ស្រលាញ់​មនុស្ស​ម្នាក់​ស្មោះ គួរ​រំឭក​អតីតកាល​មិន​ល្អ​ប្រាប់​គេ​ឬទេ?

មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាច​រក្សា​ស្នេហា​ដំបូង​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នោះ? ប្រហែល​ជា​មាន​តិច​តួច​បំផុត ព្រោះ​ភាគ​ច្រើន​សុទ្ធតែ​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ជួប​ស្នេហា​ឈឺ​ចាប់​ខ្លោច​ផ្សា ទម្រាំ​រក​បាន​អូ​អនាគត​ម្នាក់​មក​រួម​ផ្លូវ​ជីវិត​បាន។ ចុះ​ដើម្បី​បញ្ជាក់​ចិត្ត​ស្មោះ គួរ​រៀបរាប់​អតីតកាល​ស្នេហា​ដែល​ធ្លាប់​ជួប​ទាំង​នោះ​​ប្រាប់​គេ​ឬ​ទេ?

 

ស្រលាញ់​មនុស្ស​ម្នាក់​ស្មោះ គួរ​រំឭក​អតីតកាល​មិន​ល្អ​ប្រាប់​គេ​ឬទេ?

 

លោក ហុក សត្យា ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​រូប បាន​និយាយ​ថា នឹង​រៀប​រាប់​ប្រាប់​សង្សារ​ទាំង​អស់ ចំពោះ​អតីតកាល​របស់​ខ្លួន បើ​ទោះ​បី​វា​មិន​សូវ​ល្អ​ក៏​ដោយ។ សត្យា បាន​បញ្ជាក់​ថា អតីតកាល​គ្រាន់​តែ​ជា​អតីតកាល តែ​ចង់​ប្រាប់​គេ​ឲ្យ​ជឿជាក់​លើ​ខ្លួន ហើយ​ក៏​មិន​ចង់​លាក់​ប្រវត្តិ​ដែរ។ “ខ្ញុំ​មិន​លាក់​ទេ ប្រាប់​គេ​ទាំង​អស់ ព្រោះ​មនុស្ស​សុទ្ធតែ​ធ្លាប់​ឆ្លង​កាត់​ស្នេហា​ច្រើន ជួន​កាល​សុខៗ​គេ​ដឹង​ខ្លួន​ឯង នាំ​តែ​ខឹង​យើង​ថា​មិន​ប្រាប់​ក៏​ថា​បាន”។ សត្យា បន្ថែម។

 

ងាក​មក ជា សុវត្ថា ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញាជាតិ បាន​អះអាង​ថា មិន​មែន​ចេះ​តែ​ប្រាប់​ទេ តែ​ក៏​មិន​លាក់​ដែរ។ ប្រសិន​បើ​សង្សារ ចង់​សួរ​គាស់​កកាយ ចាំ​រៀប​រាប់​ប្រាប់​គេ ហើយ​គិត​ដែរ​ថា​ប៉ះ​ពាល់​ឬ​អត់។ សុវត្ថា បាន​និយាយ​ថា ជួន​កាល ការ​លើក​រឿង​មិន​ល្អ​ច្រើន អាច​ធ្វើ​ឲ្យ​គេ​ពិចារណា និង​គិត​ថា​ខ្លួន​ជា​មនុស្ស​មិន​អាច​ផ្ញើ​វាសនា​បាន។

 

“មិន​មែន​សុខ​ៗ​ទៅ​ប្រាប់​គេ​ទេ ប្រាប់​ធ្វើ​អី​បើ​អត់​មាន​រឿង​ផង… តែ​បើ​សួរ​ហើយ ត្រូវ​ប្រាប់ កុំ​ឲ្យ​គេ​ថា​ព្យាយាម​លាក់។ អ្នក​ខ្លះ​មិន​ធ្លាប់​ឆ្លង​កាត់​ស្នេហា​ច្រើន… តែ​បើ​ប្រាប់​គេ​ច្រើន​ពេក វា​មិន​ល្អ​ទេ។ បើ​ខ្ញុំ​វិញ ធ្លាប់​បែក​អស់ ២​នាក់​ហើយ មុន​ជួប​អ្នក​រាល់​ថ្ងៃ​នេះ តែ​ខ្ញុំ​មិន​ខ្លាច​ប្រាប់​ទេ ព្រោះ​ខ្ញុំ​មិន​មែន​អ្នក​ខុស​ផង”។ សុវត្ថា អះអាង​ដូច្នេះ។

 

ចំណែក​និស្សិត​ឆ្នាំ​ទី៣ ម្នាក់ មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​សុំ​ប្រើ​ត្រឹម​ឈ្មោះ​កាត់ រ៉ាឌី បាន​និយាយ​ថា ទោះ​ស្រលាញ់​ស្មោះ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​គួរ​ប្រាប់​អតីតកាល​មិន​ល្អ​ដល់​គេ​ដែរ។ រ៉ាឌី បាន​បញ្ជាក់​ថា ធ្វើ​ដូច​នេះ​គឺ​មាន​តែ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ប៉ុណ្ណោះ ហើយ​ការ​បញ្ជាក់​ចិត្ត​ស្មោះ ក៏​មិន​មែន​មាន​ន័យ​ថា​ត្រូវ​ប្រាប់​អស់​ពី​ពោះ​ដែរ។ ​

 

“ខ្ញុំ​មិន​ប្រាប់​គេ​ទេ រឿង​មិន​ល្អ ដូច​ជា​ធ្លាប់​មាន​សង្សារ​ច្រើន​អី​ហ្នឹង គឺ​ដាច់​ខាត​តែ​ម្ដង… បង​ដឹង​ស្រាប់​ហើយ ស្រីៗ​ដឹង​រឿង​មិន​ល្អ គឺ​ពិបាក​ចិត្ត​ខ្លាំង ប្រាប់​ហើយ​គ្មាន​ប្រយោជន៍​ទេ នាំ​តែ​បញ្ហា។ និយាយ​ប្រាប់​គេ​ដែរ រឿង​ណា​ដែល​គិត​ថា​មិន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង និង​ធ្វើ​ឲ្យ​អារម្មណ៍​គេ​ល្អ”។ រ៉ាឌី និយាយ។

 

ស្រលាញ់​មនុស្ស​ម្នាក់​ស្មោះ គួរ​រំឭក​អតីតកាល​មិន​ល្អ​ប្រាប់​គេ​ឬទេ?

 

ចុះប្រិយមិត្តវិញ ប្រាប់ឬអត់?

 


​​អត្ថបទ៖ គង់ វិសាល