ព្រៃ​អភិរក្ស​នៅ​ជួរ​ភ្នំក្រវាញ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​មិនទាន់មាន​ការទប់ស្កាត់​

ប្រភពព័ត៌មាន​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ចេញពី​តំបន់​ជួរ​ភ្នំក្រវាញ នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នៅឡើយ​ទេ​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​អះអាងថា​គ្មាន​ការកាប់​ឈើ​ទ្រង់ទ្រាយ​ធំ​តទៅទៀត​នោះ គួរ​ចុះទៅ​ពិនិត្យមើល​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ជួរ​ភ្នំក្រវាញ​ជាបន្ទាន់ ពិសេស​នៅ​ចំណុច​ច្រេស​ច្រ​ងាំ​ជ្រុំ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ ដោយហេតុថា​មន្ត្រី​បរិស្ថាន​ការពារ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ពុំមាន​សមត្ថភាព​បង្ក្រាប​បទល្មើស​ឡើយ ហើយ​មានការ​រិះគន់​ចំៗ​ថា ពួកគេ​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។

ថ្មីៗ​នេះ​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បានធ្វើ​សកម្មភាព​ល្បាត​ក្នុងព្រៃ​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល ហើយ​បាន​រកឃើញ​គំនរ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កន្លែង​ដែល​ឈ្មួញ​គរ​ទុក ក៏ដូចជា​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​រលូន​។ ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា គំនរ​ឈើ​ធ្នង់​និង​ឈើ​ចម្រុះ​ជាច្រើន​កន្លែង​ត្រូវ​ឈ្មួញ​អារ​គរ​លាក់ទុក​នៅ​ចំណុច​ច្រេស​ច្រ​ងាំ​ជ្រុំ និង​ទីតាំង​មួយចំនួនទៀត​ក្នុង​ទឹកដី​ស្រុក​ភ្នំក្រវាញ ហើយ​ត្រៀម​ដឹកជញ្ជូន​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានបញ្ជាក់​ច្បាស់​ថា បទល្មើស​កាប់​ឈើ​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ ពុំមាន​ការថយចុះ​ទេ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចុះ​ពិនិត្យ​ដោយផ្ទាល់​ចៀសវាង​ជឿ​តាម​របាយការណ៍​ភូតភរ​របស់​មន្ត្រី​ថ្នាក់ក្រោម ក្នុងខណៈ​បទល្មើស​នៅតែមាន​សកម្មភាព​ខ្លាំង​ក្លា​។

ទាក់ទង​បញ្ហា​ខាងលើ​នេះដែរ សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធ​តូចតាច​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា អ្នក​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ គឺជា​ឧកញ៉ា អ្នកមាន​លុយ អ្នកមានអំណាច ហើយ​អ្នកខ្លះ​ជា​មន្ត្រី​កម្លាំងប្រដាប់អាវុធ​ទៀតផង​។ ហេតុនេះហើយ​ទើប​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ពិបាក​ក្នុងការ​ទប់ស្កាត់​ឬ​បំពេញ​តួនាទី​របស់ខ្លួន ព្រោះ​ឈ្មួញ​ខ្លះ​បាន​យក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើជា​ខ្នងបង្អែក​ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើក​ជា​អនុសាសន៍​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅ​តំបន់ភ្នំ​ក្រវាញ ប្រកបដោយ​ប្រសិទ្ធភាព គឺ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បង្ក្រាប​ឈ្មួញ​ធំៗ ជាពិសេស​ឈ្មួញ​ដែលជា​ឧកញ៉ា និង​ជាម​ន្ត្រី​ប្រដាប់អាវុធ ព្រោះ​ពួកគេ​អាង​អំណាច អាង​លុយ ហើយ​ប្រព្រឹត្ត​បទល្មើស​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

43fd5d4f-cf8e-46c1-9fc6-8dacbabcc8f4 ១-5លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន dfe8be87-53dc-4565-8949-3dcc815ae29f 0e809912-4f6e-4a3d-b589-0b705f2a789e