​មើល​ជោគ​វា​សនា​ប្រចាំ​អាយុ​លោក​អ្នក​ជួប​សំណាង​ឬ​អាក្រក់​​

ជោគ​លាភ​ក្នុង​ឆ្នាំ​នីមួយៗ​ លោក​អ្នក​ពិតជា​ចង់​ដឹង​ថា​ នៅ​ពេល​អាយុ​ប៉ុណ្ណេះ តើ​នឹង​ជួប​រឿង​រ៉ាវ​ ល្អ​ឬ​អាក្រក់​អ្វីខ្លះ។ តាម​តម្រា​សាស្ត្រ​ផ្កាយ​ចរ​ប្រចាំ​ជីវិត​ និពន្ធ​ដោយ​ កង ផាន់ បាន​បង្ហាញ​ដូច​ខាង​ក្រោម​៖

 

​មើល​ជោគ​វា​សនា​ប្រចាំ​អាយុ​លោក​អ្នក​ជួប​សំណាង​ឬ​អាក្រក់​​

 

@ប្រុស​អាយុ៖ ១២  ៦៨  ៧៦  ៨៤  ៩២  ១០០  ៦០
@ស្រី​អាយុ​៖ ១៤  ២២  ៣០  ៣៨  ៤៦  ៥៤  ៦២  ៧០  ៧៨  ៨៦  ៩៤

 

រាសី​ឡើង​ខ្ពស់​ណាស់។​ តាម​ការ​ពិត​សេចក្ដី​​ព្យាយាម​របស់​អ្នក​មាន​ត្រឹម​ណា​ លាភ​នោះ​បាន​ប៉ុណ្ណឹង​ដែរ។ អ្នក​នឹង​​បាន​ប្រសើរ​លើស​លប់​នូវ​សេចក្ដី​សុខ​កាយ​សប្បាយ​ចិត្ត​ លាភ​ផល​ញាតិ​មិត្ត​ជិត​ឆ្ងាយ​ រួម​ទាំង​ការ​សិក្សា​ យស​សក្កិ​អំណាច សុទ្ធ​តែ​មាន​ជោគ​ជ័យ​ប្រកប​ទៅ​ដោយ​ការ​លូត​លាស់​រីក​ចម្រើន។ ពិសេស​អ្នក​មុខ​ជា​បាន​ដល់​ទទួល​​សុភមង្គល​ប្រចាំ​ជីវិត​។​ សូម​កត់​សម្គាល់​ថា​ ជោគជ័យ​សម្រាប់​លោក​អ្នក​ក្នុង​ឆ្នាំ​នេះ​ ស្ថិត​នៅ​ខាង​បូពា៍។

 

@ប្រុស​អាយុ​៖ ៦១  ៦៩  ៧៧  ៨៥  ៩៣  ៥៣
@ស្រី​អាយុ​៖ ១៣  ២១  ២៩  ៣៧  ៤៥  និង​ ៥៣

 

បើ​មិន​មាន​ការ​ជា​ចាំ​បាច់​ មិន​គួរ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ នា​ទិស​ឥសាន​ញឹក​ញាប់​ពេក​ទេ ក្រែង​មាន​រឿង​រ៉ាវ​​បណ្ដាល​ឡើង​ពី​សត្រូវ​ផ្ទុយ​ភេទ​គ្នា គេ​ចាប់​ចោទប្រកាន់​ ដោយ​ប្រការ​ផ្សេងៗ​។ ប្រសិន​បើ​ទៅ​ទិស​នោះ​ហើយ​ជួន​ជា​បាន​ជួប​ប្រទះ​លាភ​មាន​ជីវិត​ជើង​២ នោះ​ក៏​កុំ​គប្បី​ទទួល​ ឬ​អប​អរ​សាទរ​​យក​ជាទី​សង្ឃឹម​ឡើយ​។ ម្យ៉ាង​ទៀត​ក្នុង​ឆ្នាំ​នេះ​ បើ​ជា​ឱកាស​គួរ​ដល់​ពេល​វេលា​រៀប​អាពាហ៍ពិពាហ៍​​ តែ​​បើ​អាច​ពន្យារ​​ពេល​បាន​ គប្បី​សង្កេត​ពិនិត្យ​ឲ្យ​ហ្មត់​ចត់។

 

បើ​រឿង​ស្នេហា​មិន​បាន​ពិចារណា​រក​ហេតុ​ផល​ឲ្យ​ល្អិត​ល្អន់​ទេ មុខ​តែ​មាន​វិបត្តិ​​កើត​អម​ជាមួយ​គ្នា បើ​មិន​ឆាប់​ក៏​យូរ​មិន​ខាន​ ព្រោះ​រាសី​លោក​អ្នក​ក្នុង​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ក្នុង​គំនរ​ទុក្ខ ព្រោះ​ស្នេហា​ជា​ទោស។ ហេតុ​នេះ​សូម​តាំង​ចិត្ត​អំណត់​ប្រុង​ស្មារតី​ចង​ចាំ​ជានិច្ច​​ឲ្យ​បាន​រឹង​ជំហរ ត​ទល់​នឹង​គ្រោះ​ស្នេហ៍​នា​ពេលនេះ​​ កុំ​ឲ្យ​ចូល​មក​ទាញ​ទាក់​ស្មារតី​បាន។
​​​
 
@ប្រុស​អាយុ​៖ ១៤ ២២ ៣០ ៨៦ ៩៤ ៥៤
@ស្រី​អាយុ៖ ១ ២ ២០ ២៨ ៣៦ ៤៤ ៥២ ៦០ ៦៨ ៧៦ ៨៤ ៩២ ១០០

 

​មើល​ជោគ​វា​សនា​ប្រចាំ​អាយុ​លោក​អ្នក​ជួប​សំណាង​ឬ​អាក្រក់​​

 

ក្នុង​ឆ្នាំ​នេះ​មុខ​ជា​មាន​ភ័ព្វ​វាសនា បាន​ជួប​ប្រទះ​នឹង​លាភ​ផល​សម​ចិត្ត​ប្រាថ្នា​មិន​ខាន​។ រាសី​ក្នុង​ឆ្នាំ​នេះ​អាច​ស្រូប​យក​លាភ​សក្ការៈ​ដោយ​ច្រើន​ៗ​បាន​ពី​ទិស​ឧត្តរ​ ចំពោះ​លាភ​លឿង​និង​លាភ​យស ។ ​តែ​គួរ​កត់​សម្គាល់​ថា​ លាភ​ផល​ទាំង​ឡាយ​ដែល​បាន​ក្នុង​ឆ្នាំ​នេះ​លំបាក​ទុក​ដាក់​ឬ​រក្សា​ឲ្យ​គង់​វង្ស​បន្តិច​ ព្រោះ​មាន​​ញាតិ​មិត្រ​ ត្រូវ​ការ​ខ្ចីឬ​សុំ​ឲ្យ​ជួយ​ទំនុក​បម្រុង​រឿយ​ៗ ។ បើ​មិន​ដូច្នេះ​ក៏​ត្រូវ​ដូរ​ដោះ​យក​ទ្រព្យ​របស់​ផ្សេង​ៗ​ដទៃ​ទៀត មក​ជំនួស​វិញ​ដែរ។

 

មួយ​វិញ​ទៀត ច្រើន​បានលាភ​គ្មាន​ជីវិត​ច្រើន​ជាង​មាន​ជីវិត​ដែល​ជា​លាភ​ផល​ក្នុង​ពេលនេះ​អាស្រ័យ​ហេតុ​ផល​ស្រប​នឹង​ការ​ប្រកប​ ហើយ​នឹង​អំពើ​ប្រព្រឹត្ត​ព្យាយាម​របស់​អ្នក​ព្រម​ជាមួយ​គ្នា​និង​ធាតុ​ដែល​ស្ថិត​នៅ​កៀក​កិត​ជុំ​ជិត​ខ្លួន​។ បើ​និយាយ​បី​ទំហំ​លាភ​វិញ ជា​លាភ​ធំ​​ស្តុក​ស្តម្ភ​ទៀត​ផង។

 

តាម​ពិត​​ក្នុង​ឆ្នាំ​នេះ​គួរ​ដល់​ពេល​រៀប​ចំ​មង្គល​ការ​របស់​លោក​អ្នក​​ក្នុង​ពេល​នេះ​ផង​ ជា​ជោគ​ជ័យ​ប្រចាំ​​គ្រួសារ​ឥត​មាន​អ្វី​មក​ប្រដូច​បាន​ឡើយ។

 

@ប្រុស​អាយុ៖ ៦៣ ៧១ ៧៩ ៨៧ ៩៥ ៥៥
@ស្រី​អាយុ​៖ ១៩  ២៧  ៣៥  ៤៣ ៥១  ៥៩  ៦៧  ៧៥  ៨៣  ៩១​  ៩៩

 

ក្នុង​ឆ្នាំ​នេះ​មុខ​ជា​​សៅ​ហ្មង​ចិត្ត​ច្រើន​ហើយ។ ជា​​ធម្មតា​ច្រើន​មាន​សេចក្ដី​អាប់​អួរ​ស្រពាប់​ស្រពោន​ចិត្ត​ញឹក​ញយ​បន្តិច​ សំបូរ​ការ​ថ្នាំង​ថ្នាក់​ជា​ច្រើន​ បើ​មិន​ក្នុង​​​គ្រួសារ​ ​ក៏​ញាតិ​មិត្ត​​ ឬ​អ្នក​ដទៃ​​ចោម​រោម​ ស្អប់។ ពុំ​នោះ​សោត​ខ្លួន​ច្រើន​ងប់​វក់​​ក្នុង​ផ្លូវ​ល្បែង​ភ្នាល់​ផ្សេងៗ​។ ការ​លើស​ខ្វះ​ឬ​ឆ្គាំ​ឆ្គង​ទោះ​ជា​ចេតនា​ក្តី​ អចេតនា​ក្តី​ ក៏​ចេះ​តែ​ជួប​ប្រទះ​មិន​សូវ​បាន​ស្រាក​ស្រាន្ត​ ការ​បង្ករឿង​ទាំង​សង​ខាង​ក្នុង​និង​ក្រៅ​ ក៏​ចេះ​តែ​ផ្ដួចផ្ដើម​ឡើង ។

 

សរុប​ទៅ​គឺ​ស៊យ​ណាស់​ ពាក្យ​សំ​ដី​និយាយ​ទៅ​កាន់​អ្នក​ផង ច្រើន​តែ​ជ្រុល​មាត់​ភ្លាត់​វាចា​ ពិសេស​ត្រូវ​មាន​ការ​ខាត​បង់​ទ្រព្យ​ធន​ ទោះ​តិច​ឬ​ច្រើន​ពុំ​លោះ​ឡើយ​ ឬ​មួយ​មាន​វិវាទ​នឹង​សង្គម​គ្រួសារ​ សឹង​តែ​ដល់​​ការ​វាយ​ប្រហារ​គ្នា​ផង​ក៏​សឹង​មាន​។ ពុំ​នោះ​មាន​ឈ្លោះ​ទាស់​នឹង​មនុស្ស​ភេទ​ដូច​គ្នា។ រឿង​នេះ​ប្រសិន​បើ​យក​កម្លាំង​ ឬ​គ្រឿង​ស្រវឹង​ជា​ជំនួយ​ផង អ្នក​មុខតែ​លុះ​ក្នុង​រឿង​រ៉ាវ​យ៉ាង​ធំ​លំបាក​នឹង​កែ​ខ្លួន​កើត។ ហេតុ​នេះ​សូម​ប្រយ័ត្ន​គ្រប់​កិច្ចកល​ឲ្យ​ដិត​ដល់​ទើប​លោក​អ្នក​បាន​ចៀស​ចាក​ផុត​ពី​គ្រោះ​កម្ម​ប្រចាំ​អាយុ​ក្នុង​ឆ្នាំ​នេះ​បាន​។

 

 

@ប្រុស​អាយុ៖ ៦៤  ៧២  ៨០  ៨៨  ៩៦  ៥៦
@ស្រី​អាយុ៖ ១៨  ២៦  ៣៤ ​៤២  ៥០  ៥៨ ​៦៦  ៧៤  ​​៨២ ​ ៩៦  ៩៨

 

មុខ​ជា​បាន​ទទួល​ការ​នឿយ​ហត់​ច្រើន​សំបូរ​ទៅ​ដោយ​សេចក្ដី​លំបាក​ចិត្ត​ លំបាក​កាយ​ធ្វើ​ការ​​មាន​ទំនាស់​ច្រើន​។ ការ​ធ្វើ​ដំណើរ​ចេញ​ទៅ​ជិត​ឆ្ងាយ​ច្រើន​អាសា​ឥត​ការ​ ជា​ពិសេស​គ្រោះ​កម្ម​ ប្រចាំ​ទិស​បស្ចឹម​។ ពេល​នៅ​ផ្ទះ​ក៏​អារម្មណ៍​អ្នក​ស្អុះស្អាប់​ លុះ​ធ្វើ​ដំណើរ​តាម​ជើង​ទឹក​ក៏​មិន​ល្អ។​

 

តាម​ពិត​ក្នុង​ឆ្នាំ​នេះ​អ្នក​ពុំ​គួរ​ធ្វើ​​ដំណើរ​ទៅ​កាន់​ភូមិ​ស្រុក​ឆ្ងាយ​ ទទួល​បញ្ញើ ​ជួយ​ឈឺ​ឆ្អាល​គេ​ហួស​អាត្មា​ឡើយ ។ ម្យ៉ាងទៀត​គួរ​លោក​អ្នក​ប្រុង​ជើង​ការ​រក​មធ្យោបាយ​លុប​លាង​នូ​វការ​​ក្រវល់​ចិត្ត​នេះ​ចេញ​​ ហើយ​គួរ​ប្រើ​ការ​​ពិចារណា ស្ទង់​មើល​ហេតុ​ផល​ឲ្យ​បាន​ជានិច្ច​ផង ទើប​មាន​ប្រសិទ្ធ​ភាព​ជោគ​បាន​ល្អ ឬ​សម្រេច​ទៅ​បាន​យថាកម្ម។

 

​មើល​ជោគ​វា​សនា​ប្រចាំ​អាយុ​លោក​អ្នក​ជួប​សំណាង​ឬ​អាក្រក់​​

 

@ប្រុស​អាយុ៖ ៦៥  ៧៣  ៨១  ៨៩  ៩៧  ៥៧
@ស្រី​អាយុ៖ ១៧  ២៥  ៣៣  ៤១  ៤៩  ៥៧  ៦៥  ៧៣  ៨១  ៨៩ ​៩៧

 

មាន​ការ​បញ្ចេញ​ញើស​ចំណាយ​កម្លាំង​ច្រើន​ សូម្បី​ការងារ​ដែល​ទាក់​ទង​នឹង​ប្រាក់​មាស​ក៏​មាន​ភ្លាត់​ខ្លះ​ចាប់​មិន​បាន​ដែរ។ លោក​អ្នក​អាច​​ត្រូវ​រង​គ្រោះ​ចៃដន្យ​​ផង​ក៏​មាន​ ។ បើ​មាន​ទ្រព្យ​ឲ្យ​គេ​ខ្ចី​បុល​ចង​ការ​ ​មុខ​ជា​មាន​ខូច​ខាត​ឬ​កើត​ទោស​ព្រោះ​ទ្រព្យ​នេះ​មិន​ខាន​។ មិន​គួរ​ធ្វើ​ដំណើរ​ទៅ​ទិស​ឆ្ងាយ​ដាច់​ស្រយាល​ខាង​លិច​តែ​ម្នាក់​ឯង​នោះ​ទេ ។​ មួយ​វិញ​ទៀត​មិន​គួរ​កាប់​រលំ​ឈើ​ក្បែរ​ភូមិ​ផ្ទះ​ មិន​គួរ​ចូល​ព្រៃ​ធំ​ស្ងាត់​ ​ព្រោះ​ថា​រាសី​របស់​អ្នក​ក្នុង​ឆ្នាំ​នេះ​ ត្រូវ​ឈើ​ធំ​រលំ​សង្កត់​ ហើយ​បើ​មិន​ដូច្នោះ​ទេ បច្ចាមិត្រ​ឆ្លៀត​ឱកាស​នេះ​ដើម្បី​ព្យាបាទ​អ្នក។​​​

 

@ប្រុស​អាយុ៖ ៦៦  ៧៤  ៨២  ៩០  ៩៨  ៥៨
@ស្រី​អាយុ៖ ១៦  ២៤  ៣២  ៤០  ៤៤  ៥៦  ៦៤  ៧២  ៨០  ៨៨  ៩៦

 

ភ័ព្វ​វាសនា​របស់​អ្នក​​វិល​មក​ដល់​ហើយ​ ។ លាភ​ជើង​២ ជើង​៤ មាន​ជីវិត​ឥត​ជីវិត​ត្រូវ​បាន​មក​ជា​លទ្ធផល​ដល់​លោក​អ្នក​។​ អ្នក​​មុខជា​បាន​ទទួល​យក​ជា​ទ្រព្យ​ព្រេង​បូរាណ​ ការ​របរ​សព្វ​បែបយ៉ាង​​ មាន​សភាព​ជា​អ្វី​ក៏​ដោយ​ដែល​លោក​អ្នក​បាន​ព្យាយាម​និង​ប្រព្រឹត្ត​សុទ្ធ​តែ​នាំ​មក​នូវ​ផល​ប្រយោជន៍​និង​គុណ​បំណាច់​យ៉ាង​ធំ​ទូលាយ​ កិច្ចការ​ផ្ទាល់​ក្ដី​ ប្រយោល​ក្ដី​ ក្នុង​រាជការ​មុខ​តែ​បាន​ទទួល​បាន​កិត្តិយស​ ឡើង​ដំណែង​កាន់​នាទី​យ៉ាង​ខ្ពស់​ឧត្ដម​ប្រយោជន៍​ដោយ​​សេចក្ដី​រុងរឿង​ សំបូរ​សប្បាយ​សុខ​ខុមដ៏​រីករាយ​ក្នុង​ឆ្នាំ​នេះ​ហៅ​ថា មហា​សុខ​ក្រៃ​លែង។

 

 

@ប្រុស​អាយុ​៖ ៦៧  ៧៥  ៨៣  ៩១  ៩៩  ៥៩
@ស្រី​អាយុ​៖ ១៥  ២៣ ​៣១  ៣៩  ៤៧  ៥៥  ៦៣  ៧១ ​៧៩  ៨៧  ៩៥

 

ក្នុង​ឆ្នាំ​នេះ​​ច្រើន​ទទួល​ការ​ឈ្លាន​ពាន​និង​ប្រ​មាថ​មើល​ងាយ​ពី​សត្រូវ​រឿយ​ៗ​។ ពុំ​នោះ​សោត​នឹង​មាន​ការ​ប្រេះឆា​ បែក​សាម​គ្គី​រវាង​ញាតិ​មិត្ត ឬ​អ្នក​រួម​ការងារ។ ​បើ​តាម​​ពិត​ការ​ចង​សម្ព័ន្ធ​មេត្រី​ ក្នុង​ឆ្នាំនេះ​នឹង​មាន​ការ​រង្គោះ​រង្គើរ​ឬ​ប្រែ​ក្លាយ​ជា​រឿង​អាក្រក់​វិញ។ ចំពោះ​​គ្រឿង​ស្រវឹង​ គួរ​តែ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​កុំ​សាក​ល្បង​ ព្រោះ​រាសី​របស់​អ្នក​ក្នុង​ឆ្នាំ​នេះ​ធ្លាក់​ចំ​ក្នុង​គំនរ​ភ័យ។​ ម្យ៉ាងទៀត​ បើ​ធ្វើ​ដំណើរ​ចូល​ព្រៃ​ជ្រៅ​ត្រូវ​ប្រយ័ត្ន​ឲ្យ​មែន​ទែន​ ​រី​ឯ​ទ្រព្យ​សម្បត្តិ​ច្រើន​ជ្រុះ​បាត់​ឬ​បែក​បាក់​ ។ ចំណែក​សេចក្ដី​ទុក្ខទោស​មាន​ប្រចាំ​ជានិច្ច ។ យក​ល្អ​ គួរ​រៀប​ចំ​ពិធី​រំដោះ​គ្រោះ​ដោយ​និមន្ត​ព្រះ​សង្ឃ​សូត្រ​មន្ត​ ទើប​ជា​កិច្ច​រួច​ជោគ​គ្រោះ​បាន​គ្រប់យ៉ាង។

 
 

អត្ថបទ៖ លឹម សុ​នា​