ឥទ្ធិពលរបស់ចិនក្នុងជម្លោះជនជាតិភាគតិច និងការកសាងសន្តិភាពនៅភូមា

កាលពីថ្ងៃទី១៧ សីហា លោកស្រីអ៊ុងសាន សូជី បានអញ្ជើញទៅធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃនៅក្នុងប្រទេសចិន។ នេះគឺជាដំណើរទស្សនៈកិច្ចក្រៅប្រទេសជាលើកទីមួយ ក្រោយពេលដែលគណបក្សរបស់លោកស្រី បានឡើងកាន់អំណាចនៅភូមា។ លោកស្រី បានជ្រើសរើសយកប្រទេសចិន ដែលជាមហាអំណាចតំបន់ឥតប្រកែកបាន។ កម្មវត្ថុចំបង របស់រដ្ឋាភិបាលថ្មីភូមា គឺបញ្ចប់ជម្លោះជាមួយក្រុមជនជាតិភាគតិច ដើម្បីកសាងសន្តិភាព ហើយលោកស្រីអ៊ុងសាន ស៊ូជី ដឹងយ៉ាងច្បាស់ អំពីឥទ្ធិពលរបស់ចិន ទៅលើក្រុមឧទ្ទាមភាគតិចភូមាមួយចំនួន។ ទោះយ៉ាងណា នេះគ្រាន់តែជាចំណុចចាប់ផ្តើម នៃការដោះស្រាយជម្លោះជាតិសាសន៍ ដែលមាននៅរ៉ាំរ៉ៃ រាប់ទសវត្សមកហើយ ក្នុងដែនដីព្រៃភ្នំដ៏ធំ របស់ភូមា។

វាមិនមែនជារឿងចៃដន្យទេ ដែលលោកស្រីអ៊ុងសាន ស៊ូជី បានជ្រើសរើស ប្រទេសចិន ជាគោលដៅនៃការធ្វើទស្សនៈកិច្ច ក្រៅប្រទេសលើកទីមួយរបស់លោកស្រី។ គ្រប់គ្នា ធ្លាប់បានសង្ស័យថា លោកស្រីប្រាដក ជាធ្វើដំណើរទៅសហរដ្ឋអាមេរិកតំបូងគេ តែទីបំផុត គឺចិន ទៅវិញទេ ដែលត្រូវក្រាលព្រំក្រហមទទួលលោកស្រី ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ ចំណែកសហរដ្ឋអាមេរិក លោកស្រីមានគម្រោងនឹងទៅ ក្នុងខែកញ្ញាខាងមុខនេះ។

ទស្សនៈកិច្ចនេះ គឺបង្ហាញយ៉ាងច្បាស់ ពីឆន្ទៈរបស់លោកស្រីអ៊ុងសាន ស៊ូជី ក្នុងការស្តារទំនាក់ទំនងរវាងចិននិងភូមា ឲ្យល្អប្រសើរឡើងវិញ។ គេនៅចាំយ៉ាងច្បាស់ ថា ចិននិងភូមា បានសម្លឹងសម្លក់គ្នា ដើមភ្នែកចុងភ្នែក បន្ទាប់ពីរបបយោធាផ្តាច់ការភូមា បានសុខចិត្តទំលាក់អាវុធ ទទួលយកលទ្ធិប្រជាធិតេយ្យ នាំមកដោយគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី។

ចិន មិត្តរបស់របបយោធាផង ជួយក្រុមជនជាតិភាគតិចផង៖
អស់រយៈពេលជាងកន្លះសតវត្ស ដែលភូមានៅឯកោ លើឆាកអន្តរជាតិដោយសារតែរបបយោធាផ្តាច់ការ មានតែចិនកុម្មុយនីស្តិម្នាក់គត់ ដែលមានចំណងស្អិតរមួត ជាមួយរបបយោធាភូមា។ ហើយមិនមែនតែជាមួយក្រុមយោធាភូមាទេ គឺចិនបានបន្តមានទំនាក់ទំនង មិនថានយោបាយ រឺពាណិជ្ជកម្ម ជាមួយនឹងសហគមជនជាតិភាគតិចជាច្រើន នៅភាគខាងជើងភូមា ដែលមានព្រំដែនជាប់ជាមួយចិន។ នរណាក៏ដឹងដែរថា ចិនបានគាំទ្ររដ្ឋាភិបាលយោផង គាំទ្រក្រុមជនជាតិភាគតិចផង ទាំងដឹងថា ក្រុមទាំងអស់នេះ ប្រយុទ្ធគ្នា ទៅវិញទៅមកយ៉ាងសកម្ម។ នយោបាយជើងមួយជាន់ទូកមួយរយ របស់ចិននេះ គឺគ្មានអ្វីចំលែកទេ ព្រោះចិនមិនខ្វល់ពីតំលៃ និងផលប៉ះពាល់យូរអង្វែងទេ សំខាន់គឺផលប្រយោជន៍ជាក់ស្តែង ភ្លាមៗតែប៉ុណ្ណោះ។

ការផ្សះផ្សារសន្តិភាពរវាងអំណាចកណ្តាល ដែលដឹកនាំដោយរដ្ឋាភិបាលថ្មីភូមា ជាមួយនឹងជនជាតិភាគតិច គឺជាគន្លិះធំបំផុត នៃការកសាងអភិវឌ្ឍន៍ភូមា។ ជាមួយនឹងផ្ទៃដីប្រមាណជិត ៦៨ ម៉ឺន គីឡូម៉ែត្រក្រឡា និងប្រជាជនសរុប ជិត៥៥លាននាក់ ភូមាមានជនជាតិភាគតិច ដល់ទៅជិត១៣០ជនជាតិផ្សេងៗគ្នា ហើយដែលភាគច្រើនរស់នៅតាមតំបន់ភ្នំ ក្បែរព្រំដែន ជាប់ប្រទេសថៃ ឡាវ ចិន ឥណ្ឌា និងបង់ក្លាដែស។

ក្នុងចំណោម ជនជាតិភាគតិច ដែលតស៊ូប្រយុទ្ធនឹងកងទ័ពរដ្ឋាភិបាលភូមា សកម្មជាងគេ គឺមាន៣ធំៗ គឺក្រុមជនជាតិហ្សាន ក្រុមជនជាតិវ៉ា និងក្រុមជនជាតិកាហ្ស៊ីន។ ក្រុមទាំង៣នេះ សុទ្ធតែមានដែនដី នៅជាប់ព្រំដែនចិន ហើយ ជាដែនដីដ៏ធំទៀតផងសម្រាប់ភូមា។ បើទោះបីកន្លងមក មានសារព័ត៌មានអន្តរជាតិខ្លះ បានលើកឡើងថា ចិន បានលួចផ្គត់ផ្គង់អាវុធ ឲ្យទៅក្រុមជនជាតិភាគតិចនៅភាគខាងជើងភូមា តែយ៉ាងណា គេគ្មានភស្តុតាងជាក់លាក់ទេ។ ក៏ប៉ុន្តែអ្វីដែលមិនអាចប្រកែកបាន គឺចិន គឺជាច្រកចេញចូលតែមួយរបស់សេដ្ឋកិច្ចនៃជនជាតិភាគតិច ជាពិសេសដែនដីទាំងបីខាងលើ ហ្សាន វ៉ា និងកាហ្ស៊ីន។

ជំនួញខុសច្បាប់គ្រប់ប្រភេទ ចិនជាអ្នករកស៊ីជាមួយឧទ្ទាមជនជាតិភាគតិច៖
ភូមា ប្រទេសធំបំផុតទីពីរ លើលោកបន្ទាប់ពីអាហ្វហ្កានីស្ថាន ដែលផលិតអាភៀន។ តំបន់ផលិតអាភៀននៅភូមា ស្ទើរតែទាំងស្រុង គឺស្ថិតក្នុងដៃ របស់ក្រុមជនជាតិភាគតិច នៅភាគខាងជើង។ អាភៀន គឺជាប្រភពចំណូលសំខាន់បំផុត របស់ពួកគេ។ ការជួញដូរ អាភៀនស្រស់ និងអាភៀនកែច្នៃ គឺធ្វើឡើងរវាងក្រុមជនជាតិភាគតិច តំបន់ វ៉ា ជាមួយនិងឈ្មួញចិន ដែលញញឹមទទួលដៃពីរ បើកព្រំដែនឲ្យចេញចូលដោយសេរី ដោយមានការឃុបឃិត ដោយចំហរពីអាជ្ញាធរចិន។

នៅតំបន់ផ្សេងទៀត ដូចជាតំបន់ហ្សាន និងកាហ្ស៊ីន គឺជាជង្រុកនៃធនធានរ៉ៃមាស រ៉ែត្បូងមានតំលៃ ថ្លើមថ្ម រីហៅថាចាដ និងជាពិសេស គឺព្រៃឈើប្រណិត និងកម្រ ដែលជាសេចក្តីត្រូវការរបស់អ្នកជំនួញចិន។ ការជួញដូររត់ពន្ធខុសច្បាប់ នូវសម្បត្តិធម្មជាតិទាំងនេះ គឺក្រុមជនជាតិភាគតិច ធ្វើតែជាមួយចិនតែម្នាក់គត់។

ក្រុមឧទ្ទាមទ័ពព្រៃ នៃជនជាតិភាគតិច ដែលព្យាយាមតស៊ូ ប្រយុទ្ធជាមួយរដ្ឋាភិបាលភូមារាប់សិបឆ្នាំមកនេះ គឺគ្មានអ្វីក្រៅពីចង់ការពារផលប្រយោជន៍ បានមកពីជំនួញផ្លូវកាត់ ជាមួយនឹងចិននេះទេ។ គឺប្រាក់ដែលបានមកពីការជួញដូរអាភៀន រ៉ែត្បូង ថ្លើមថ្ម និងឈើប្រណីត ទាំងអស់នេះហើយ ដែលក្រុមឧទ្ទាមជនជាតិភាគតិច យកទៅទិញអាវុធ។ ហើយអាវុធនោះ គឺគ្មាននរណាផ្សេង ក្រៅពីចិនទេ ជាអ្នកលក់។ ចិនមានឥទ្ធិពល ទៅលើក្រុមទាំងអស់នេះ ព្រោះចិនជាដង្ហើមសេដ្ឋកិច្ច សម្រាប់ពួកគេ។ បិទច្រកចេញចូល នៃការជួញដូរធនធានធម្មជាតិ ជាមួយភូមា គឺប្រៀបបាននឹងផ្កាប់ឆ្នាំងបាយរបស់របស់ក្រុមឧទ្ទាមជនជាតិភាគតិច។

ប្រើឥទ្ធិពលចិន ដើម្បីអូសក្រុមឧទ្ទាមជនជាតិភាគតិច ឲ្យចរចា៖
កម្មវត្ថុរបស់ទស្សនៈកិច្ចលោកស្រី អ៊ុងសាន ស៊ូជី នៅចិន គឺដើម្បីទទួលបានការសន្យាពីចិន ក្នុងការជួយធ្វើយ៉ាងណា ប្រើឥទ្ធិពលខ្លួនរុញក្រុមជនជាតិភាគតិច ឲ្យចូលតុចរចាសន្តិភាព។ តាមការគ្រោងទុក រដ្ឋាភិបាលភូមា នឹងរៀបចំវេទិកាសន្និសីទជជែកមួយ រវាងរដ្ឋាភិបាល និងតំណាងក្រុមជនជាតិភាគតិចទាំងអស់ នៅក្រុងប៉ាងឡុង នៅថ្ងៃទី៣១ សីហា ឆាប់នេះ។

ដូចការរំពឹងទុក លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានសន្យាជួយភូមា ក្នុងបញ្ហានេះ។ កាលពីខែកក្កដា ចិនធ្លាប់បានបញ្ជូនអ្នកសម្របសម្រួលខ្លួន ទៅកាន់តំបន់កាហ្ស៊ីន រួចទៅហើយ ដើម្បីបញ្ចុះបញ្ចូលឲ្យព្រមចរចា។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលចិន បានប្រគល់ប្រាក់ចំនួន៣លានដុល្លារ ដោយសំងាត់ ទៅដល់រដ្ឋាភិបាលភូមា ដើម្បីចាត់ចែងដំណើរការចរចាសន្តិចភាព។

ការផ្លាស់ប្តូរ នយោបាយរបស់ចិននាពេលនេះ គឺដោយសារតែចិនគ្មានជម្រើសអ្វីផ្សេងទេ។ ឧិកាសមាស រកស៊ីផ្លូវកាត់ ដោយខុសច្បាប់ជាមួយក្រុមជនជាតិភាគតិចដោយផ្ទាល់ កាលពីអតីតកាល ត្រូវចប់ហើយនៅពេលនេះ។ ក្នុងនាមជាមហាអំណាចនយោបាយ និងសេដ្ឋកិច្ចតំបន់ ចិន ត្រូវរក្សាកិត្តិយសខ្លួន ហើយគាំទ្រដល់ការកសាងសន្តិភាពរបស់ភូមា។ ភូមា មានសន្តិភាព ចិន ក៏នឹងមានប្រយោជន៍ដែរ។ គឺប្រយោជន៍ធំមួយបែបទៀត។

ដើម្បីពង្រីកឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច ចិនត្រូវការធានាស្ថិរភាពតំបន់។ បើសិនជាមានជម្លោះយោធា ផ្ទុះឡើងនៅក្នុងភូមា តាមបណ្តោយព្រំដែនចិន គឺវាគ្មានប្រយោជន៍អ្វីសម្រាប់ចិនទេ គឺមានតែខាត។ ខាតព្រោះចិន បាត់បង់ឱកាសរកស៊ី មិនថាផ្លូវស្របច្បាប់ រឺផ្លូវងងឹត។

ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ៖
ប្រយោជន៍បែបថ្មី សម្រាប់ចិននោះ គឺស្ថិតក្នុងគោលគំនិត ត្រីវិស័យរបស់ចិន ដែលចង់ស្ថាបនាផ្លូវសូត្រ សម័យថ្មីរបស់ខ្លួន។ ចិនមានគម្រោង កសាងបំពង់បង្ហូរឧស្ម័ន្មចេញពីឈូងសមុទ្របង់ហ្កាល់ ដោយត្រូវឆ្លងកាត់ប្រទេសភូមា មុននឹងចូលទៅដល់ខេត្តយូណាន របស់ចិន។ នេះទើបជាប្រយោជន៍ធំរបស់ចិន ព្រោះវិស័យថាមពល គឺសរសរទ្រូងតែមួយគត់ សម្រាប់សេដ្ឋកិច្ចចិន។

ក្នុងវិស័យថាមពលនេះដែរ ចិនសង្ឃឹមយ៉ាងខ្លាំងថា គម្រោងកសាងទំនប់វារីអគ្គីសនី នៅលើដងទន្លេអេរ៉ាវ៉ាឌី របស់ភូមា នឹងបានសម្រេចនៅថ្ងៃណាមួយមិនខានទេ។ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលភូមា ផ្អឹបចោលទាំងស្រុង បន្ទាប់ពីមានការតវ៉ា ដ៏ខ្លាំងក្លា ពីសំណាក់ប្រជាជនភូមា។ គួរបញ្ជាក់ថា វាជាការតវ៉ា ដ៏សមស្របជាទីបំផុត ព្រោះទំនប់វារីអគ្គីសនីចិន លើទន្លេអេរ៉ាវ៉ាឌីរបស់ភូមា មិនត្រឹមតែនឹងបំផ្លាញជីវចំរុះនៅតាមបណ្តោយដងទន្លេប៉ុណ្ណោះទេ តែជាងនេះទៅទៀត ថាមពលអគ្គីសនីបានមកពីទំនប់នេះ តែ១០%ប៉ុណ្ណោះ ដែលផ្គត់ផ្គង់ទៅឲ្យភូមា ចំណែក៩០%ទៀត គឺត្រូវបញ្ជូនទៅចិន ទាំងអស់។

ចិនដឹងថាមតិសាធារណៈភូមា គឺគេមិនពេញចិត្តចិនទេ ព្រោះសម្រាប់ពួកគេ ចិនជាអ្នកញុះញង់ និងចិញ្ចឹមចលនាបះបោររបស់ក្រុមជនជាតិភាគតិច។ ហើយលោកស្រីអ៊ុងសាន ស៊ូជី ដឹងយ៉ាងច្បាស់ពីចំណុចនេះ។ ការដែលលោកស្រីមករកជំនួយពីចិននាពេលនេះ គឺជាការប្រថុយប្រថានបំផុត ព្រោះលោកស្រីនឹងគេចមិនផុតពីការរិះគន់ពីសំណាក់ ប្រជាជនភូមាទេ។

ចំណែក ចិនចង់ឆក់ឧិកាសនេះ កសាងមុខមាត់ ដើម្បីទាក់ទាញទឹកចិត្តប្រជាជនភូមា។ យ៉ាងណាមិញ គ្រាន់តែចិនសន្យាជួយដោះស្រាយជម្លោះជាមួយជនជាតិភាគតិច ស្រាប់តែរដ្ឋាភិបាលភូមា បានប្រកាសថា នឹងយកសំណុំរឿងទំនប់វារីអគ្គីសនីមកពិនិត្យឡើងវិញ។

យ៉ាងណាក៏ដោយ ជម្លោះជាតិសាសន៍ រវាងជនជាតិភាគតិច និងជនជាតិភូមា ដែលគ្រប់គ្រងអំណាចប្រទេសតែម្នាក់ឯងនេះ មិនងាយអាចដោះស្រាយតែមួយភ្លែតបានទេ។ គេត្រូវការពេលវេលាយូរទៅមុខទៀត ដោយតម្រូវឲ្យអំណាចកណ្តាលភូមា ធ្វើវិម្ឈការ ឲ្យបានច្រើន ទាំងវិស័យអំណាចរដ្ឋបាល ទាំងវិស័យសេដ្ឋកិច្ច ទៅឲ្យរដ្ឋសមាជិកនានា។ សម្រាប់គ្រានេះ បើគ្រាន់តែតំណាងក្រុមឧទ្ទាមជនជាតិភាគតិចទាំងអស់ ចូលតុចរចា នៅថ្ងៃទី៣១សីហានេះ គឺវាជាចំណុចចាប់ផ្តើម ដ៏ល្អបំផុតណាស់ទៅហើយ សម្រាប់ភូមា៕


ឥទ្ធិពលរបស់ចិនក្នុងជម្លោះជនជាតិភាគតិច និងការកសាងសន្តិភាពនៅភូមា

រញ្ជួយដី ៦.៨ រ៉ិចទ័រ នៅភូមាបាក់រលំប្រាសាទបុរាណដ៏ល្បីៗលើពិភពលោកជាង១០០

ឥទ្ធិពលរបស់ចិនក្នុងជម្លោះជនជាតិភាគតិច និងការកសាងសន្តិភាពនៅភូមា

កាន់តែរន្ធត់! គ្រោះរញ្ជួយដីវាយប្រហារអ៊ីតាលី មនុស្សស្លាប់កើនឡើងដល់ ៦៣ នាក់ និងរាប់រយនាក់ទៀតបាត់ខ្លួន