វិភាគ៖ ហេតុអ្វីបានលោក ហ៊ុន សែន មិនចង់ឮពាក្យ «ដូរមិនដូរ»?

គេនៅចាំបានថា កាលពីយុទ្ធការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំមួយ បានផ្ញើសារនយោបាយទៅកាន់ម្ចាស់ឆ្នោត ដោយប្រើពាក្យថា «ដូរមិនដូរ» ក្នុងការស្វែងរកការគាំទ្រពីមហាជននៅពេលនោះ។

ពាក្យបីម៉ាត់ថា «ដូរមិនដូរ» នេះគេសង្កេតឃើញមនុស្សគ្រប់វ័យចាប់ពីកុមាររហូតដល់វ័យចំណាស់ ហាក់ងាយចងចាំ ពិសេសអ្នកគាំទ្របក្សប្រឆាំងបានប្រើប្រាស់ ចាប់ពីដំណើរការឃោសនាបោះឆ្នោតរហូតក្រោយបោះឆ្នោតអំឡុងជាប់គាំងនយោបាយ។

ពាក្យ «ដូរមិនដូរ» ដែលគណបក្សសង្រ្គោះជាតិយកមកប្រើនោះ ស្របគ្នានឹងចលនាការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សនិងគណបក្ស សម សង្ស៊ី ផងនោះ បានជំរុញឲ្យបក្សប្រឆាំងដែលរួមគ្នានោះមានសំឡេងគាំទ្ររហូត៥៥អាសនៈ ខណៈគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងអំណាច ថយសំឡេងគាំទ្រអស់២២អាសនៈ ក្នុងចំណោមអាសនៈសរុប១២៣ក្នុងសភា។

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកឡើងវិញពីពាក្យថា «ដូរមិនដូរ» នេះ ដោយអះអាងថា៖ «ខ្ញុំព្រះករុណាខ្ញុំចុះចេញស្អែកក៏បានដែរ អត់បញ្ហាមិនចាច់ចាំថា «ដូរមិនដូរ»ទេ។ ប៉ុន្តែស្ថិតនៅត្រង់អី បន្ទាប់ពី ហ៊ុន សែន ជានរណា នេះដែលត្រូវគិត»។ លោកនាយករដ្ឋមន្ត្រីបន្តថា៖ «ការក្សាអំណាចដើម្បីរក្សាសុវត្ថិភាពរបស់នគរ គឺជារឿងមួយ តែការដណ្តើមអំណាចវាជារឿងមួយទៀត»។

ហេតុអ្វីបានជានាយករដ្ឋមន្ត្រីមិនចង់ឮពាក្យថា «ដូរមិនដូរ» នេះ?

អ្នកវិភាគព្រឹត្តិការណ៍សង្គមបង្ហាញការយល់ឃើញផ្សេងៗគ្នាពីសារនយោបាយរបស់នាយករដ្ឋមន្ត្រីនេះ។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថាពាក្យ «ដូរមិនដូរ» អាចជាសារមួយធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមទាំងមន្ត្រីបក្សកាន់អំណាចមិនចង់ឮ ហើយមិនសប្បាយចិត្ត។

លោក ឡៅ ម៉ុងហៃ វិភាគថាទៀតថា ការដែលបក្សកំពុងគ្រប់គ្រងអំណាចមិនចង់ឮពាក្យ «ដូរមិនដូរ» នេះដោយសាតែការគ្រប់គ្រងអំណាចយូរ ធ្វើឲ្យពលរដ្ឋចង់ផ្លាស់ប្តូរមេដឹកនាំនិងមួយវិញទៀត ការធ្វើកំណែងទម្រង់ បច្ចុប្បន្នមិនទាន់ឆ្លើយតបនឹងតម្រូវការទៀតនោះ លោកថានឹងជំរុញឲ្យពាក្យ «ដូរមិនដូរ» នេះជាការព្រួយបារម្ភ របស់រដ្ឋាភិបាល ។

លោកបន្តថា៖ «ការទាមទារឲ្យមានការផ្លាស់ប្តូរពាក្យថា «ដូរមិនដូរ» អាហ្នឹងវាជាប់នូវក្នុងអារម្មណ៍ប្រជាពលរដ្ឋ យ៉ាងច្រើនតាំងពីចាស់ដល់ក្មេងណាស់ ហើយនិងការស្រែកទាមទារ ស្រែកជ័យឃោសឲ្យសម្តេចចុះចេញ «ហ៊ុន សែន អើយចុះចេញទៅៗ» វាក់ហាក់ដូចជាគាត់ហ្នឹងស្អប់ពាក្យទាំងនោះ»។

ប៉ុន្តែលោក ឡៅ ម៉ុងហៃ វិភាគថាសារនយោបាយថ្មីរបស់លោកនាយករដ្ឋមន្ត្រីដែលថា តើនរណានឹងឡើងជំនួសនេះ អាចមានការផ្ទេរអំណាចដោយសន្តិវិធីនាពេលខាងមុខ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិភាគថាពាក្យ «ដូរមិនដូរ» ពេលនេះហាក់មិនជាក្តីបារម្ភរបស់បក្សកំពុងគ្រប់គ្រងអំណាច ដោយលោកថាព្រោះបក្សប្រឆាំងកំពុងរក្សាភាពស្ងៀមស្ងាត់ ក្រោយមេបក្សប្រឆាំងនិរទេសខ្លួនម្តងទៀត។

ប៉ុន្តែលោក ឯម សុវណ្ណារ៉ា វិភាគថាអ្វីដែលគណបក្សប្រជាជនកម្ពុជាកំពុងព្រួយបារម្ភនោះគឺ បញ្ហារង្គោះរង្គើផ្ទៃក្នុងពេលតែងតាំងឲ្យមានបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី។

លោក ឯម សុវណ្ណារ៉ា លើកឡើងទៀតថា ប្រទេសកុម្មុយនិស្តចិនសមាជិកមជ្ឈឹមបក្សរបស់គេបានបោះឆ្នោតជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីស្នងអាណត្តិរួចជាស្រេច សម្រាប់អាណត្តិនីមួយៗ ដូចជាបេក្ខជនថ្មីទៅជំនួសតំណែងនាយករដ្ឋមន្ត្រីគឺមានឧបនាយករដ្ឋមន្ត្រីឬអនុប្រធានាធិបតីជាដើម។

ប៉ុន្តែលោកថា នៅកម្ពុជាគ្មានយន្តការនេះទេ ដោយលោកថាបក្សកំពុងគ្រប់គ្រងអំណាចបារម្ភថា ពេលមានបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីប្រចាំអាណត្តិ អាចថាមន្ត្រីរបស់ខ្លួនបោះបង់ការគាំទ្រនាយករដ្ឋមន្ត្រីចាស់ទៅគាំទ្របេក្ខភាពនាយករដ្ឋន្ត្រីថ្មី និងឈានទៅរង្គោះរង្គើផ្ទៃក្នុងបក្ស ទើបគណបក្សប្រជាជនមិនហ៊ានលែងក្បាច់នេះ។

លោកបន្ថែមថា៖ «គុណវិបត្តិមួយទៀតនៅពេលដែលទៅប្រឈមនឹងការបោះឆ្នោតនៅអាណត្តិ២០១៨ បោះឆ្នោតសកល តើការគាំទ្ររបស់ប្រជាពលរដ្ឋទៅលើគណបក្សប្រជាជន តើនៅដដែលឬអត់ យើងគិតថាវាអត់នៅដដែលទេ អានេះវាជាបញ្ហាគន្លឹះចំបងដែលគណបក្សប្រជាជនហើយនិងនាយករដ្ឋមន្ត្រីលោកមានការព្រួយបារម្ភ ពីព្រោះការដាក់អ្នកថ្មីមកហ្នឹង បាត់ការគាំទ្រពីប្រជាពលរដ្ឋ ពីព្រោះការដឹកនាំនយោបាយនៅកម្ពុជា កន្លងមកវាមិនមែនលក្ខណៈបក្សទេ គឺលក្ខណៈបុគ្គល»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បូ បញ្ញា លើកឡើងថា ពាក្យបីម៉ាត់ «ដូរមិនដូរ» នៅតែជាកង្វល់របស់រដ្ឋាភិបាល ដោយលោកវិភាគថាពេលនេះរដ្ឋាភិបាលនៅតែរងការចោទថាបានរំលោភសិទ្ធិមនុស្ស រំលោភដីធ្លី អយុត្តិធម៌សង្គម និងការបាញ់សម្លាប់មនុស្សក្រៅច្បាប់ជាដើម។

លោក បូ បញ្ញា វិភាគទៀតថាសាររបស់លោករដ្ឋមន្ត្រីនៅពេលនេះអាចគ្មានការផ្ទេរអំណាចណាមួយដោយសន្តិវិធីនៅពេលខាងមុខទេ។ លោកថា បើភាគីពាក់ព័ន្ធមានរដ្ឋាភិបាលខ្លួនឯង បក្សប្រឆាំង និងសង្គមស៊ីវិលមិនសហការគ្នា បង្កើតច្បាប់ការពារនាយករដ្ឋមន្ត្រីពេលចប់អាណត្តិនោះ។

ប៉ុន្តែលោក បូ បញ្ញា ជំរុញឲ្យមេដឹកនាំគណបក្សនយោបាយទាំងអស់ត្រូវបង្រៀនពលរដ្ឋពីយន្តការផ្ទេរអំណាចតាមបែបប្រជាធិបតេយ្យជាជាងបំភិតបំភ័យ ដើម្បីបានបន្តគ្រប់គ្រងអំណាចខុសពីឆន្ទៈម្ចាស់ឆ្នោត។

លោកថា៖ «ប្រជាធិបតេយ្យគឺយើងរៀបចំការបោះឆ្នោតឲ្យពលរដ្ឋសម្តែងមតិបោះឆ្នោត ដើម្បីប្តូរដ្ឋាភិបាលថ្មីធ្វើការដឹកនាំស្រុកទៅ យើងមិនអាចឲ្យបុគ្គលដដែលៗដឹកនាំរាប់ឆ្នាំបានទេ។ អញ្ចឹងបើកាលណាគាត់លើកឡើងថា បើដូរវាធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាពរបស់ប្រទេស អាហ្នឹងជាលេសរបស់គាត់ទេ»។

ក្រោយបោះឆ្នោតឆ្នាំ២០១៣ មន្ត្រីគណបក្សប្រឆាំងជិត២០នាក់ត្រូវចាប់ឃុំខ្លួនក្នុងនោះមានតំណាងរាស្រ្តពីររូបត្រូវជាប់ឃុំទាំងមានអភ័យឯកសិទ្ធិសភា មេបក្សប្រឆាំង និងមន្ត្រីមួយចំនួនទៀតកំពុងរងបណ្តឹង មន្ត្រីសង្គមស៊ីវិល៤រូបនិងមន្ត្រី គ.ជ.ប មួយរូបកំពុងជាប់ឃុំ សេរីភាពបណ្តេញមតិត្រូវរឹតបន្តឹង និងអ្នកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅត្រូវចាប់ឃុំខ្លួន។

ទាំងសហគមន៍ជាតិនិងអន្តរជាតិហៅចំណាត់ការទៅលើបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងមន្ត្រី គ.ជ.ប ថាជារូបភាពគំរាមកំហែងមុនថ្ងៃបោះឆ្នោត។

បើតាមអ្នកវិភាគ ដើម្បីបំបាត់ភាពភ័យខ្លាចពីការបាត់បង់អំណាច គណបក្សប្រជាជនកម្ពុជាត្រូវធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅឆ្លើយតបនឹងបញ្ហាប្រឈមនានារបស់ពលរដ្ឋជាម្ចាស់ឆ្នោត ដូចជាភាពអត់ការងារធ្វើ ប្រាក់ខែរស់នៅបានសមរម្យរបស់មន្ត្រីរាជការ ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពពីការរំលោភដីធ្លី និងភាពអយុត្តិធម៌សង្គមជាដើម និងរៀបចំយន្តការបោះឆ្នោតជ្រើសរើសមេដឹកនាំឲ្យប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

ប្រភព៖ VOD


វិភាគ៖ ហេតុអ្វីបានលោក ហ៊ុន សែន មិនចង់ឮពាក្យ «ដូរមិនដូរ»?

ឥឡូវនេះ UN កំពុងរៀបចំទណ្ឌកម្ម ទុកដាក់លើកូរ៉េខាងជើងបន្ថែមទៀត ប៉ុន្តែមិនដឹងថានឹងមានប្រសិទ្ធភាព ឬក៏អត់នោះទេ

វិភាគ៖ ហេតុអ្វីបានលោក ហ៊ុន សែន មិនចង់ឮពាក្យ «ដូរមិនដូរ»?

តំណាងរាស្រ្តអូស្រ្តាលីថារដ្ឋាភិបាលកម្ពុជាមិនបានគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីសពេញលេញ