បុរសម្នាក់ប្រឹងស្កាត់ជួបនាយករដ្ឋមន្រ្តី មិនចង់បានអ្វីទេ សុំត្រឹមជួយធ្វើកំណែទម្រង់លើវិស័យសុខាភិបាល (Video Inside)

(ព្រះវិហារ)៖ ព្រោះតែភាពឈឺចាប់ និងការស្លាប់របស់កូនប្រុស ដែលគិតថាបណ្តាលមកពីការមិនយកចិត្តទុកដាក់របស់គ្រូពេទ្យនោះ បុរសម្នាក់បានប្រឹងស្កាត់ជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រហូតបានជួបដូចបំណង តែបុរសរូបនេះមិនបានស្នើសុំលុយកាក់ ឬរបស់មានតម្លៃអ្វីនោះឡើយ គឺលោកបានសុំត្រឹមឲ្យសម្តេចតេជោ ហ៊ុន សែន ជួយធ្វើកំណែទម្រង់លើវិស័យសុខាភិបាល ជាពិសេសសេវាសុខាភិបាលនៅក្នុងខេត្តព្រះវិហារតែម្តង។

បន្ទាប់ពីបានព្យាយាមជួបសម្តេចតេជោ ហ៊ុន សែន បានដូចបំណងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ គ្រាសម្តេចតេជោ កំពុង ជួបសំណេះសំណាលជាមួយគ្រូនៅក្នុងសាលាបឋមសិក្សាស្រម៉ូវ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ លោក ស៊ីម ណប ដែលមានវ័យជាង ៤០ឆ្នាំប្លាយ បានរៀបរាប់ទាំងអួលដើមកប្រាប់ប្រមុខរាជរដ្ឋាភិបាលថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ កូនប្រុសរបស់លោក ដែលមានវ័យទើប ៦ឆ្នាំ ត្រូវបានរថយន្តបុកពេលកំពុងចេញពីសាលារៀន។

បើទោះបីមរណភាពរបស់កូនប្រុសរបស់លោកមានរយៈពេលមួយឆ្នាំទៅហើយក្តី តែបុរសរូបនេះហាក់នៅតែស្រណោះស្រណោកស្តាយ កូនរបស់ខ្លួន ហើយបន្តរៀបរាប់បង្កប់ដោយភាពឈឺចាប់ប្រាប់សម្តេចតេជោទៀតថា ក្រោយពេលកូនប្រុសរបស់ត្រូវរថយន្តកិនចំចង្កេះ គាត់ក៏ព្យាយាមដឹកយកទៅ មន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ និងឲ្យគ្រូពេទ្យថតឆ្លុះលើរាងកាយ។ បន្ទាប់ពីឆ្លុះហើយគ្រូពេទ្យ ក៏បានប្រាប់ថា ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ មិនមានឧបករណ៍សម្រាប់ជួយសង្រ្គោះលើរបួសកុមារានោះឡើយ ដោយជំរុញឲ្យយកទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប។

ព្រោះតែការព្រួយបារម្ភខ្លាំងលើស្ថានភាពរបួសរបស់កូននោះ លោក ស៊ីម ណប បានញាប់ដៃញាប់ជើងក្នុងការបង់ប្រាក់ ព្រមទាំងបានជួលរថយន្តសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ជួយដឹកកូនរបស់លោកទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផា។ តែអ្វីដែលធ្វើឲ្យ លោក ស៊ីម ណប ឈឺចាប់ខ្លាំងនោះ នៅពេលឯកសារបំពេញរួចរាល់ ហើយលុយក៏បានបង់រួចដែរនោះ បែរជាមន្រ្តីមន្រ្តីពេទ្យ ដែលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ មិនហ៊ានចុះហត្ថលេខា លើវិក្កយបត្របង់ប្រាក់ ហើយក៏មិនអនុញ្ញាតឲ្យលោក ស៊ីម ណប ដឹកកូនចេញទៅផងដែរ ដោយមន្រ្តីរូបនោះ ប្រាប់ថា «រង់ចាំមេមកសិន»។ ការរង់ចាំនេះ បានចំណាយពេលរហូតដល់ជាង ១ម៉ោង ទើបមន្រ្តីពេទ្យ ដែលគេហៅថា មេនោះបានមកដល់ និងចុះហត្ថលេខាលេខាលើវិក្កយបត្រ និងអនុញ្ញាតឲ្យលោក ស៊ីម ណប ដឹកកូនទៅកាន់ខេត្តសៀមរាបធ្វើការសង្រ្គោះ។

តែជាអកុសលកូនប្រុសរបស់លោក ស៊ីម ណប ពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផានឹងរុញចូលកន្លែងសង្រ្គោះ ក៏ផុតដង្ហើមតែម្តង។

លោក ស៊ីម ណប បានរៀបរាប់ប្រាប់បន្ថែមទាំងអួលដើមករថា គ្រូពេទ្យមិនបានបញ្ជាក់ថា ស្ថានភាពរបួសកូនប្រុសលោកមានកម្រិតធ្ងន់ ឬស្រាលយ៉ាងណានោះទេ តែបើតាមលោកមើលជាក់ស្តែងកូនប្រុសរបស់លោកហាក់មិនមានស្ថានភាពរបួសធ្ងន់ធ្ងរនោះទេ លោកសង្ស័យថា កូនប្រុសរបស់លោកបែកតម្រងនោម ហើយការស្លាប់នោះដោយសារតែការចុកខ្លាំងពេក។ លោក ស៊ីម ណប បានគិតថា ប្រសិនបើកូនប្រុសរបស់លោកបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាបានលឿននោះ ដោយមិនពន្យារចាំអ្នកចុះហត្ថលេខា លើវិក្កយបត្របង់ប្រាក់រហូតដល់ជាងមួយម៉ោងទេនោះ កូនប្រុសរបស់លោកប្រហែលមិនស្លាប់នោះឡើយ។

ការសន្និដ្ឋានបែបនេះ ដោយសារកូនប្រុសរបស់លោក ពេលកំពុងដឹកតាមរថយន្តទៅសង្រ្គោះបន្តនៅខេត្តសៀមរាប កូនប្រុសរបស់លោកមិនទាន់បាត់បង់ស្មារតីនោះឡើយ ពោលអាចនិយាយបានអាចវា និងអង្គុយបានទៀតផង។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីម ណប។

លោក ស៊ីម ណប បានគិតថា ការស្លាប់កូនប្រុសរបស់លោកអាចបណ្តាលបណ្តាលមកពីការចុកនៅត្រង់តម្រងនោមខ្លាំងពេក។

នៅក្នុងជំនួបទល់មុខសម្តេចតេជោ ហ៊ុន សែន លោក ស៊ីម ណប បានថ្លែងប្រាប់សម្តេចតេជោថា ការដែលលោកប្រឹងស្កាត់ជួបសម្តេច គឺលោកមិនចង់បានអ្វី ទាំងអស់ អ្វីដែលលោកចង់បានបំផុត គឺសូមឲ្យសម្តេចតេជោ ហ៊ុន សែន ជួយកែប្រែលើសេវាសុខាភិបាលឲ្យកាន់តែប្រសើរ ជាពិសេសនៅក្នុងខេត្តព្រះវិហារ របស់លោក ព្រោះលោកមិនចង់ឃើញក្មេងដទៃស្លាប់ដូចជា កូនប្រុសរបស់លោកព្រោះតែការ ខ្វះទំនួលខុសត្រូវ និងកាយវិការមិនយកចិត្តទុកដាក់លើការងាររបស់គ្រូពេទ្យទៀតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងការសោកស្តាយជាមួយលោក ស៊ីម ណប ដែលបាត់បង់កូនប្រុសជាទីស្រឡាញ់។ សម្តេចតេជោ ក៏បានអរគុណលោក ស៊ីម ណប ដែលបានស្កាត់ជួបសម្តេច ហើយស្នើឲ្យធ្វើកំណែទម្រង់លើវិស័យសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទទួលស្គាល់នូវភាពអសកម្មទាំងនេះ ហើយសម្តេចថា ករណីបែបនេះមិនមានតែករណីលោក ស៊ីម ណប ទេ គឺនៅមានករណីជាច្រើនទៀត។ សម្តេចតេជោ ហ៊ុន សែន ថា នឹងយកករណីនេះទៅក្រើនរំលឹក និងតាស់តឿនគ្រូពេទ្យនៅទូទាំងប្រទេសតែម្តង។

បើទោះបីលោក ស៊ីម ណប ព្យាយាមបដិសេធមិនទទួលថវិកាពីសម្តេចយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ថវិកាជូនលោក ស៊ីម ណប ២លានរៀលផងដែរ ដោយចាត់ទុកថា ជាការចូលរួមបុណ្យសពកូន៕

ប្រភព៖ freshnewsasia


Related Posts