ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ភាគ​ខាងកើត​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ន៍តា​ម​គម្រោង​ក្នុងពេល​ឆាប់ៗ​

ពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​យួន ក្នុង​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​តាម​ព្រំដែន​ភាគ​ខាងកើត​ឲ្យ​បាន​ឆាប់ ដើម្បី​ជា​របង​ការពារ​បូរណភាព​ទឹកដី​កុំ​ឲ្យ​យួន​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ខ្មែរ​តាម​អំពើ​ចិត្ត​តទៅទៀត​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តាម​តំបន់​ព្រំដែន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែ​ព្រំដែន​ក្នុង​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា​ជាដើម ត្រូវការ​ជា​ចាំបាច់​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក មណ្ឌល​សុខភាព សាលារៀន ទឹកស្អាត និង​អគ្គិសនី​សម្រាប់​ប្រើប្រាស់​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរពិនិត្យមើល​ដំណើរការ​អភិវឌ្ឍន៍រ​បស់​ភាគី​យួន ហើយ​ចាប់ផ្ដើម​អនុវត្តន៍​តាម​ការគ្រោង​ទុក​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​រស់​នៅតាម​ព្រំដែន​កាន់តែច្រើន​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ប្រឈម​នឹង​ការលំបាក​សព្វបែបយ៉ាង ហើយ​មាន​ជីវភាព​ខ្វះខាត​ព្រោះ​គ្មាន​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ប្រកប​របរ​កសិកម្ម ហើយ​នៅពេល​ឈឺ​ពិបាក​ធ្វើដំណើរ​ទៅកាន់​មណ្ឌល​សុខភាព​នៅ​ស្រុក​ចន្ទ្រា ឬ​មណ្ឌល​សុខភាព​នៅ​ក្រុង​បាវិត ដែលមាន​ចម្ងាយ​ពី​៨​ទៅ​៩​គីឡូម៉ែត្រ​។ ដូច្នេះ​ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​រស់​នៅតាម​ព្រំដែន​ដើម្បី​ធ្វើជា​របង​ការពារ​ទឹកដី​នោះ គួរតែ​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​សព្វបែបយ៉ាង ដើម្បី​ឲ្យ​ពលរដ្ឋ​មានលទ្ធភាព​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​សុខសាន្ត​។ ជាពិសេស​អភិបាលខេត្ត​ស្វាយរៀង គួរ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​តាម​តំបន់​ព្រំដែន​ដើម្បី​អភិវឌ្ឍន៍​តាម​គម្រោងរ​បស់​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់ ធ្វើយ៉ាងណា​កុំ​ឲ្យ​គម្រោង​អភិវឌ្ឍន៍​តាម​ព្រំដែន​ភាគ​ខាងកើត​ក្លាយទៅជា​រឿង​ឥតន័យ​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ ក្នុង​វេទិកា​ស្ដីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ពី​រឿង​លោក​ចុះហត្ថលេខា​អនុញ្ញាត​ឲ្យ​មានការ​អភិវឌ្ឍ​ផ្លូវ​តាម​ខ្សែក្រវាត់​ព្រំដែន​ភាគ​ខាងកើត ហើយ​រៀបចំ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បា​នស​ម​រម្យ​តាម​ព្រំដែន​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែ​ព្រំដែន​នៃ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​ន៍តា​ម​ខ្សែ​ព្រំដែន​ភាគ​ខាងកើត​ឲ្យ​បាន​ឆាប់ ហើយ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ផ្លូវថ្នល់ ប្រឡាយទឹក ផ្សារ សាលារៀន មន្ទីរពេទ្យ អគ្គិសនី និង​ទឹកស្អាត គឺជា​ប្រការ​សំខាន់បំផុត​ដើម្បី​ទាក់ទាញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចង់ទៅ​រស់នៅ​តាម​ព្រំដែន​ធ្វើជា​របង​ការពារ​បូរណភាព​ទឹកដី​។ ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុវត្តន៍​តាម​គម្រោង​ទេនោះ ប្រជាពលរដ្ឋ​ខ្មែរ​មិនអាច​មានលទ្ធភាព​ទៅ​រស់​នៅតាម​ខ្សែ​ព្រំដែន​បានឡើយ ព្រោះ​ការខ្វះខាត​ផ្នែក​ជីវភាព​ធ្វើ​ឲ្យ​ពួកគាត់​បង្ខំចិត្ត​ជួល​ដីស្រែ​ឲ្យ​យួន ឬ​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​៕

3 11 9 5