​លោក សម រង្ស៊ី រំលឹក​ពី​ខួប​ទី​៥០​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល នៅ​ប្រទេស​កម្ពុជា​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃទី​២៦ សីហា ២០១៦ បាន​រំលឹក​ពី​ខួប​ទី​៥០​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល នៅ​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​បន្តិចទៀត​នេះ គឺជា​ខួប​ទី ៥០ នៃ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​បារាំង លោក​ឧ​ត្ត​ម​សេនីយ៍ សាល ដឺ​ហ្គោល (Charles de Gaulle) ពីថ្ងៃ ៣០ សីហា ដល់​ថ្ងៃ ០២ កញ្ញា ឆ្នាំ ១៩៦៦ តាម​សេចក្តី​អញ្ជើញ​ពី​សម្តេចព្រះ​នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនោះ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​ដោយយោង​លើ​ប្រវត្តិសាស្ត្រ​ថា​សម្តេចព្រះ នរោត្តម សីហនុ ធ្លាប់តែ​គោរព​និង​ស្រឡាញ់​លោក​ឧ​ត្ត​ម​សេនីយ៍ ដឺ​ហ្គោល ដែល​ព្រះអង្គ​បាន​យក​ធ្វើជា​គម្រូ​។ លោក​ឧ​ត្ត​ម​សេនីយ៍ ដឺ​ហ្គោល ជា​វីរបុរស​សម្រាប់​ជនជាតិ​បារាំង ដោយសារតែ​លោក​បាន​តស៊ូ​រំដោះប្រទេស​បារាំង ពី​ពួក​អាល្លឺម៉ង់ ណា​ហ្ស៊ី (Nazi) ដែល​បាន​ឈ្លានពាន​មកលើ​ទឹកដី​បារាំង​ពី​ឆ្នាំ ១៩៤០ ដល់​ចុងឆ្នាំ ១៩៤៤​។ ក្នុង​រយៈពេល ៤ ឆ្នាំ​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ ដឺ​ហ្គោល បាន​និរទេស​ខ្លួន​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​រៀបចំ និង​ដឹកនាំ​កម្លាំង​ទ័ពបារាំង​ស្នេហា​ជាតិ​។ ដោយមាន​ការគាំទ្រ​ពី​កងទ័ព​អង់គ្លេស និង​កងទ័ព​អាមេរិកាំង កម្លាំង​ទ័ពបារាំង​ស្នេហា​ជាតិ បាន​រំដោះប្រទេស​បារាំង​ពី​បរទេស​ឈ្លានពាន​។

ចំពោះ​សម្តេចព្រះ នរោត្តម សីហនុ ក៏​ព្រះអង្គ​បានធ្វើ​ដូច​លោក​ឧ​ត្ត​ម​សេនីយ៍ ដឺ​ហ្គោល អញ្ចឹង​ដែរ នេះ​ជាការ​បញ្ជាក់​របស់លោក សម រង្ស៊ី ។ លោក សម រង្ស៊ី បាន​បន្តថា​ពេល​កងទ័ព​ប្រទេស​វៀតណាម បាន​ឈ្លានពាន​មកលើ​ទឹកដី​ប្រទេស​កម្ពុជា ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩១ សម្តេចព្រះ នរោត្តម សីហនុ ក៏បាន​តស៊ូ​ពី​ក្រៅប្រទេស ដើម្បី​រំដោះប្រទេស​កម្ពុជា​ពី​បរទេស​ឈ្លានពាន​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា តាម​ការប្រយុទ្ធ​ផ្លូវ​សឹក​លើ​សមរភូមិ​ផង និង​តាម​ការប្រយុទ្ធ​ផ្លូវ​នយោបាយ​និង​ផ្លូវ​ទូត​លើ​ឆាក​អន្តរជាតិ​ផង ការតស៊ូ​របស់​សម្តេច​ព្រះ នរោត្តម សីហនុ បាន​នាំមក​នូវ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១​។ កិច្ចព្រមព្រៀង​នេះ បាន​តម្រូវ​ឲ្យ​ប្រទេស​វៀតណាម​ដក​កងទ័ព​របស់ខ្លួន​ទាំងអស់​ចេញពី​ប្រទេស​កម្ពុជា​៕

14040127_1175886802468051_1408581595324550152_n 14064252_1175886782468053_3461352936399861626_n 14079672_1175886785801386_707079589151517784_n 14102557_1175886775801387_5427436213684992635_n​ ​