ឈ្មួញ​បន្ត​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន យ៉ាង​ពេញបន្ទុក​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ក្រោយពេល​លោក រ៉ិ​ច គង់ បាន​ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​រួចមក គឺ​ឈ្មួញ​ធំៗ​នៅតែ​បន្ត​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​រលូន​ដដែល​។ ទន្ទឹមនឹងនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ច្រកទ្វារ​អន្តរ​ព្រំ បាន​បង្ហើប​ឲ្យ​ដឹងថា​លោក រ៉ិ​ច គង់ មាន​ជំនាញ​ខាង​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាំងពី​នៅ​ធ្វើជា​អនុប្រធាន​ការិយាល័យ​គ​យ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​មកម្ល៉េះ​។ ដូច្នេះ​នៅពេល​លោក រ៉ិ​ច គង់ ទទួលបាន​តំណែង​ជា​ប្រធាន ជំនួស​លោក ម៉ៅ សំអឿន គឺ​គាត់​មានបទពិសោធន៍​ឆ្អែតឆ្អន់​រួចទៅហើយ​។

តាម​ការ​បង្ហើប​ពី​អ្នកជំនួញ​និង​អាជីវករ​តូចតាច​បាន​ឲ្យ​ដឹងថា នៅពេលដែល​ពួកគាត់​នាំចូល​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណេញ​សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ គឺ​សមត្ថកិច្ច​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​គយ​ចល័ត​ក្នុង​ខេត្ត​ប៉ៃលិន ធ្វើការ​គាបសង្កត់​ជំរិត​យកលុយ​តាម​គ្រប់​រូបភាព​។ ផ្ទុយទៅវិញ​គេ​បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ប្រមាណ​១០​នាក់​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ​តាម​អំពើ​ចិត្ត ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ចំណែក​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ការដែល​លោក រ៉ិ​ច គង់ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​ជាមួយ​លោក ទុំ ណូន ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ផងដែរ​។ ហេតុនេះហើយ​ទើប​ក្នុងខណៈដែល​ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាងគំហុក​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បែរជា​លោក ទុំ ណូន បាន​អះអាងថា​មាន​បរិមាណ​តិចតួច​ប៉ុណ្ណោះ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ឲ្យ​ដឹងថា​ទំនិញគេចពន្ធ​ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ​និង​រថយន្ត​សណ្ដោង​កុងតឺន័រ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ ដោយ​បង់ពន្ធ​ត្រឹមតែ​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ អ្វីដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​នោះ គឺ​ការបន្លំ​ប្រភេទ​ទំនិញ​ដែល​ឈ្មួញ​ខិលខូច​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ពុករលួយ ហើយ​បែងចែក​ផលប្រយោជន៍​ក្រោម​តុ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ដែល​កើតឡើង​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ព្រោះ​ក្រោយពេល​លោក រ៉ិ​ច គង់ ឡើងកាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​នៅ​ច្រក​នេះ គឺ​ទំនិញគេចពន្ធ​បន្ត​ហូរ​ចូល​ដូច​មុន​ដដែល​។ លើស​នេះ​ទៅទៀត​រាល់​ទង្វើ​របស់លោក រ៉ិ​ច គង់ អាចមាន​ការឃុបឃិត​ជាមួយ​លោក ទុំ ណូន ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ទើប​អ្វីៗ​ប្រព្រឹត្ត​ទៅដោយ​រលូន​៕

srnews-749 srnews-758 srnews-759