វែកមុខ​ចោរ​គាស់​ទូដែក​លួច​លុយ​រោងចក្រ​រាប់​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ចោម​ចៅ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​រួម​ជាមួយបក្សពួក ធ្វើ​សកម្មភាព​គាស់​ទូដែក​នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង យីហោ​វី​ស្តា​រ៍ លួច​លុយ​បាន​ចំនួន​៩៧.៨១៥​ដុល្លារ​និង​១៩៩.៩៨៣.៨០០​រៀល ហើយ​ព្យាយាម​រត់គេច​ខ្លួន​បាន​កន្លះ​ខែ ។

ការ​ចាប់ខ្លួន​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ជិត​វត្ត​គោក​បញ្ជាន់ ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​រូប​នេះ​ឈ្មោះ វ៉ា​ន់ ចាន់​ទុំ អាយុ​៣២​ឆ្នាំ ជា​អតីត​ជំនួយការ​រដ្ឋបាល​នៅ​រោងចក្រ​ផលិត​ស្បែកជើង​វី​ស្តា​រ៍ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ ។

ជន​នេះ​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​តាម​ដីកា​លេខ​១៩៧១​ដប​ន​/១៦ ចុះ​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ ចេញ​ដោយ​លោក កែវ សុធា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ ចោទប្រកាន់​ពី​បទ​លួច ។ មន្ត្រី​នគរបាល​និយាយ​ថា សកម្មភាព​លួច​លុយ​នោះ​បាន​កើតឡើង​កាលពី​កន្លះ​ខែ​មុន គឺ​នៅ​អំឡុង​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែសីហា នៅ​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​ខាងលើ ស្ថិត​ក្នុងភូមិ​អង្គ​សុ​គ​ន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

កាលនោះ​ជនសង្ស័យ​គឺជា​ជំនួយការ​រដ្ឋបាល ដែល​អាច​ចេញចូល​ក្នុង​រោងចក្រ​បាន​តាម​ចិត្ត ហើយ​នៅ​វេលា​រំលង​អធ្រាត្រ​យប់​នោះ ជន​នេះ​រួម​ជាមួយ​បក្សពួក​មួយ​ចំនួន​ទៀត បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទូដែក​លួច​យក​លុយ ។ លុយ​នៅ​ក្នុង​ទូដែក​នោះ​មាន​ជាង​២០​ម៉ឺន​ដុល្លារ និង​លុយ​រៀល​ជិត​២​រយ​លាន​រៀល ដែល​ថៅកែ​ត្រៀម​ទុក​សម្រាប់​បើក​ឱ្យ​កម្មករ ប៉ុន្តែ​ក្រុម​ជនសង្ស័យ​លួច​យក​បាន​ចំនួន ៩៧.៨១៥​ដុល្លារ​និង​១៩៩.៩៨៣.៨០០​រៀល នៅ​សល់​ជាង​១០​ម៉ឺន​ដុល្លារ​ទៀត​មិន​បាន​យក​ទេ និង​ត្រូវ​បាន​នគរបាល​ប្រគល់​ជូន​ទៅ​ថៅកែ​រោងចក្រ​វិញ​ក្រោយ​ការ​ត្រួតពិនិត្យ ។

ជនសង្ស័យ​ត្រូវ​បាន​កំណត់​មុខសញ្ញា​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ក្នុង​រោងចក្រ​នោះ ទើប​សុំ​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ចេញ​ដីការ​ចាប់ខ្លួន​ជន​នេះ ។ ក្រោយ​ពី​ទទួល​បាន​ដីកា​ពី​សាលាដំបូង​ខេត្តកំពង់ស្ពឺ​រួច​មក កម្លាំងសមត្ថកិច្ច​បាន​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ ហើយ​រហូត​ដល់​ពេល​នេះ​ទើប​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​គឺ​ឈ្មោះ វ៉ា​ន់ ចាន់​ទុំ ក្នុង​ខណៈ​ពេល​ជន​នេះ​កំពុង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ សង្កាត់​ខាងលើ ។

នៅ​ពេល​ចាប់ខ្លួន​នេះ ក៏​មានការ​តវ៉ា​ពី​សំណាក់​ឪពុក​របស់​គេ​ដែរ ដោយ​គាត់​ចង់​និយាយ​ថា កូន​គាត់​មិន​បានដឹង​អី​សោះ នៅ​សុខ​ៗ​ស្រាប់តែ​នាំ​គ្នា​ទៅ​ចាប់​កូន​របស់​គាត់ ប៉ុន្តែ​ភ្លាម​ៗ​នោះ​សមត្ថកិច្ច​បាន​អាន​ដីកា​ឲ្យ​គាត់​ស្ដាប់​មួយ​ចប់ និង​បាន​ហុច​ដីកា​នោះ​ឲ្យ​គាត់​កាន់​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ដៃ​ថែម​ទៀត ទើប​គាត់​សុខចិត្ត​ឲ្យ​នាំ​ខ្លួន​កូន​គាត់​ចេញ​មក ។ ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ព្រមទាំង​ធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក​ដែល​នៅ​សេសសល់​បន្ត​ទៀត ។

ដូច​ការ​សន្និដ្ឋាន​ពី​មុន​ដែល​ថា ចោរ​នោះ​មិន​នៅ​ឆ្ងាយ​ឡើយ ព្រោះ​ចោរ ឆ្ងាយ​មិន​អាច​ចូល​គាស់​ទូដែក​ដាក់​លុយ​ដូច​ស្គាល់​ភូមិសាស្ត្រ​នោះទេ ៕