“ស្រទន់​មន្ត​ស្នេហ៍” នៅ​បន្ត​ទទួល​ពាក្យ​បេក្ខជន​ដល់​ខែ​ក្រោយ

បន្ទាប់ពី​មាន​ការ​ទទូច​សុំ​របស់​យុវវ័យ​ដែល​ចង់​ចូលរួម​សម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍”  ពេល​នេះ Studio4  បាន​សម្រេចចិត្ត​នៅ​បន្ត​​ទទួល​ពាក្យ​បេក្ខជន​ដែល​មាន​សមត្ថភាព ​មក​សាកល្បង​បន្ត​ទៀតរហូត​ដល់​ខែ​ក្រោយ។

 

“ស្រទន់​មន្ត​ស្នេហ៍” នៅ​បន្ត​ទទួល​ពាក្យ​បេក្ខជន​ដល់​ខែ​ក្រោយ

 

លោក ឈិន សុធា បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មាន​ការ​ប្រកាស​ឲ្យ​ចូល​រួមសម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” កាលពី​ខែ​មុន​រួចមក មាន​បេក្ខជន​ ក៏​ដូចជា​តារា​បាន​ចូលរួម​មក​សាកល្បង​ច្រើន។ មិន​តែ​ប៉ុណ្ណោះ​បេក្ខជន​មួយ​ចំនួន​ដែល​ខកខាន​មិន​បាន​មក​ធ្វើ​តេស្ត​ បាន​សុំ​ឲ្យ​ខាង​លោក​នៅ​ទទួល​ពួក​គាត់​បន្ថែម​ផង។ “ព្រោះ​តែ​មាន​ការ​ទទូច​សុំ​ពី​សំណាក់​បេក្ខជន​ជាច្រើន​បែប​នោះ​ហើយ ទើប​ខាង​ខ្ញុំ​នៅ​បន្ត​ទទួល​ពាក្យ​អ្នក​ដែល​ចង់ Casting បន្ថែម”។

 

សុធា បាន​បន្ត​ថា ​កាល​ជ្រើសរើស​បេក្ខជន​ថ្មី​ៗ​ឲ្យ​មក​សាកល្បង​សមត្ថភាព​ បាន​ចូលរួម​ចំណែក​បណ្ដុះបណ្ដាល​ឲ្យ​អ្នក​មាន​ទេពកោសល្យ​បាន​ចេញ​មុខមាត់​តាម​រយៈ​ភាពយន្ត​ភាគ​ថ្មី​នេះ ក៏​ដូចជា​រឿង​ក្រោយ​ៗ​ទៀត​ដែរ។ បុរស​វ័យ ២៨ ឆ្នាំ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​ បេក្ខជន​ដែល​បាន​មក​តេស្ត​រឿង “ស្រទន់​មន្តស្នេហ៍” ក្រុម​ការងារ​លោក​យល់​ឃើញ​ថា​ អ្នក​ទាំង​នោះ​ភាគច្រើន​មាន​សមត្ថភាព​អាច​សម្ដែង​បាន​បើ​ទោះ​ជា​មិន​ធ្លាប់​មាន​បទពិសោធន៍​ពី​មុន​មកក៏​ដោយ។

 

“ស្រទន់​មន្ត​ស្នេហ៍” នៅ​បន្ត​ទទួល​ពាក្យ​បេក្ខជន​ដល់​ខែ​ក្រោយ

 

“សុំ​ឲ្យ​អ្នក​ដែល​ចង់​សម្ដែង​​ក្នុង​រឿង​ថ្មី​នេះ​ មក​ដាក់​ពាក្យ​បន្ថែម​ទៀត​ ព្រោះ “ស្រទន់​មន្ត​ស្នេហ៍” ត្រូវ​ការ​តួអង្គ​ថ្មី​ៗ​បើ​ទោះ​ធ្លាប់​មាន​បទពិសោធន៍​ក៏​ដោយ​ចុះ ព្រោះ​ទាំង​តួឯក និង​តួ​ដទៃ​ទៀត ​យើង​មិន​ទាន់​សម្រេច​ជ្រើសរើស​​បាន​នរណា​ឡើយ។ ដោយសារ​តែ​យើង​​រង់ចាំ​ចម្រាញ់​អ្នក​ដែល​មាន​សមត្ថភាព​ខ្ពស់ នឹង​យល់​ពី​​អត្តចរិក​តួ​ឲ្យ​បាន​ពិត​ប្រាកដ​​សិន”៕

 

អ្នក​គាំទ្រ​​ប្រលោមលោក Sabay ដែល​គិត​ថា​ខ្លួន​ឯង​មាន​សមត្ថភាព​អាច​មក​តេស្ត​បាន​ណា!

 

ចុច​មើល​លក្ខខ័ណ្ឌធ្វើ​យ៉ាង​ណា ដើម្បី​​ក្លាយ​ជា​តួឯកវីដេអូ “ស្រទន់​មន្ត​ស្នេហ៍”?

 

អត្ថបទ៖ទ្រី រ៉ាវី