អភិបាល​ខេត្ត​ស្វាយរៀង​ថា​គ្មាន​ករណី​វៀតណាម​ជួល​ដី​ខ្មែរ​នោះ​ទេ​ក្រោយ​ក្រុម​ការងារ​ចុះ​ពិនិត្យ

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក្នុង​បំណង​ស្នើសុំ​ចាត់​វិធានការ​បញ្ឈប់​ការ​ជួល​ដី​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​ខេត្ត​ស្វាយរៀង ទៅ​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​ស្រែ។ រីឯ​អភិបាល​ខេត្ត​ស្វាយរៀង ថា​គ្មាន​ករណី​វៀតណាម ជួល​ដី​ខ្មែរ​នោះ​ទេ​ក្រោយ​ឲ្យ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ថ្ងៃ​នេះ។

លិខិត​ដែល​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នោះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា បើ​ទោះ​បី​ជា​សារាចរ​ណែនាំ និង​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាម​មិន​ឲ្យ​ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន​ឲ្យ​ទៅ​ជនជាតិ​វៀតណាម ធ្វើ​ស្រែ​ក្តី តែ​ករណី​នេះ​នៅ​តែ​កើត​មាន​ដដែល។

លិខិត​ដដែល​បង្ហាញ​ថា សកម្មភាព​ជួល​ដី​ទៅ​ឲ្យ​ជនជាតិ​វៀតណាម នោះ គឺ​តាម​រូបភាព​ឲ្យ​ជនជាតិ​ខ្មែរ​ធ្វើ​ជា​តំណាង​ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បិទ​បាំង។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រក​ឃើញ​ថា ទំហំ​ដី​ជួល​ឲ្យ​ជនជាតិ​វៀតណាម នៅ​ឃុំ​ទួលស្ដី និង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង សរុប​ជិត ៤០០​ហិកតារ។ រីឯ​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត វិញ​មាន​ចំនួន ៤០​ហិកតារ។ ករណី​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចាត់​វិធានការ​បញ្ឈប់​ជា​បន្ទាន់ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ សុំ​មិន​ទាន់​ធ្វើ​ការ​បកស្រាយ​នោះ​ទេ ដោយសារ​លោក​ពុំ​ទាន់​ទទួល​បាន​លិខិត​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។

រីឯ​អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល មាន​ប្រសាសន៍​ថា លោក​បាន​ចាត់​ឲ្យ​អភិបាល​រង​ខេត្ត​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​មាន​បញ្ហា​នោះ​ហើយ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ៖ «នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត ចំនួន ៤០​ហិកតារ គឺ​គ្មាន​ការ​ជួល​ដី​ខ្មែរ​ឲ្យ​ទៅ​ជនជាតិ​វៀតណាម ទេ មាន​តែ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​ធម្មតា។ រីឯ​ឃុំ​ចន្ទ្រា ចំនួន​ដី ២០០​ហិកតារ​ក្រោយ​ការ​ពិនិត្យ គឺ​គ្មាន​ការ​ជួល​ដី​ទេ​នៅ​ឆ្នាំ​២០១៦ នេះ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១៥ គឺ​មាន។ ហើយ​នៅ​ឃុំ​ទួលស្ដី នោះ មិន​ទាន់​ដឹង​ទេ ប្រហែល​អភិបាល​រង​ខេត្ត​ស្វាយរៀង គាត់​ដេក​នៅ​ទីនោះ ហើយ​មិន​ទាន់​ទាក់ទង​ព័ត៌មាន​មក»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត នៅ​តែ​លើក​ឡើង​ថា ករណី​វៀតណាម ជួល​ដី​នេះ គឺ​ជា​រឿង​ពិត តែ​បច្ចុប្បន្ន​នេះ វៀតណាម គ្រាន់​តែ​ដូរ​រូបភាព​ការ​ជួល​ដី​ប៉ុណ្ណោះ ដែល​ឲ្យ​ខ្មែរ​ឈរ​ឈ្មោះ​ជា​តំណាង។ ពួក​គាត់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឲ្យ​ពួក​គាត់​អស់​ចិត្ត។

រីឯ​មន្ត្រី​សម្របសម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ក៏​បាន​ស្នើ​ឲ្យ​អភិបាល​ខេត្ត ចាត់​ឲ្យ​ក្រុម​ការងារ​ពិនិត្យ​លើ​លិខិត​ស្នាម​ជួល​ដី​នោះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​បកស្រាយ​ឲ្យ​បាន​ច្បាស់​ថា គ្មាន​ករណី​វៀតណាម ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន៖ «ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​ដោយ​ជាក់លាក់​នោះ គឺ​អង្គការ​សង្គម​ស៊ីវិល​យល់​ថា គួរ​តែ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ជួល​ឲ្យ​បាន​ច្បាស់លាស់ ហើយ​យក​លិខិត​នៃ​ការ​ជួល​អំណះអំណាង​ទាំងអស់​នោះ​មក​ក្រសួង​មហាផ្ទៃ មក​ដើម្បី​ដោះស្រាយ»

មន្ត្រី​អង្គការ​លីកាដូ រូប​នេះ​បន្ថែម​ថា តាម​ការ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាក់ស្តែង​នោះ លោក​សន្និដ្ឋាន​ថា ពលរដ្ឋ​ខ្មែរ​គ្មាន​លទ្ធភាព​ជួល​ដី​ខ្មែរ​គ្នា​ឯង ឬ​ក៏​ធ្វើ​ស្រូវ​ស្រែ​ដោយ​ខ្លួន​ឯង​នោះ​ទេ ព្រោះ​ពួក​គាត់​ខ្វះ​កម្លាំង ខ្វះ​ទឹក ទុន និង​បច្ចេកទេស ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។