វិធីសាស្ត្រ​បី​យ៉ាង​ធ្វើ​ជីធម្មជាតិ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ប្រើ​​​ជី​គីមី​​​

ការ​ប្រើ​ប្រាស់​ជី​ធម្មជាតិ លើ​​ផល​ដំណាំ បន្លែ​ ផ្លែ​ឈើ​ហូប​ផ្លែ​ ជា​​សកម្មភាព​​មួយ​ដែល​​​​​បង​ប្អូន​ខ្មែរ​​និយម​គាំ​ទ្រ ព្រោះ​វា​មាន​ភាព​ល្អ​ប្រសើរ​​ជាង​ ​ជី​គីមី​​ដែល​ប៉ះ​ពាល់​ដល់​សុខភាព។ ដើម្បី​​ជា​ការ​ចែក​រំលែក​ដល់​កសិករ​ នូវ​វិធី​ធ្វើ​ជី​សរីរាង្គ​ លោក​ឥន្ទ សុខសាន្ត អ្នក​ឯក​ទេស​ផ្នែក​ជី​ធម្មជាតិ បាន​ណែនាំ​ពី​វិធីសាស្រ្ត​​ចំនួន​បី​ដូច​យ៉ាង​ក្រោម៖ ​​​​​​​​​​​​

 

វិធីសាស្ត្រ​បី​យ៉ាង​ធ្វើ​ជីធម្មជាតិ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ប្រើ​​​ជី​គីមី​​​

លោក​ឥន្ទ សុខសាន្ត អ្នក​ឯក​ទេស​ផ្នែក​ជី​ធម្មជាតិ

 

***វិធីសាស្ត្រ​​ទី​១ ការ​ធ្វើ​ជី​ហប់ (សំបូរ​ជាតិ​អាសូត និង​ផូស្វ័រ)
ធាតុ​ផ្សំ​៖
– ស្លឹក​ទន្ទ្រានខេត្ត ស្លឹក​ចន្ទគីរី​ ឬ​ស្លឹក​អម្ពិល​បារាំង​ ដែល​អាច​រក​បាន​ក្នុង​ចំនួន​មួយ​សម​ល្មម​
– លាមក​គោ​សើម បី​បង្គី
របៀប​ធ្វើ៖
– យក​ស្លឹក​ទន្ទ្រាន​ខេត្ត ឬ​ស្លឹក​អម្ពិល​បារាំង​​​លាយ​ជា​មួយ​លាមក​គោ ច្រក​ក្នុង​ថង់​ប្លាស្ទិក​រួច​ចង​មាត់​ឲ្យ​ជិត។
– ជីក​ដី​កប់​ថង់​ជី​​​​​ខាង​លើ​នោះ​​រយៈ​ពេល​១០ ទៅ​១២​ថ្ងៃ។
– ​គ្រប់​រយៈ​ពេល​១០​ ទៅ​១២​ថ្ងៃ​ ​កាយ​យក​​ជី​ទៅ​ដាក់​ក្នុង​ពាង​មួយ​ចំណុះ​​៣០០​លីត្រ​ រួច​បូម​ទឹក​ដាក់​ចូល។ ពេល​នោះ​​អ្នក​បាន​ជី​ហប់​​​សម្រាប់​ប្រើ​ប្រាស់ ដោយ​​ពេល​យក​ទៅ​ប្រើ​គឺ​អាច​ដួស​​ជី​មួយ​បោយ (១លីត្រ) លាយ​ជា​មួយ​​ទឹក​មួយ​ធុង​ប៉េត្រូ (១៦​លីត្រ) រួច​យក​ទៅ​ស្រោច​ដំណាំ​បាន។

 

***វិធីសាស្ត្រ​ទី​២
– គល់​ចេក​ចិត​រួច ៨គ.ក. ដាក់​ត្រាំ​ក្នុង​ទឹក​បី​លីត្រ ​​រយៈ​ពេល​៨​ថ្ងៃ
– ស៊ុត​ទា​ឬ​ស៊ុត​មាន់​​​​​គោះ​ដាក់​ក្នុង​ក្រឡ​មួយ​ឲ្យ​បាន​១​គ.ក. (២៣​ទៅ​២៤​គ្រាប់​) គ្រប​ទុក​រយៈ​ពេល​៧​ថ្ងៃ
– ​ទឹក​សុទ្ធ​​៧​លីត្រ
របៀប​ធ្វើ៖
-យក​គល់​ចេក​ចិត​រួច​ច្រោះ​យក​ទឹក​​គល់​ចេក​តែ​១​លីត្រ ដាក់​ក្នុង​ធុង​ប៉េត្រូ រួច​​​លាយ​ជា​មួយ​​ស៊ុត​មាន់​ឬ​ស៊ុត​ទា​ កូរ​ឲ្យ​សព្វ​ គ្រប​ទុក​រយៈ​ពេល​៧​ថ្ងៃ។
– គ្រប់​៧​ថ្ងៃ យក​ទឹក​សុទ្ធ​ចាក់​ចូល​​កូរ​ឲ្យ​សព្វ រួច​គ្រប​ទុក​រយៈ​ពេល​៧​ថ្ងៃ​ទៀត។
គ្រប់​៧​ថ្ងៃ អាច​ប្រើ​ប្រាស់​ជី​នោះ​បាន ដោយ​​ការ​ប្រើ​ទឹក​ជី​នោះ​​នោះ​បែង​ចែក​ជា​បី​គឺ៖
– ប្រើ​សម្រាប់​បាញ់​លើ​បន្លែ​យក​ស្លឹក គឺ​ប្រើ​​១៥ CC ​ លាយ​ទឹក​២០​លីត្រ។
– បាញ់​លើ​បន្លែ​​យក​ផ្លែ ដូច​ជា​ពោត គឺ​ប្រើ​​២៥​ទៅ​៣០ CC លាយ​ទឹក​២០​លីត្រ។
– បាញ់​លើ​ស្រូវ ឬ​ដំណាំ​ហូប​ផ្លែ​ គឺ​ប្រើ​៤០ CC លាយ​ទឹក​២០​លីត្រ។ ​​​​​

 

វិធីសាស្ត្រ​បី​យ៉ាង​ធ្វើ​ជីធម្មជាតិ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ប្រើ​​​ជី​គីមី​​​

 

***វិធីសាស្ត្រ​ទី​៣
– កាក​សំណល់​ត្រី ឬ​ លាមក​ត្រី​ ៥ គ.ក.
– ស្ករ​ល្ងូរ​ (អាចម៍​ស្ករ) ១​គ.ក.
របៀប​ធ្វើ៖

– យក​កាក​សំណល់​ត្រី ឬ​ លាមក​ត្រី​ មក​ប្រឡាក់​ជា​មួយ​ស្ករ​ល្ងូរ​ (អាចម៍​ស្ករ) ទុក​ក្នុង​ពាង​មួយ​ផ្អាប់​ទុក​រយៈ​ពេល​កន្លះ​ខែ ទៅ​១​ខែ​​រួច​អាច​យក​ទឹក​​វា​ប្រើ​ប្រាស់​បាន ។ បើ​ពុំ​​មាន​ស្ករ​ល្ងូរ​ (អាចម៍​ស្ករ) អាច​យក​កាក​សំណល់​ត្រី ឬ​ លាមក​ត្រី​ត្រាំ​​ទឹក​ក្នុង​ពាង​មួយ​ ដាក់​អំបិល​បន្តិច​ ​ផ្អាប់​ទុក​រយៈ​ពេល​កន្លះ​ខែ​​រួច​អាច​យក​ទឹក​​វា​ប្រើ​ប្រាស់​បាន ដោយ​​ពេល​ប្រើ​គឺ​យក​ទឹក​ជី​១​លីត្រ លាយ​​នឹង​ទឹក​១៥​លីត្រ៕

 

​​​​​​​​​ចុចអាន៖  ចម្ការ​បន្លែ​ធម្មជាតិ ២០​ហិកតា​នៅ​​ស្រែអំបិល គ្មាន​ប៉ះ​សារជាតិ​គីមី​សូម្បី​បន្តិច

 

 

អត្ថបទ៖ មាន រតនា

​​​​​