មិនធម្មតា! ក្រុមបាល់ទាត់ U-15 កម្ពុជា បំបាក់ម៉ាឡេស៊ី ២៧-០ នៅចិន ខណៈណាហ្គាវើលបានធ្លាក់ នៅទឹកដីម៉ុងហ្គោលី

ក្រុមណាហ្គាវើល មិនអាចស្រោចស្រង់ឱកាសដែលសេសសល់របស់ខ្លួន ដើម្បីឆ្លងទៅវគ្គបន្តនៃពានរង្វាន់ AFC Cup 2017 បាននោះទេ ខណៈពួកគេបានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះម៉ុងហ្គោលី កាលពីម្សិលមិញ ប៉ុន្តែក្រុមយុវជនអាយុក្រុម១៥ឆ្នាំរបស់កម្ពុជា កំពុងបង្ហាញភាពខ្លាំង នៅក្នុងការប្រកួតពានមួយនៅប្រទេសចិន។

U15

សម្រាប់ការប្រកួត នៅទីលាន MFF Football Centre នាទីក្រុម Ulaanbaatar ប្រទេសម៉ុងហ្គោលី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនោះ ក្រុមតំណាងឲ្យកម្ពុជា ណាហ្គាវើល មិនត្រឹមតែត្រូវការឈ្នះជាចាំបាច់លើក្រុមម្ចាស់ផ្ទះ Erchim ប៉ុណ្ណោះទេ តែត្រូវឈ្នះជាមួយគ្រាប់បាល់ត្រឹម៣គ្រាប់ឡើង ទើបអាចដណ្តើមយកលេខ១ប្រចាំពូលB ពីក្រុម Three Star របស់នេប៉ាល់ ឡើងទៅវគ្គបន្តបាន។

U1503

ប៉ុន្តែក្រុមណាហ្គាវើល ដែលមានបញ្ហាលើរបួសកីឡាករមួយចំនួននោះ មិនត្រឹមតែមិនអាចយកឈ្នះក្រុម Erchim ដែលធ្លាប់ចាញ់ក្រុម Three Star ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាញ់ក្រុមនេះ ១-០ ដែលគ្រាប់បាល់នេះរកបាននៅចុងតង់ទី២។ លទ្ធផលនេះបានជួយឲ្យក្រុម Three Star ដែលមាន៤ពិន្ទុជាមួយការឈ្នះ១ និងស្មើ ១-១ ជាមួយក្រុមណាហ្គាវើលនោះ ត្រូវឡើងទៅវគ្គបន្តតំណាងឲ្យពូលBនេះ។

U15 02

ប៉ុន្តែក្រុម Erchim ដែលមាន៣ពិន្ទុ និងក្រុមណាហ្គាវើល ដែលមាន១ពិន្ទុ បានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា ព្រោះការប្រកួតវគ្គជម្រុះជាបឋម ដែលមាន៩ក្រុម ហើយចែកជា៣ពូលនេះ គឺគេតម្រូវយកក្រុមទទួលបានចំណាត់ថ្នាក់លេខ១នៃពូលនីមួយៗ ឡើងទៅវគ្គបន្ត ឯក្រុមលេខ២ និងក្រុមលេខ៣ធ្លាក់ដូចគ្នា។

ផ្ទុយពីនេះ ក្រុម15កម្ពុជា ដែលកំពុងប្រកួតក្នុងពានរង្វាន់ «The Belt and Road Initiative» U15 Boys Football Tournament នៅលើទឹកដីចិននោះ បានបន្តលត់ក្រុម Cempaka International School របស់ម៉ាឡេស៊ី ក្នុងលទ្ធផល ២៧-០ កាលពីម្សិលមិញនោះដែរគឺបន្ថែមទៅលើការឈ្នះក្រុមម្ចាស់ផ្ទះ China Jianyin Chool U15 ក្នុងលទ្ធផល ៣-០ ហើយក្រុម U15កម្ពុជា នឹងបន្តការប្រកួតពានមួយនេះរហូតដល់ថ្ងៃទី២៩ ខែសីហា ទើបត្រឡប់មកកម្ពុជាវិញ៕

U15-cover

U1504

The post មិនធម្មតា! ក្រុមបាល់ទាត់ U-15 កម្ពុជា បំបាក់ម៉ាឡេស៊ី ២៧-០ នៅចិន ខណៈណាហ្គាវើលបានធ្លាក់ នៅទឹកដីម៉ុងហ្គោលី appeared first on CamboSport.