លោកខាងលិច​ប្រើ​«​សង្គ្រាម​ប្រព័ន្ធ​ឃោសនា​» ប្រឆាំង​រដ្ឋាភិបាល​អាសាដ​កាន់តែខ្លាំង​? និពន្ធដោយ : សៅ ផលនិស្ស័យ       August-25-2016, 8:59 pm         67

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោកខាងលិច​ប្រើ​«​សង្គ្រាម​ប្រព័ន្ធ​ឃោសនា​» ប្រឆាំង​រដ្ឋាភិបាល​អាសាដ​កាន់តែខ្លាំង​?​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​បង្ហាញថា រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​ទទួលខុសត្រូវ​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​ចំនួន ២ លើក​រាប់​ចាប់ពី​ឆ្នាំ ២០១៣ មក​ថ្វីបើ​របប​នេះ​សន្យា​ផ្ទេរ​អាវុធ​គីមី​ឲ្យ​អង្គការ​ស​ប្រជាជាតិ​ក៏ដោយ​។  តំណាង​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ ក៏​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចាត់វិធានការ​ប្រឆាំងរ​ដ្ឋា​ភិ​បាល បា​សា អាល់​អាសាដ​ថែមទៀត​។
យ៉ាងណា​ក៏ដោយចុះ ការបញ្ចេញ​របាយការណ៍​រឿង​ប្រើ​អាវុធ​គីមី​ដោយ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស កើតឡើង​មិន​ដល់ ១​សប្តាហ៍​ឡើយ ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​ចែកចាយ​រូបភាព​ក្មេង​ជនជាតិ​ស៊ី​រី​ដែល​រងរបួស​ដោយសារ​ការទម្លាក់​គ្រាប់បែក​នៅ Aleppo​។ មានការ​ចោទប្រកាន់ថា អាមេរិក​និង​សម្ព័ន្ធមិត្ត​កំពុង​សហការគ្នា​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​លាប​ពណ៌​រដ្ឋាភិបាល​ស៊ី​រី និង​ដាក់​សម្ពាធ​លើ​រុស្ស៊ី និង​ស៊ី​រី​ឲ្យ​ឈប់​វាយប្រហារ​រំដោះ​ទីក្រុង Aleppo ដែល​ក្រុម​ឧទ្ទាម​ស៊ី​រី​កំពុង​កាន់កាប់​នោះ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ឆ្នាំ ២០១៣ រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស របស់លោក បា​សា អាល់​អាសាដ ឯកភាព​លះបង់​ចោល​អាវុធ​គីមី​ទាំងអស់ ជា​ថ្នូរ​ជាមួយនឹង​ការមិន​ឲ្យ​អាមេរិក​អន្តរាគមន៍​យោធា​ចូល​ផ្តួល​រលំ​រដ្ឋាភិបាល​លោក​។ ជារួម រដ្ឋាភិបាល​ស៊ី​រី​សុខចិត្ត​ផ្ទេរ​អាវុធ​គីមី​ឲ្យ​សហគមន៍​អន្តរជាតិ ដោយសារ​មានការ​គំរាម​ប្រើប្រាស់​កម្លាំង​ពី​សំណាក់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ក្រោយពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​គូសបន្ទាត់​ក្រហម​ឲ្យ​លោក​អាសាដ ដើរ​នៅ​ឆ្នាំ ២០១២ ។ ក្រៅពី​លះបង់​អាវុធ​គីមី រដ្ឋាភិបាល​ស៊ី​រី ក៏​សុខចិត្ត​ចូលរួម​ក្នុង​អនុសន្ធិ​សញ្ញា​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី​ថែម​ទៀតផង​។​

​ទោះជា​យ៉ាងណាក្តី យោងតាម​សារព័ត៌មាន Foreign Policy  របាយការណ៍​ថ្មី​មួយ​ដែល​ចងក្រង​ឡើយ​ដោយ​ភ្នាក់ងារ​ស៊ើបអង្កេត​រួម​របស់​អង្គការ​ហាមឃាត់​ការប្រើប្រាស់​អាវុធ​គីមី​របស់​អង្គការសហប្រជាជាតិ​ដែលមាន​កម្រាស់​៧៥​ទំព័រ បាន​បង្ហាញថា ចាប់ពី​ឆ្នាំ ២០១៣ រដ្ឋាភិបាល​លោក អាសា បាន​ប្រើប្រាស់​អាវុធ​គីមី ពីរ​ករណី​ឯណោះ​។ នេះ​បានន័យថា រដ្ឋាភិបាល​ស៊ី​រី មិនបាន​ផ្ទេរ​អាវុធ​គីមី​ដែល​ខ្លួន​មាន​ទៅ​ឲ្យ​សហគមន៍​អន្តរជាតិ​ដើម្បី​កម្ទេចចោល​ទាំងអស់​ទេ​។ របាយការណ៍​ដដែល ក៏​ដាក់បន្ទុក​លើ​កងទ័ព​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) ផងដែរ ដែល​បាន​ប្រើប្រាស់​អាវុធ​គីមី​នេះ​។​

១.​អាមេរិក​ស្នើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​លើ​របប​ដឹកនាំ​ស៊ី​រី​
​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​នេះដែរ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជា​តិ លោកស្រី Samantha Power បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​អ្នកទទួលខុសត្រូវ​អាវុធ​គីមី​ក្នុង​សង្គ្រាម​ស៊ី​រី និង​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​រួមគ្នា​ដាក់ទណ្ឌកម្ម​អ្នក​ទាំងនោះ​ផង​។

​យោងតាម​សារព័ត៌មាន​អាមេរិក Politico លោកស្រី​បាន​សង្កត់ធ្ងន់ថា​៖«​វា​ជា​រឿង​សំខាន់​ដែល​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ដាក់ទណ្ឌកម្ម​អ្នក​ដែល​ប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី​។ វា​ជា​រឿង​សំខាន់​ដែល​រាល់​រដ្ឋ​និង​ភាគី​មិនមែន​រដ្ឋ​ទាំងអស់​បញ្ឈប់​រាល់​ការប្រើប្រាស់​អាវុធ​គីមី​។ យើង​ទទូច​សុំ​ឲ្យ​បណ្តា​រដ្ឋ​ទាំងអស់​គាំទ្រ​ឲ្យ​ពេញទំហឹង​ចំពោះ​សកម្មភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ​»​។​

​រឿង​របាយការណ៍​នេះ ក៏​ធ្វើ​ឲ្យ​មាន​ការជជែក​ដេញដោល​គ្នា​ខ្លាំង​ដែរ ក្នុងចំណោម​អ្នកនយោបាយ​អាមេរិក​។ បណ្តា​សមាជិក​គណបក្ស​សាធារណរដ្ឋ​បាន​រិះគន់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​មិន​ព្រម​អន្តរាគមន៍​នៅ​ស៊ី​រី​ក្នុង​ឆ្នាំ ២០១២ ឬ​២០១៣ តែ​ឯកភាព​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ស៊ី​រី​ទៅវិញ​។  ដូច្នេះ​គេ​មិនទាន់​ដឹង​ច្បាស់​ថា ក្រុង​វ៉ាស៊ីនតោន ក៏ដូចជា​ក្រុមប្រឹក្សាសន្តិសុខ​នឹងមាន​ចំណាត់ការ បែបណា​ចំពោះ​រដ្ឋាភិបាល​អាសាដ ឆ្លើយតប​តាម​ការចោទប្រកាន់​នេះឡើយ​។  ប៉ុន្តែ​របាយការណ៍​ហាក់បីដូចជា​ការដាក់បន្ទុក​បន្ថែម​លើ​រដ្ឋាភិបាល អាសាដ ក្នុងការ​បន្ត​វាយ​ដណ្តើមយក​ទឹកដី Aleppo ក្រោម​ការជួយជ្រោមជ្រែង​ពី​រុស្ស៊ី​នោះ​។ ហើយ​រុស្ស៊ី​ក៏​មិន​បណ្តែត​បណ្តា​យ​ឲ្យ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ធ្វើ​អ្វី​តាមចិត្ត​ដែរ​។​

២.​សង្គ្រាម​ប្រព័ន្ធ​ឃោសនា​លាប​ពណ៌​រដ្ឋាភិបាល​លោក អាសាដ​
​ដោយឡែក ការបញ្ចេញ​របាយការណ៍​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស ត្រូវបាន​គេ​មើលឃើញថា​ជា​សង្គ្រាម​ប្រព័ន្ធ​ឃោសនា ដែល​រៀបចំឡើង​ដោយ​លោកខាងលិច ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នេះ​កាន់​តែមាន​ភាពអវិជ្ជមាន​ខ្លាំង​។ គោលដៅ​ធំ​បំផុត​គឺ​បង្ខំ​ឲ្យ​អាសាដ ចុះ​ចេញពី​តំណែង​នោះឯង​។​

​វា​ជា​រឿង​ចម្លែក​ដែល​ការបញ្ចេញ​របាយការណ៍​ដាក់បន្ទុក​លើ​រដ្ឋាភិបាល​ស៊ី​រី​កើតឡើង​ក្នុង​ពេលនេះ​។ រឿង​ស្រដៀង​គ្នា​ដែរ គឺ​សប្តាហ៍​មុន គេ​ឃើញ​មានការ​បញ្ចេញ​រូបភាព​ក្មេង​ជនជាតិ​ស៊ី​រី​ម្នាក់ Omran Daqneesh ដែល​រូបរាង​ដិតដាម​ដោយ​ឈាម ដែល​ត្រូវបាន​គេ​អះអាងថា​ជា​ជនរងគ្រោះ​ដោយសារ​ការទម្លាក់​គ្រាប់​របស់​រដ្ឋាភិបាល​ស៊ី​រី​និង​រុស្ស៊ី​។   ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក សារព័ត៌មាន​ចិន និង​អ្នកវិភាគ​មួយចំនួន​ចេញមុខ​អះអាងថា លោកខាងលិច​កំពុងតែ​ធ្វើសង្គ្រាម​ប្រព័ន្ធ​ឃោសនា​ដើម្បី​ដាក់​គំនៀប​លើ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​និង​ក្រុង​ម៉ូស្គូ ឲ្យ​ពួកគេ​លះបង់​ការបន្ត​វាយប្រហារ​ក្រុង Aleppo ដែលជា​តំបន់​ក្រុម​ឧទ្ទាម​ស្ថិតនៅ​នោះ​។

​យោងតាម​សារព័ត៌មាន  Independent ទូរទស្សន៍​រដ្ឋ​ចិន CCTV បានផ្តល់​យោបល់​ថា រូបភាព​ក្មេងប្រុស​ស៊ី​រី​ដែល​របួស​ដែល​ធ្វើ​ឲ្យ​ពិភពលោក​តក់ស្លុត​និង​សោកសង្រេង​នោះ​អាចជា​ផ្នែក​មួយ​នៃ​សង្គ្រាម ប្រព័ន្ធ​ឃោសនា​។ ហើយ​វា​ត្រូវបាន​បង្កើតឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​លោកខាងលិច​អន្តរាគមន៍​កាន់តែ​ជ្រៅ​ក្នុង​សង្គ្រាមស៊ីវិល​នេះ​។​

​ក្រោយ​មានការ​ផ្សព្វផ្សាយ​រូបភាព​ពាសពេញ​ពិភពលោក របប​ដឹកនាំ​ស៊ី​រី​បាន​បដិសេធ​ការទទួលខុសត្រូវ​ក្នុងការ​វាយប្រហារ​ផ្លូវអាកាស​ដែល​ធ្វើ​ឲ្យ​ក្មេង​ខាងលើ​របួស និង​បានសម្លាប់​មនុស្ស ៩​នាក់​ផ្សេងទៀត​រួមទាំង​បងប្រុស​របស់ Omran Daqneesh​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ឧបការី​រដ្ឋមន្ត្រី​រតនា​គារ​អាមេរិក​ទទួលបន្ទុក​គោលនយោបាយ​សេដ្ឋកិច្ច​លោក​បណ្ឌិត Paul Craig Roberts បានផ្តល់​យោបល់​ក្នុង​អត្ថបទ​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​សកល (Global Research Center) ថា វា​ជាការ​ធ្វើសង្គ្រាម​«​មនុស្សធម៌​»​របស់​ក្រុង​វ៉ាស៊ីនតោន​។​

​លោក​បាន​ពន្យល់ថា ៖« ក្រុង​វ៉ាស៊ីនតោន​ចង់​ឲ្យ​ក្រុម​ឧទ្ទាម​បន្តកាន់កាប់​ក្រុង Aleppo ។ ដូច្នេះ​អាមេរិក​អាច​នឹង​បន្ត​បែងចែក​ស៊ី​រី​ជា​ពីរ ហើយ​វា​នឹង​អាចដាក់​សម្ពាធ​ជា​អចិន្ត្រៃយ៍​លើ​ប្រធានាធិបតី​អាសាដ​»​។​

​បើតាម​ការពន្យល់​ក្នុង អត្ថបទ  រូបភាព​ក្មេង​នេះ​ស៊ី​រី Omran Daqneesh  ជា​រូបភាព​ឃោសនា​ដែល​ទាញ​សាធារណជន​ឲ្យ​ផ្តោត​ការចាប់អារម្មណ៍​ខ្លាំង​លើ​សង្គ្រាម​នៅ​ស៊ី​រី​ប៉ុណ្ណោះ​។   លោក​គូសបញ្ជាក់ថា ចុះ​ម៉េច​គេ​មិន​ខ្វល់ខ្វាយ និង​យកចិត្តទុកដាក់​ពី​សង្គ្រាម​និង​ការទម្លាក់​គ្រាប់បែក​ដែល​ក្រុង​វ៉ាស៊ីនតោន​ចាប់ផ្តើម​នៅ ប្រទេស​ឥស្លាម​ចំនួន ៧ ទូទាំង​ពិភពលោក​។ ជាក់ស្តែង យោងតាម​របាយការណ៍​អង្គការសហប្រជាជាតិ ក្មេងៗ​តូច​ប្រហែល ៥​សែន​នាក់​ស្លាប់ គ្រាន់តែ​ក្នុង​សង្គ្រាម​អាមេរិក​នៅ​អ៊ីរ៉ាក់ កន្លងមក​នោះ​។​

​បន្ថែម​ពីនេះ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គេ​សង្កេតឃើញ​មានការ​បញ្ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​របស់​បណ្តា​ក្រុម​អង្គការ​ស​ង្គ​ស៊ីវិល​និង​ស្ថាប័ន​សិទ្ធិមនុស្ស​ពាក់ព័ន្ធ​អន្តរាគមន៍​របស់រប​ស់​រុស្ស៊ី​នៅ​ស៊ី​រី​។ របាយការណ៍​មួយ​ដែល​ចុះផ្សាយ​ដោយ​បណ្តាញ​ក្រុម​សិទ្ធិមនុស្ស​ស៊ី​រី (Syrian Network of Human Rights) វាយតម្លៃថា ការវាយប្រហារ​របស់​រុស្ស៊ី​តាមផ្លូវ​អាកាស​សម្លាប់​ជន​ស៊ីវិល ច្រើនជាង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទៅទៀត​ពោលគឺ​វា​សម្លាប់​មនុស្ស ២៧០០ នាក់ ខណៈ​ក្រុម​ដែ​ស្ហ​សម្លាប់​មនុស្ស ២៦៨៦ នាក់​៕