អ្នកពន្លត់អគ្គីភ័យរលាកឆេះមុខចំណាំលែងបាន ទទួលមុខស្ទើរដូចដើមវិញ

លោក Patrick Hardison រស់នៅរដ្ឋមីស៊ីស៊ីពី សហរដ្ឋអាមេរិក ត្រូវបានគេឲ្យងារជាវីរបុរស ក្រោយព្យាយាមជួយសង្គ្រោះស្ត្រីម្នាក់ក្នុងហេតុការណ៍ភ្លើងឆេះផ្ទះចល័តមួយកាលពីឆ្នាំ ២០១៥ តែត្រូវភ្លើងឆេះរលាកមុខមាត់ខ្លួនឯងមើលលែងស្គាល់ដូចមនុស្សពិភពក្រៅ និងធ្វើឲ្យក្មេងៗភ័យខ្លាច រួមទាំងកូនៗរបស់គាត់ផង។

ពេលនេះ Patrick ទទួលបានជីវិតរបស់គាត់ត្រឡប់ដូចមុនវិញហើយ បន្ទាប់ពីវះកាត់មុខមាត់អស់ជាច្រើនលើកច្រើនសា។ គាត់ក្លាយជាមនុស្សធម្មតា អាចដើរតាមទីសាធារណៈ ដោយមិនឲ្យនរណាម្នាក់ភ័យខ្លាច។

បុរសវ័យ ៤២ឆ្នាំ កូន៥នាក់រូបនេះនិយាយទាំងទឹកមុខរីករាយថា “គ្រប់គ្នាអាចក្រឡេកមើលខ្ញុំ និងប្រាប់រឿងអ្វីកំពុងកើតឡើង។ ខ្ញុំបានក្លាយជាឪពុកគេដូចធម្មតាវិញទាំងមិនដែលនឹកស្មានដល់”។

លោកវេជ្ជបណ្ឌិត Rodriguez រស់នៅទីក្រុងញីវយ៉កដឹកនាំបុគ្គលិកជាង១០០នាក់ផ្សេងទៀត ធ្លាប់បានវះកាត់ប្ដូរស្បែកមុខឲ្យ Patrick រយៈពេល ២៦ម៉ោង ពីសាកសពបុរសម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់កាលពីខែសីហា ឆ្នាំ ២០១៥ និងកែប្រែប៉ះប៉ូវបន្តិចម្ដងៗរហូតបានមុខមាត់ដូចបច្ចុប្បន្ននេះ។

លោក Rodriguez បន្តថា “យើងភ្ញាក់ផ្អើលមែនទែន ពេលបានមុខមាត់របស់ Patrick មកវិញ ដែលជារឿងហួសការរំពឹងទឹករបស់ពួកយើង”។

ចំណែក Patrick ខ្លួនឯងក៏សម្ដែងអារម្មណ៍សាទរចំពោះការកែប្រែនេះដែរ “ខ្ញុំបានគិតអស់រយៈពេលជាយូរថា ខ្ញុំនឹងលែងបានមើលថែគ្រួសាររបស់ខ្ញុំមិនខាន ក្រោយរងរបួសធ្ងន់ធ្ងរ។ ខ្ញុំមិនដែលស្រមៃថា ខ្ញុំបានអង្គុយនៅទីនេះឡើយ បន្ទាប់ពីវះកាត់មុខរួច”៕

ប្រភព៖ Sabay


Related Posts