ជប៉ុន​ធ្វើ​សម​យុទ្ធ​គ្រាប់​ពិត​ភ្លាម បន្ទាប់​ពី​ព្យុងយ៉ាង​ប្រកាស​ភាព​ជោគជ័យ​ នៃ​ការ​សាកល្បង​មីស៊ីល

កងទ័ពស្វ័យការពាររបស់ជប៉ុន (SDF) បានធ្វើសមយុទ្ធគ្រាប់ពិតដ៏ធំមួយ នៅក្បែរភ្នំ Fuji កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានប្រកាសពីភាគជោគជ័យ នៃការសាកល្បងមីស៊ីលរបស់ខ្លួន ដែលគេបាញ់ធ្លាក់ក្នុងតំបន់ការពារដែនអាកាសជប៉ុន ដោយសមយុទ្ធគ្រាប់ពិតនេះ មានការចូលរួមពីសំណាក់កងទ័ពរាប់ពាន់នាក់ រថក្រោះ កាំភ្លើងធំ និងឧទ្ធម្ភាគចក្រជាច្រើនផងដែរ ។

កងទ័ពប្រមាណ២៤០០នាក់ រថក្រោះ កាំភ្លើងធំ និងឧទ្ធម្ភាគចក្រជាច្រើនទៀត ត្រូវគេបញ្ជូនទៅកន្លែងហាត់បាញ់ Higashi-Fuji ដើម្បីធ្វើសមយុទ្ធគ្រាប់ពិត ចម្ងាយ៨០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានី Tokyo ដោយសមយុទ្ធនៅជើងភ្នំ Fuji ត្រូវបានគេធ្វើឡើងរៀងរាល់ឆ្នាំ គ្រាន់តែលើកនេះ ធ្វើចំពេលដែលព្យុងយ៉ាងសាកល្បងមីស៊ីល ហើយបានប្រកាសពីមហាជោគជ័យរបស់ខ្លួនប៉ុណ្ណោះ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោកស្រី Tomomi Inada បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយលោកស្រីមិនត្រឹមតែចាត់ទុកវាជាការគំរាមដល់សន្តិសុខជាតិជប៉ុនតែមួយនោះទេ តែជាការគំរាមដល់ពិភពលោកតែម្ដង ។

ស្ថានភាពដ៏តានតឹងដែលបង្កឡើងដោយរដ្ឋាភិបាលព្យុងយ៉ាងនេះ ធ្វើឲ្យអាមេរិកដែលជាមហាអំណាច និងជាបងធំជប៉ុន និងកូរ៉េខាងត្បូង បញ្ជូនប្រព័ន្ធការពារមីស៊ីល THAAD ទៅកូរ៉េខាងត្បូង និងយន្តហោះទម្លាក់គ្រាប់បែក មានសមត្ថភាពផ្ទុកនុយក្លេអ៊ែរជាច្រើនគ្រឿង ទៅកាន់មូលដ្ឋានទ័ពលើកោះ Guam ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

សូមបញ្ជាក់ថា ដោយសារតែការបាញ់មីស៊ីលកូរ៉េខាងជើងនេះ បានធ្វើឲ្យជប៉ុនធ្វើសមយុទ្ធមួយ រីឯកូរ៉េខាងជើង និងអាមេរិក រួមគ្នាធ្វើសមយុទ្ធមួយទៀត ដែលត្រូវព្យុងយ៉ាងហៅវាថា ជាការហាត់សមត្រៀមវាយប្រហារពិតៗមកលើកូរ៉េខាងជើង ៕

ប្រភព៖ kqube

  • ជប៉ុន​ធ្វើ​សម​យុទ្ធ​គ្រាប់​ពិត​ភ្លាម បន្ទាប់​ពី​ព្យុងយ៉ាង​ប្រកាស​ភាព​ជោគជ័យ​ នៃ​ការ​សាកល្បង​មីស៊ីល已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ជីវិតនិងសង្គម
Tags: