ប្រាក់​បាត​ឡើងថ្លៃ​មិនមែន​ជា​បច្ច័យ​ល្អ​សម្រាប់​ថៃ

ប្រទេស​ថៃ ៖ នាយក​ធនាគារជាតិ​ប្រទេស​ថៃ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​នៃ​ប្រាក់​បាត គឺ​មិនមែន​ជា​បច្ច័យ​ល្អ​សម្រាប់​ការ​ស្តា​សេដ្ឋកិច្ចជាតិ​ទេ បើ​ទោះជា​វា​មិន​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ក្តី ។

នាយក​ធនាគារ លោក Veerathai Santiprabhob បាន​និយាយ​ថា ការ​នាំ​ចេញ​បាន​ជួបនឹង​ឧបសគ្គ​ជា​ច្រើន​ដូច​ជា ការ​តាម​មិន​ទាន់​នៃ​ទំនើប​កម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ងើបឡើង​វិញ​យឺត​ក្នុង​ទីផ្សារ​នាំ​ចេញ ។ ការ​កើន​ឡើងជា​លំដាប់​នៃ​តម្លៃ​ប្រាក់​បាត វា​មិន​បាន​ជួយ​សម្រួល​ដល់​ការ​ស្តា​សេដ្ឋកិច្ចជាតិ​ទេ ហើយ​ធនាគារជាតិ​នឹង​តាមដាន​រឿង​នេះ​យ៉ាង​យកចិត្តទុកដាក់ ។

គួរ​បញ្ជាក់​ថា ដោយសារ​មាន​លំហូរ​ចូល​នៃ​មូលធន​ពី​បរទេស ប្រាក់​បាត​បាន​ឡើង​ដល់ ៣៤,៦២​បាត​ក្នុង​១​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​តម្លៃ​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​នេះ។

បើ​ធៀប​នឹង​ឆ្នាំ​មុន ប្រាក់​បាត​បាន​កើនឡើង​៤% ។ លោក Veerathai បាន​និយាយ​ថា កម្លាំង​របស់​វា​មិន​ខ្លាំង​ជាង​តម្លៃ​រូបិយប័ណ្ណ​របស់​ប្រទេស​ដទៃ​ក្នុង​តំបន់​ឡើយ ។
ធនាគារជាតិ​បាន​ប៉ាន់​ប្រមាណ​ថា ការ​នាំ​ចេញ​របស់​ថៃ នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០១៦​នេះ ដែល​ជា​ឆ្នាំ​ទី​៤​ជាប់​ៗ​គ្នា ៕