សហរដ្ឋអាមេរិកព្រមបង់ប្រាក់ទាំងដើមទាំងការឲ្យអ៊ីរ៉ង់ ១,៣ ពាន់លានដុល្លារ ក្រោយជំពាក់អស់ជាង៥០ឆ្នាំ

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលទីក្រុង Washington បាននិយាយថា ខ្លួនបានបង់ប្រាក់ជាង ១,៣ ពាន់លានដុល្លារ អមជាមួយការប្រាក់ទៅឱ្យអ៊ីរ៉ង់ កាលពីខែមករាកន្លងទៅ ក្នុងគោលបំណង ដោះស្រាយជម្លោះចាស់ស្ដីពីការលក់អាវុធដែលសហរដ្ឋអាមេរិក មិនបានផ្ដល់ឱ្យអ៊ីរ៉ង់ តាមការសន្យា កាលពីអំឡុងឆ្នំា ១៩៧០។ នេះបើតាមការផ្សាយរបស់ CNN នាយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហានេះ។

ចំនួនទឹកប្រាក់នេះ បានបង់តែពីរថ្ងៃប៉ុណ្ណោះនៅបន្ទាប់ពីប្រាក់សុទ្ធ៤០០លានដុល្លារ ត្រូវបានបង់ទៅឱ្យអ៊ីរ៉ង់។ ជុំវិញបញ្ហានេះដែរ អ្នកនំាពាក្យក្រសួងការបរទេសអាមេរិក លោកស្រី អេលីហ្សាបេត ទ្រូដូ (Elizabeth Trudeau) បានបញ្ជាក់ថា សហរដ្ឋអាមេរិក មិនអាចនិយាយច្រើនលើសពីនេះនោះទេ ពាក់ព័ន្ធនឹងការបង់ប្រាក់ឱ្យអ៊ីរ៉ង់ កាលពីថ្ងៃទី១៩ ខែមករាកន្លងទៅ ដោយសារតែហេតុផលទំនាក់ទំនងការទូត។

ប្រាក់ទំាងនេះគឺមានជាប់ពាក់ព័ន្ធនឹង ការបង់ប្រាក់ចំនួន១៣លើក ដាច់ដោយឡែកពីគ្នា នៃចំនួនទឹកប្រាក់ ៩៩,៩៩៩,៩៩៩ដុល្លារ រួមទំាងការបង់ប្រាក់លើកចុង ក្រោយជាង ១០លានដុល្លារ។ តែនេះមិនមានការពន្យល់ណាមួយនោះទេ ពីរតនាគារជាតិអាមេរិក ដែលរក្សាទុកកិច្ចព្រមព្រៀងបុគ្គលក្រោម១០០លានដុល្លារ។

កាលពីអំឡុងឆ្នំា១៩៧០ រដ្ឋាភិបាលនៃរបបស្ដេចសាស់អ៊ីរ៉ង់ បានបង់ប្រាក់៤០០លានដុល្លារ ទៅឱ្យសហរដ្ឋអាមេរិក ដើម្បីទិញគ្រឿងបរិក្ខាយោធា ក៏ប៉ុន្តែគ្មានបរិក្ខាណាមួយត្រូវបាន ប្រគល់តាមការសន្យានោះទេ ត្បិតអី នៅឆ្នំា ១៩៧៩ ចលនាបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានផ្ដួលរំលំរបបស្ដេចសាស់ ហើយនៅ ពេលនោះទំនាក់ទំនងការទូតរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃ១៧ ខែមករា កន្លងទៅនេះរដ្ឋបាលរបស់ លោក បារ៉ាក់ អូបាម៉ា បានបង់ប្រាក់ឱ្យទីក្រុង តេហេរ៉ង់ ជាង៤០០លានដុល្លារខណៈដែលចំនួនទឹកប្រាក់១,៣ពាន់ល្លានដុល្លារ អាចជាការព្រមព្រៀងគ្នា រវាងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ស្ដីពីការប្រាក់នៃទឹកប្រាក់៤០០លានដុល្លារ ក្នុងរយៈពេលរាប់ទសវត្សរ៍កន្លងមកនេះ៕

ប្រភព៖ freshnewsasia


Related Posts