លោក កឹម សុខា ស្នើ​សហភាព​អឺរ៉ុប​ជួយ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​វិល​មករក​ភាពប្រក្រតី​

​លោក អា​ឡាំង វ៉ាន់​ឌើ​មី​សសិន (Mr. Alain VANDERSMISSEN) ជា​ភារធារី​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ បានមក​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្នុងជំនួប​ខាងលើនេះ​ភាគី​ទាំង​ពីរបាន​ពិភាក្សា​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ជាពិសេស​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្រព័ន្ធតុលាការ ធ្វើទុក្ខបុកម្នេញ​ទៅលើ​អ្នក​រិះគន់​រដ្ឋាភិបាល ដូចជា​មន្ដ្រី​សង្គម​ស៊ីវិល និង​មន្ដ្រី​គណបក្សជំទាស់​ជាដើម​។​

ក្នុងពេលដែល​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាពមិនប្រក្រតី​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សំណូមពរ​ដល់​សហភាព​អឺរ៉ុប សូមជួយ​ធ្វើយ៉ាងណា​ឲ្យ​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា វិល​មករក​ភាពប្រក្រតី​ឡើងវិញ ដើម្បី​ឈានទៅរក​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា បើ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នៅតែមាន​ភាព​តានតឹង​ដូច​សព្វថ្ងៃ នោះ​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​នឹងមិន​អាច​ប្រព្រឹត្ត​ទៅដោយ​យុត្តិធម៌​បានឡើយ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ដើម​សប្តាហ៍​នេះ ក៏បាន​បញ្ជាក់ដែរថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន បាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ ស្ថាប័នរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម​ដើម្បី​ធ្វើការ​គាបសង្កត់ និង​រារាំង​សកម្មភាព​នយោបាយ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ដែល​សកម្មភាព​នេះ​បង្ហាញ​ពី​ភាពអយុត្តិធម៌​។ ដូច្នេះ​ទាល់តែ​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព គ្មាន​ការគាបសង្កត់ និង​ការបំភិតបំភ័យ ទើប​ដំណើរការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​មានការ​ទទួលស្គាល់​ថា​មាន​ភាពយុត្តិធម៌​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ​។​

គួររំលឹកថា សហភាព​អឺរ៉ុប​ថ្មីៗ​នេះ ក៏បាន​សម្ដែង​ការបារម្ភ​របស់ខ្លួន​ទៅលើ​សកម្មភាព​មួយចំនួន​ដែល​អាជ្ញាធរ​បាន​អនុវត្តន៍​ទៅលើ​មន្ត្រី​គណបក្សជំទាស់ ក្រុម​សង្គម​ស៊ីវិល និង​អគ្គលេខាធិការរង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដែល​កំពុង​ស្ថិតនៅ​ក្នុងកា​រ​ឃុំខ្លួន​។​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក ច្ស​ច អេ​ដ​ហ្គា (George EDGAR) បាន​សង្កត់ធ្ងន់ថា ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ប្រកបដោយ​តម្លាភាព និង​ការជឿ​ទុកចិត្តបាន ចាំបាច់​តម្រូវ​ឲ្យ​មាន​បរិយាកាស​នយោបាយ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទាំងអស់​ចូលរួមបាន​ពេញលេញ​៕

14117775_1440467505970544_8024542162188570643_n 14100478_1440467502637211_7333053634512814071_n