បទល្មើស​ដឹកជញ្ជូន​និង​ស្តុក​ទុក​ឈើ​ប្រណីត​ក្នុង​ខេត្តឧត្ដរមានជ័យ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​បទល្មើស​ដឹកជញ្ជូន​និង​ស្តុក​ទុក​ឈើ​ប្រណីត​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​ករណី​ពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​សៀម​ក៏​នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ជួញដូរ​និង​ស្តុក​ទុក​ឈើ​គ្រញូង​មួយចំនួន​ជា​មន្ត្រី​យោធា ហើយ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរខេត្ត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ទន្ទឹមនឹងនេះ​មានការ​រិះគន់ថា ការបង្ក្រាប​បទ​ល្មើ​សម្ត​ង​ម្កាល​នាពេល​កន្លងមក​គ្រាន់តែ​ជា​វិធី​ប្រមូល​លុយ​របស់​មន្ត្រី​អាជ្ញាធរខេត្ត មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប៉ុណ្ណោះ​។

កាលពី​យប់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈបញ្ជាការ​ឯកភាព​ខេត្តឧត្ដរមានជ័យ បាន​ចុះទៅ​បង្ក្រាប​ទីតាំង​លាក់ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់រយ​កំណាត់​ក្នុង​លំនៅដ្ឋាន​មួយកន្លែង នៅ​ភូមិ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ​។ ក្នុងការ​បង្ក្រាប​បទល្មើស​ខាងលើនេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក ស ថា​វី គណៈបញ្ជាការ​ឯកភាព​ខេត្តឧត្ដរមានជ័យ មិន​រឹបអូស​យក​ឈើ​ឡើយ ហើយ​មានការ​បង្ហើប​ឲ្យ​ដឹងថា មន្ត្រី​ថ្នាក់ស្រុក​ម្នាក់ ឈ្មោះ ប៊ុត សាវុធ បាន​ទូរស័ព្ទ​ចរចា​សូកប៉ាន់​ដល់​សមត្ថកិច្ច​រាប់ពាន់​ដុល្លារ​ដើម្បី​ជា​ថ្នូរ​ឲ្យ​សមត្ថកិច្ច​ដកថយ​ចេញពី​ទីតាំង​ស្តុក​ឈើ​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​ដកថយ ហើយ​មាន​មនុស្ស​មួយក្រុម​ដឹកជញ្ជូន​ឈើ​ចេញពី​ទីតាំង​នោះ​ចាប់ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៤ ខែសីហា រហូតដល់​ម៉ោង​៧​ព្រឹក ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា ក្រោយពេល​ឈ្មួញ​ចរចា​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​ហើយ​នោះ គេ​ឃើញ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​យក​គោយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង​មក​ដឹកឈើ​ចេញពី​ទីតាំង​ក្នុងភូមិ​ក្រសាំង​ទាំងយប់​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​និង​ស្តុក​ឈើ​ប្រណីត​ក្នុងស្រុក​ត្រពាំង​ប្រាសាទ នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺ​ដើម្បី​ផលប្រយោជន៍​ប៉ុណ្ណោះ ព្រោះ​ពួកគេ​បាន​យក​តួនាទី​ស្វែងរក​ផលប្រយោជន៍​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​ការបង្ក្រាប​កន្លែង​ស្តុក​ឈើ​ខុសច្បាប់​ក្នុងភូមិ​ក្រសាំង ឃុំ​ត្រពាំង​ប្រាសាទ សមត្ថកិច្ច​រកឃើញ​ឈើ​ធ្នង់​រាប់រយ​កំណាត់ ប៉ុន្តែ​គេ​មិន​រឹបអូស​យក​ឈើ​នោះទេ ហើយ​ដកថយ​ស្ងាត់ៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​៕

aes-1-34 aes-52