អ្នកផលិតកម្មវិធី «Sistar’s Slam Dunk» សម្រេចដក Tiffany ចេញ ព្រមទាំងកាត់ចោល ឈុតទាំងអស់របស់នាងថែមទៀតផង (មានវីដេអូ)

កូរ៉េខាងត្បូង៖ អ្នកគាំទ្រមួយចំនួនធំរបស់ ក្រុមចម្រៀងនារីកូរ៉េ Girls' Generation ដែលជាពិសេសនោះ គឺកញ្ញា Tiffany ផ្ទាល់តែម្តង ប្រាកដជាដឹងហើយថានាងជាមនុស្សម្នាក់ ដែលមានសុជីវធម៌ខ្ពស់  រួសរាយរាក់ទាក់  ចេះគោរពចាស់ទុំ  មានប្រាស្រ័យទាក់ទងល្អ ជាមួយអ្នកនៅជុំវិញខ្លួន ព្រមទាំងគួរឲ្យស្រលាញ់ថែមទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា ស្រាប់តែថ្មីៗនេះ នៅឯប្រទេសកូរ៉េខាងត្បូង ដែលជាពិសេសនោះគឺ ប្រជាជនកូរ៉េតែម្តង កំពុងតែក្តៅក្រហាយ និងខឹងសម្បារជាខ្លាំង ចំពោះកំហុសឆ្គងទាំងមិនដឹងខ្លួនរបស់តារាស្រីរូបនេះ។

គួររំលឹកឡើងវិញថា កាលនោះ នាងបានទៅប្រគំតន្រ្តីនៅប្រទេសជប៉ុនជាមួយសមាជិកក្រុម SNSD ទាំងអស់ ដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់មកនាងក៏បាន បង្ហោះរូបភាពរបស់នាងជាមួយនឹង សមាជិកក្រុមផ្សេងទៀត នៅលើបណ្តាញសង្គមIG និង Snapchatរបស់ខ្លួន ដើម្បីជាការអរគុណដល់អ្នកគាំទ្រ ព្រមទាំងមានបានភ្ជាប់មកនូវ រូបទង់ជាតិប្រទេសជប៉ុនរូបបេះដូងផងដែរ។

ក្រោយការបង្ហោះបន្តិចប៉ុណ្ណោះ អ្នកគាំទ្រកូរ៉េជាច្រើនបានខឹងសម្បារជាខ្លាំង ព្រមទាំងជេរប្រមាថនាងថា នាងជាមនុស្សក្បត់ជាតិ រីឯអ្នកខ្លះស្ទើរតែចង់ទៅសម្លាប់នាងថែមទៀតផង ព្រោះតែ ថ្ងៃស្អែកជាថ្ងៃបុណ្យឯករាជ្យជាតិប្រទេសកូរ៉េ ប៉ុន្តែនាងបែរជាបង្ហោះរូបទង់ជាតិប្រទេសជប៉ុន ថែមទាំងបង្ហាញពីសេចក្តីស្រលាញ់ ចំពោះប្រទេសមួយនោះទៅវិញ។

ជាការពិតណាស់ បន្ទាប់ពីហេតុការណ៍ដ៍សែនអាក្រក់មួយនេះ កាន់តែរីករាលដាលទៅៗ និងបានក្លាយទៅជាប្រធានបទមួយដ៏ក្តៅគគុក សំរាប់ប្រទេសកូរ៉េទៀតនោះ ក៏ស្រាប់តែ ម៉ាកផលិតផលថែរក្សាសម្រស់មួយចំនួនដែលTiffany នាងធ្លាប់ជាអ្នកផ្សព្វផ្សាយឲ្យ អស់រយៈពេលជាច្រើនឆ្នាំ ក៏បានលុបចោល និងប្តូរអ្នកផ្សព្វផ្សាយថ្មីភ្លាមៗ រីឯកម្មវិធី ទូរទស្សន៍មួយចំនួនផ្សេងទៀតដែលនាងកំពុងថតនោះ ក៏បានសុំផ្អាក ក៏ដូចជាកម្មវិធី «Sister’s Slam Dunk » ជាកម្មវិធីដែលកំពុងតែពេញនិយម និងមានចំនួនអ្នកទស្សនាច្រើន របស់ទូរទស្សន៍ KBS ក៏បានប្រកាសដក Tiffany ចេញពីកម្មវិធីនេះភ្លាមៗផងដែរ ។

លើសពីនេះទៅទៀត បើយោងតាមប្រភពបានឲ្យដឹងថា អ្នកផលិតកម្មវិធី Sister’s Slam Dunk នេះផងដែរ ក៏កំពុងតែពិភាក្សា ជាមួយក្រុមការងារផ្សេងៗ ក្នុងការកែសម្រួល វីដេអូកម្មវីធី ដែលបានថតទុក ប៉ុន្តែមិនទាន់បានចាក់ផ្សាយ យកមានកែសម្រួលឡើងវិញ ដោយកាត់ឈុតរបស់ Tiffany ចោលទាំងអស់ ។

មិនតែប៉ុណ្ណោះ អ្នកផលិតក៏បានលើកឡើងថា៖«បច្ចុប្បន្នយើងកំពុងតែព្យាយាមកែសម្រួលវា ឲ្យបានល្អបំផុត។ ហើយយើងធ្វើឲ្យបែបនេះ មិនមែននាងធ្វើខុសច្បាប់ ឬក៏ឧក្រិដ្ឋកម្មអ្វីនោះទេ ប៉ុន្តែ ដោយសារតែនាង ត្រូវបានគេដកចេញ លែងនៅក្នុងកម្មវីធីនេះទៀតហើយ»។ 

លោកក៏បានបន្ថែមទៀតថា៖ « ម៉្យាងវិញទៀត បើទោះបីជា សមាជិកទាំងអស់មាន៦ នាក់ ប៉ុន្តែត្រូវបានដក Tiffany ចេញនៅសល់តែសមាជិក៥នាក់ក្តី ក៏កម្មវីធីនៅតែបន្តដែរ ដោយគ្មានអ្នកណាមកជំនួស បន្ទាប់ពី Tiffany ឡើយ»។ »

សរុបមក នេះគឺជាការចងចាំដ៏អាក្រក់មួយដែលប្រជាជនកូរ៉េ ព្រមទាំងអ្នកគាំទ្រទាំងអស់ ដែលជាពិសេសនោះ គឺកញ្ញា Tiffany ផ្ទាល់ មិនអាចបំភ្លេចនូវហេតុការណ៍ ដ៏អួលអាប់មួយនេះឡើយ៕

ប្រភព៖ Soompi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload