សិស្សនៅស្រុកកោះញែក ជិះក្បូនទៅរៀនដង្ហោយរកជំនួយស្ពាន

6 Videos


សិស្សសាលាជាច្រើននាក់ នៅភូមិដាច់ស្រយ៉ាលមួយ ស្ថិតក្នុងឃុំសុខសាន ស្រុក កោះញែក ខេត្តមណ្ឌលគិរី កំពុងដង្ហោយហៅសុំឲ្យអាជ្ញាធរស្រុក ខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយដោះស្រាយ ធ្វើស្ពានឆ្លងកាត់អូរច្បារផង ដោយសារ នៅទីនោះ ពេលទឹក អូរឡើងខ្លាំង ពួកគេត្រូវជិះក្បូនទៅសាលារៀន ។

ជារៀងរាល់ឆ្នាំពេលរដូវវស្សាមកដល់ ទឹកអូរច្បារ ឡើងខ្លាំងមិនអាចធ្វើដំណើរឆ្លងកាត់ បាន ដោយពួកគេត្រូវជិះក្បូនឬស្សីមួយផ្ទាំង ជាយានចម្លងសម្រាប់នាំពួកគេទៅសាលារៀន ។ កន្លងមកប្រជាពលរដ្ឋនៅមូលដ្ឋាន បានធ្វើការរិះគន់ធ្ងន់ៗ ដល់អាជ្ញាធរស្រុកកោះញែក ថា គ្មានចេតនាក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋ ធ្វើចរាចរណ៍ ជាពិសេសក្មេងៗ សិស្សសាលាពិបាកក្នុងការធ្វើដំណើរទៅសាលារៀនតែម្តង ។

លោក សៀត គឹមសាន នាយកសាលាកែរពៅ បានលើកឡើងថា វាជារឿងពិតណាស់ នៅពេលរដូវវស្សាចូលមកដល់ ក្មេងៗសិស្សសាលាជិត១០០នាក់ នៅក្នុង ភូមិជីក្លប់ ក្រុមកែ រពៅ ក្រុមកណ្តាល ក្រុមទួលខ្លុង និងក្រុមក្តីសង្ឃឹមថ្មី ពួកគេតែងតែធ្វើដំណើរមកសាលារៀន ដោយជិះក្បូនជារៀងរាល់ឆ្នាំនៅរដូវវស្សា មិនមែនតែក្មេងៗសិស្សសាលាប៉ុណ្ណោះទេ ។ សូម្បីតែលោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរទូទៅ ក៏ធ្វើដំណើរឆ្លងកាត់ទីនោះមិនបានដែរ ព្រោះគ្មានស្ពានឆ្លងឡើយ គឺត្រូវតែជិះក្បូន ។ ជាងនេះទៅទៀត បញ្ហាប្រឈមខ្លាំង គឺនៅពេលមានអ្នកជម្ងឺឈឺថ្កាត់ម្តងៗ ពិបាកជួយនាំយកទៅព្យាបាលនៅមន្ទីរពេទ្យណាស់ ដោយសារតែគ្មានស្ពានសម្រាប់ឆ្លង រីឯក្មេងៗសិស្សសាលាវិញ ក៏មានបញ្ហាច្រើនដែរ ពោល គឺនៅពេលទឹកជំនន់ឡើងខ្លាំង ពួកគាត់មិនបានធ្វើដំណើរមកសាលាបានដែរ ដូច្នេះបញ្ហាទាំងអស់នេះ អាចធ្វើអោយមានអត្រានៃការបោះបង់ចោលសាលានិងអត្រាត្រួតថ្នាក់មានកំរិតមួយខ្ពស់ផងដែរ ។

លោកគ្រូ អ្នកគ្រូ នាយកសាលា ព្រមទាំងសិស្សានុសិស្ស បានធ្វើការសំណូមពរស្នើរឱ្យអាជ្ញាធរស្រុក-ខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ មេត្តាជួយរកដំណោះស្រាយជាបន្ទាន់ ពីបញ្ហាប្រឈមទាំងនេះផងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ ដែលជាតម្រូវការដ៏ចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងក្មេងៗសិស្សានុសិស្ស ឲ្យបានធ្វើដំណើរមកកាន់សាលារៀន ឲ្យទាន់ពេលវេលាផង ។

លោក មើល សឿន អភិបាលស្រុកកោះញែកបានទទួលស្គាល់ថា ក្មេងៗសិស្សានុ សិស្សទាំងនោះ នៅពេលរដូវវស្សាពេលជំនន់ទឹកភ្លៀងឡើង ពេញអូរច្បារនេះ ពួកគេពិតជាបានជិះក្បូន មកសាលារៀនមែន ដោយសារគ្មានស្ពានឆ្លង ហើយបញ្ហានេះស្រុកកំពុងគិតគូរ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា បញ្ហាក្មេងៗសិស្សសាលាធ្វើដំណើរមកកាន់សាលា ដោយជិះក្បូន នេះលោកកំពុងចាត់ចែងឲ្យខាងមន្ទីរអភិវឌ្ឍន៍ និង ជនបទខេត្ត ដោះស្រាយបញ្ហានេះហើយ៕                                                                                              សុថាត់