ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ម្នាក់​រង​របួស​ ព្រោះ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចេញពី​ហាង​ស៊ីផឹក​

​សេចក្តីរាយការណ៍​ពី​ខេត្តបន្ទាយមានជ័យ​ បាន​ឲ្យ​ដឹង​ថា​ ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ម្នាក់​ បាន​ទទួល​រង​របួសធ្ងន់​នៅ​ត្រង់​ក្បាល​ និង​ទ្រូង​ ដោយសារ​ជួបនឹង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ចេញពី​ហាង​ស៊ីផឹក​មួយ​កន្លែង​ ទៅ​បុក​ខឿន​រង្វង់​មូល​មុខ​សាលាខេត្ត​ និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ឋិត​ក្នុងភូមិ​គោរ​ដ្ឋា​ន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ កាលពី​វេលា​ម៉ោង​ប្រមាណ​២៣​និង​២០​នាទី​ រាត្រី​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​សិរី​សោភ័ណ​ ខណៈ​រថយន្ត​បង្ក​បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​ ។​

ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ម្នាក់​រង​របួស​ ព្រោះ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចេញពី​ហាង​ស៊ីផឹក​

​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដែល​រង​របួស​ព្រោះ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹង​ថា​ គឺ​លោក​ ជួន​ វណ្ណៈ​ ។​

​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​១​គ្រឿង​ម៉ាក​ Lexus​ LX330​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2-0089​ បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​នោះ​ជ្រុល​ចង្កូត​ទៅ​បុក​ខឿន​រង្វង់​មូល​មុខ​សាលាខេត្ត​ និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ពេញទំហឹង​ លាន់​សូរដូច​រន្ទះ​ ធ្វើ​ឲ្យ​ផ្ទុះ​ពោង​រថយន្ត​ខ្ទេច​ខូចខាត​ផ្នែក​ខាង​មុខ​ និង​អ្នកបើកបរ​រង​របួសធ្ងន់​ត្រង់​ក្បាល​ និង​ទ្រូង​ ទើប​ដឹង​ថា​ ជា​ចៅក្រម​ម្នាក់​បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ។​

ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ម្នាក់​រង​របួស​ ព្រោះ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ចេញពី​ហាង​ស៊ីផឹក​

​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ បាន​ឲ្យ​ដឹង​ថា​ លោក​ចៅក្រម​ ជួន​ វណ្ណៈ​ បន្ទាប់​ពី​បាន​ចូល​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ក្នុង​ក្រុង​សិរី​សោភ័ណ​រួច​មក​ ក៏​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​ កាលពី​រាត្រី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ពីព្រោះ​ទំហំ​នៃ​ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពេក​ ។​

​លោក​ ជួន​ វណ្ណៈ​ អាយុ​៣៤​ឆ្នាំ​ ជា​សិស្ស​ចៅក្រម​ជំនាន់​ទី​២​ សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ​ ត្រូវ​បាន​ចាត់​ឲ្យ​ទៅ​បម្រើ​ការងារ​ជា​ចៅក្រម​កម្មសិក្សា​នៅ​សាលាដំបូង​ខេត្តកំពត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧០៨/៧៥៩​ ចុះ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០០៨​ និង​ត្រូវ​បាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកំពត​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២១០/១២៧​ ចុះ​ថ្ងៃ​ទី​០៤​ ខែកុម្ភៈ​ ឆ្នាំ​២០១០​ ។​ ក្រោយមក​ទៀត​ លោក​ចៅក្រម​រូប​នេះ​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៤/៤៤៨​ ចុះ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០១៤​ ទល់​បច្ចុប្បន្ន​ ៕​

Related