយ​ប៉ុណ្ណឹង​គេ​បិទ​សិទ្ធិ (មិន​ឲ្យ​សង់) ហើយ​ឲ្យ​ខ្ញុំ​ក្រ​រហូត ក៏​ខ្ញុំ​មិន​សោកស្ដាយ​ដែរ។ ខ្ញុំ​ទៅ​ធ្វើ​ស្រែ ខ្ញុំ​មាន​ដី​ចម្ការ ផ្ទះ​សម្បែង​ធម្មតា។ រក​ស៊ី​តាម​សម្មាអាជីវោ​យើង​ទៅ»

រូប​សំណាក​ស្ពាន់​លោក​បណ្ឌិត កែម ឡី នេះ​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ ៥.០០០​ដុល្លារ​អាមេរិក​សម្រាប់​ផលិត។ បច្ចុប្បន្ន លោក កាម៉ង់ដង់ បាន​រៀបចំ​ពុម្ព​ចាក់​ស្ពាន់​រួច​រាល់​ជា​ស្ថាពរ​ហើយ តែ​ត្រូវ​នៅ​រង់ចាំ​ប្រាក់​បន្ថែម​ដើម្បី​ទិញ​ស្ពាន់។ លោក​ព្យាករ​ថា ផលិតកម្ម​នឹង​បញ្ចប់​នៅ​អំឡុង​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​សីហា ខាង​មុខ​នេះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ឲ្យ​ដឹង​ថា ការ​សាងសង់​រូប​សំណាក នឹង​មិន​បណ្ដាល​ឲ្យ​មាន​ភាព​ញុះញង់​ដូច​ការ​លើក​ឡើង​នោះ​ទេ ហើយ​ប្រសិន​បើ​ថៅកែ​របស់​លោក កាម៉ង់ដង់ បញ្ឈប់​ការងារ​លោក​ដោយ​ឈរ​លើ​មូលហេតុ​បែប​នេះ វា​ជា​រឿង​មួយ​ដែល​មិន​ត្រឹមត្រូវ​ឡើយ៖ «យើង​ឃើញ​រូប​សំណាក​មួយ​គំនរ​ដែល​គេ​សាងសង់ វា​មិន​មែន​ជា​ការ​ញុះញង់​ទេ វា​ជា​ការ​ផ្តល់​កិត្តិយស​ទៅ​វិញ​ទេ។ ដូចជា​លោក​បណ្ឌិត កែម ឡី គាត់​ជា​មនុស្ស​ដែល​ប្រជាពលរដ្ឋ​គេ​គោរព គេ​ស្រឡាញ់​គាត់​គ្រប់​គ្នា ហើយ​គាត់​ក៏​មិន​ជាប់​នឹង​បក្ស​នយោបាយ​ណា​មួយ​ដែរ។ ប្រជាពលរដ្ឋ​ខ្លះ​ហៅ​គាត់​រហូត​ថា​ជា​វីរបុរស។ អ៊ីចឹង​វា​អត់​មាន​អី​ខុស​ច្បាប់​ទេ​ទាក់ទង​នឹង​ការ​សង់​រូប​សំណាក​របស់​គាត់។ ប្រធាន​របស់​គាត់ (កាម៉ង់ដង់) បើ​គ្រាន់​តែ​គាត់​សាងសង់​ហើយ​ភ័យ​ខ្លាច​ថា​ជា​ការ​ញុះញង់ វា​ជា​ការ​គិត​ខុស​ទៅ​វិញ​ទេ»

រូប​សំណាក​ស្ពាន់​មួយ​ជំហរ​របស់​លោក​បណ្ឌិត កែម ឡី នេះ ជា​ការ​ផ្ដួចផ្ដើម​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​តាម​គម្រោង​នឹង​នាំ​យក​ទៅ​ដាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​បាន​ដាក់​សំណើ​នេះ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ប៉ុន្តែ​មក​ទល់​នឹង​ថ្ងៃ​នេះ មិន​ទាន់​បាន​ទទួល​សេចក្តី​សម្រេច​ណា​មួយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។