Orlando Bloom ពោះម៉ាយ​កូន​មួយ​ចង់​រៀប​ការជាមួយ​គូស្នេហ៍​ថ្មី​នាង​Katy Perry និង​ចង់​មានកូន

លោក Orlando Bloom បុរស​ពោះម៉ាយ​កូន​មួយ​មាន​បំណង​ចង់​រៀប​ការ​ជាមួយ​នាង Katy Perry តារាចម្រៀង​ដ៏​ល្បីឈ្មោះ ប៉ុន្តែ​ខាង​ស្រី​នៅ​មានការ​អល់អែក​ចំពោះ​អាពាហ៍ពិពាហ៍​ដែល​នាង​មិន​ធ្លាប់​ឆ្លង​ដល់ត្រើយ​ក្នុង​ពេល​អតីតកាល ។ គូស្នេហ៍​នោះ​មាន​ភាព​ល្អូកល្អិន​ផ្អែម​ល្អែ​ម​នឹង​គ្នា ។ លោក Orlando Bloom បាន​នាំ​នាង Katy Perry ទៅ​ជួប Fylnn ជា​កូនប្រុស​របស់​ខ្លួន និង​នាំ​នាង​ទៅ​សម្រាក​លំហែកាយ​ជាមួយ​គ្នា​ទៀត​ផង ។

សារព័ត៌មាន «People» ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តារា​សម្តែង​រូប​នោះ​ហាក់ដូចជា​ចង់​រៀប​ការ​ជាមួយ​នាង Katy Perry ដោយ​និយាយ​ថា «​ខ្ញុំ​ចង់​រួមរស់​ជាមួយ Katy Perry ហើយ​ក៏​ចង់​មានកូន​ជាមួយ​នាង​ដែរ​» ។

គូស្នេហ៍​នោះ​នៅ​មិន​ទាន់​ភ្ជាប់ពាក្យ​ទេ ប៉ុន្តែ​ហាក់ដូចជា​មាន​តម្រុយ​កើតឡើង​ច្រើន ព្រោះ​ខាង​ប្រុស​និយាយ​ថា «​ខ្ញុំ​រមែង​និយាយ​ថា Katy Perry ជា​ស្ត្រី​មាន​ចំណុច​ពិសេស​ជា រឿយ​ៗ​កន្លង​មក ។ ពី​មុន​ខ្ញុំ​មិន​ធ្លាប់​មាន​ទំនុកចិត្ត​ជាមួយ​ស្ត្រី​ណា​ម្នាក់​ឡើយ​» ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ មិត្តភក្តិ​របស់ Katy Perry បញ្ជាក់​ថា មើលទៅ​តារាចម្រៀង​រូប​នេះ​ហាក់ដូចជា​មិន​ទាន់​ត្រៀមខ្លួន​លើ​ការ​រៀប​ការ​ទេ និង​តាម​សម្តី​មិត្តភក្តិ​របស់​នាង​បញ្ជាក់​ថា «​នាង​នៅ​មិន​ទាន់​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ទេ លុះត្រាតែ​នាង​បាន​ជួប​នរណា​ម្នាក់​ដែល​ស្មោះស្ម័គ្រ ម្យ៉ាង​ការ​បែកបាក់​របស់​នាង​ជាមួយ​លោក Russell Brand ហាក់ដូចជា​ច្របូកច្របល់​ក្នុង​អារម្មណ៍​របស់​នាង​បំផុត​» ៕