គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន​និង​ថៃ​ត្រៀម​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ

ប្រទេស​ថៃ ៖ បន្ទាប់​ពី​ការ​ពន្យារពេល​ដ៏​យូរ​នូវ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​របស់​ចិន និង​ថៃ គឺ​បាន​ត្រៀម​ដំណើរការ​នៅ​ចុងឆ្នាំ​នេះ ដោយ​ប្រទេស​ថៃ​ជា​អ្នក​ផ្តល់​មូលនិធិ​ទាំងអស់​លើ​ការងារ​វិស្វកម្ម​ស៊ី​វិល ។

គណៈរដ្ឋមន្ត្រី​បាន​យល់ព្រម​លើ​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ថៃ និង​ចិន ដើម្បី​សាងសង់​ផ្លូវដែក​ល្បឿន​លឿន​ពី​ខេត្ត Map Ta Phut ទៅ​ខេត្ត Nong Khai និង​ពី​ទីក្រុង​បាងកក ទៅ​ខេត្ត Kaeng Khoi ។

លោក Kobsak Phutrakul អនុរដ្ឋមន្ត្រី​នៃ​ការិយាល័យ​នាយក​រដ្ឋមន្ត្រី ថ្លែង​ថា ៖ « ការ​សន្និដ្ឋាន​ចុង​ក្រោយ​បំផុត​របស់​យើង​គឺថា ថៃ​នឹង​វិនិយោគ​លើ​គម្រោង​សាងសង់​នេះ​ទាំងអស់ » ។

ផ្លូវ​រថភ្លើង​ពី​ទីក្រុង​បាងកក​ទៅ​ខេត្ត Nakhon Ratchasima នឹង​ត្រូវ​អភិវឌ្ឍន៍​ក្នុង​ដំណាក់កាល​ដំបូង ហើយ​ផ្នែក​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ខេត្ត​ភាគ​ឦសាន នឹង​ត្រូវធ្វើ​នៅ​ពេល​ក្រោយ ។ គម្រោង​នេះ នឹង​សាងសង់​ផ្លូវដែក​ដែល​មាន​ចម្ងាយ​សរុប​៨៣៧​គីឡូម៉ែត្រ ។

ទីក្រុង​បាងកក និង​ទីក្រុង​ប៉េ​កាំ​ង បាន​កំណត់​ពេលវេលា​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​អភិវឌ្ឍន៍​គម្រោង​នេះ ។ ផ្លូវ​រថភ្លើង​ពី​ទីក្រុង​បាងកក ទៅ​ខេត្ត Nakhon Ratchasima មាន​ចម្ងាយ​២៥០​គីឡូម៉ែត្រ និង​ត្រូវ​ចំណាយ​ប្រហែល​១៧០​ទៅ​១៩០​ប៊ី​លាន​បាត​នៅ​ក្នុង​ការ​វិនិយោគ ។

នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ ប្រទេស​ថៃ​នឹង​រក្សា​សិទ្ធិ​ជា​ម្ចាស់​កម្មសិទ្ធិ​សម្រាប់​គម្រោង​ទាំងមូល​។ វា​នឹង​ជួយ​ព​ន្លឿ​ន​ដើម្បី​ចាប់ផ្តើម​ការ​សាងសង់​នៅ​ចុងឆ្នាំ​នេះ ។ ប្រទេស​ថៃ​នឹង​ទទួលខុសត្រូវ​លើ​ការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន ការ​ដកហូត​កម្ម​សិ​ទិ្ធ​ដី​ពី​ប្រជា​ពល​ដ្ឋ និង​ការ​ប្រតិបត្តិ​កិច្ចសន្យា ។ ចំណែក​ភាគី​ចិន​នឹង​ទទួលខុសត្រូវ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​លើ​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ ភាព​ងាយស្រួល និង​ការ​រចនា​គម្រោង ។

កិច្ចសន្យា​នឹង​ត្រូវ​បែងចែក​ជា​២​ផ្នែក គឺ​មួយ​ផ្នែក​គ្របដណ្តប់​លើ​ការងារ​វិស្វកម្ម​សំណង់​ស៊ី​វិល និង​លទ្ធកម្ម ។ ចំណែក​មួយ​ផ្នែក​ទៀត គឺ​គ្រប់គ្រង​លើ​ប្រព័ន្ធ​អគ្គិសនី​យានយន្ត​ដែល​រត់​លើ​ផ្លូវដែក និង​ការ​ដំឡើង​ផ្លូវ​រថភ្លើង ដែល​ភាគី​ទាំង​ពីរ​នឹង​ចូលរួម​ក្នុង​ផ្នែក​ទាំង​ពីរ​នេះ ។

ទន្ទឹម​នឹង​នេះ​ដែរ ទុន​សម្រាប់​គម្រោង​នេះ​បាន​មក​ពី​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុងស្រុក និង​ប្រភព​ផ្សេង​ទៀត​ដូច​ជា ធនាគារ​អាហរ័ណ នីហរ័ណ​របស់​ចិន ។ រីឯ​ផ្នែក​ផ្សេង​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​រួម​មាន ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​បណ្តុះបណ្តាល ។

លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​អាជ្ញាធរ​ក្នុង​ការ​ព​ន្លឿ​ន​គម្រោង​នេះ​ដើម្បី​ចាប់ផ្តើម​ការ​សាងសង់​នៅ​ក្នុងឆ្នាំនេះ ពីព្រោះ​វា​ជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ត​ភ្ជាប់​រាជធានី​ទៅ​កាន់​បណ្តា​ទីក្រុង​ផ្សេង​ទៀត ៕