មូលហេតុ​ដែល​ប្រេង​ក្នុង​តំបន់​អាក​ទិ​ក​មាន​សារសំខាន់​សម្រាប់​រុ​ស្ស៊ី

តំបន់​អាក​ទិ​ក ឬ​ប៉ូ​ល​ខាងជើង ជា​តំបន់​ដ៏​ត្រជាក់ ដាច់​ស្រយាល និង​ជា​តំបន់​មួយ​ដែល​លំបាក និង​ត្រូវការ​ថវិកា​យ៉ាងច្រើន​សម្រាប់​ក្រុមហ៊ុន​ប្រេង​ដែល​មាន​បំណង​ចង់​ពង្រីក​ផលិតកម្ម​របស់​ខ្លួន ។ ប្រាកដ​ណាស់ ការ​ជីក​កកាយ​ក្នុង​តំបន់​នេះ គឺ​ត្រូវ​បាន​ជំទាស់​យ៉ាង​ខ្លាំង​ពី​ក្រុម​ការពារ​បរិស្ថាន ព្រោះ​វា​ជា​តំបន់​ដែល​មាន​សត្វ​សំខាន់​ៗ​កំពុង​រស់នៅ  ។
ប៉ុន្តែ​មិន​ថា​មាន​ឧបសគ្គ​ហិរញ្ញវត្ថុ ឬ​ការ​ជំទាស់​ពី​ក្រុម​ការពារ​បរិស្ថាន​ទេ ក៏​មិន​អាច​បញ្ឈប់​លោក Gazprom Neft ក្នុង​ការ​ស្វែងរក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ក្នុង​តំបន់​អាក​ទិ​ក​ដែរ​។ តំបន់​ប្រេង Prirazlomnaya គឺជា​គម្រោង​ជីក​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​របស់​រុ​ស្ស៊ី ដែល​មាន​សកម្មភាព​ដំបូង​គេ​បង្អស់ ហើយ​ប្រាកដ​ណាស់​ថា វា​ក៏​មិនមែន​ជា​គម្រោង​ចុង​ក្រោយ​ដែរ ។

បច្ចុប្បន្ន​នេះ រុ​ស្ស៊ី គឺជា​ប្រទេស​ដែល​ផលិត​ប្រេង​ឆៅ​ធំ​ជាងគេ​លើ​សកលលោក ទោះជា​ពេល​ខ្លះ​បាន​ផ្លាស់​ប្តូរ​តំណែង​ជាមួយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្តី ។ រុ​ស្ស៊ី ក៏​ជា​ប្រទេស​ដែល​ផលិត​ឧស្ម័ន​ធម្មជាតិ​ធំ​ជាងគេ​លេខ​២​ផង​ដែរ បន្ទាប់​ពី​សហរដ្ឋអាមេរិក​លេខ​១ ។ ម្យ៉ាងទៀត ពាក់កណ្តាល​នៃ​ចំណូល​របស់​រដ្ឋាភិបាល​រុ​ស្ស៊ី គឺ​បាន​មក​ពី​ការ​លក់​ប្រេង និង​ឧស្ម័ន​ធម្មជាតិ ដែល​ធ្វើ​ឲ្យ​វិស័យ​ថាមពល​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​នេះ ។ ប៉ុន្តែ​ដោយសារ​តែ​តំបន់​ប្រេង​លើគោក​ជា​ច្រើន​របស់​រុ​ស្ស៊ី កំពុង​តែ​មាន​អាយុកាល​ចាស់ និង​រីង ដោយសារ​មានការ​បូម​យក​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ វា​បាន​ក្លាយជា​ក្តី​បារម្ភ​មួយ​របស់​រុ​ស្ស៊ី ។

ហេតុនេះ​ហើយ​ទើប​ប្រទេស​នេះ​ចាប់ផ្តើម​ងាក​មក​ប៉ែក​ខាងជើង ។ ការ​ជីក​រុករក​តំបន់​ប្រេង​នៅ​ទីនោះ គឺ​ពិតជា​ពិបាក​ណាស់ និង​ត្រូវការ​ថវិកា​ច្រើន រួម​ទាំង​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ផង​ដែរ ។ សារព័ត៌មាន​របស់​លោក​ខាងលិច​ពិតជា​រីករាយ និង​រំលឹក​ទៅ​ដល់​ការ​ផ្តន្ទាទោស​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​នេះ​មិន​អាច​ទទួល​បាន​ជំនួយ​ពី​លោក​ខាងលិច លើ​ផ្នែក​បច្ចេកទេស និង​ជំនាញ​ឡើយ ដែល​ក្លាយជា​ឧបសគ្គ​យ៉ាង​ធំ​មួយ​ដល់​គម្រោង​ស្វែងរក​ប្រេង​ក្នុង​តំបន់​អាក​ទិ​ក ។

គួរ​បញ្ជាក់​ថា ប្រទេស​រុ​ស្ស៊ី​មិន​ធ្លាប់​ខ្វះខាត​វិស្វករ​ម្តងណា​ទេ ហើយ​ក្រុមហ៊ុន​ថាមពល​បច្ចុប្បន្ន​នេះ ថែម​ទាំង​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល​យ៉ាង​ខ្លាំងក្លា ព្រោះ​រដ្ឋាភិបាល​រុ​ស្ស៊ី​ពិតជា​បានដឹង​ពីសារ​សំខាន់​នៃ​ការ​ជីក​យក​ប្រេង និង​ឧស្ម័ន​ពី​តំបន់​អាក​ទិ​ក ដើម្បី​ទ្រទ្រង់​វិស័យ​ដែល​ប្រទេស​ខ្លួន​កំពុង​ពឹងផ្អែក គឺ​វិស័យ​ថាមពល ។ ដូច្នេះ​ហើយ​រដ្ឋាភិបាល​រីករាយ​នឹង​ផ្តល់​ជំនួយ​គ្រប់​បែប​យ៉ាង ប្រសិនបើ​មាន​គម្រោង ឬ​ផែនការ​ណាមួយ​ដែល​អាច​ធ្វើ​ឲ្យ​រុ​ស្ស៊ី​បូម​យក​ប្រេង​ពី​តំបន់​អាក​ទិ​កបាន ។

អ្នក​ស្រាវជ្រាវ​ក្នុង​សាកលវិទ្យាល័យ និង​មន្ទីរពិសោធន៍​កំពុង​តែ​សិក្សា​ទៅ​លើ​វិធី​ផ្សេង​ៗ ក្នុង​ការ​ទាញ​យក​ប្រេង​ពី​តំបន់​អាក​ទិ​ក រួម​ទាំង​ឧបករណ៍​សម្រាប់​គ្រប់គ្រង​ការ​ធ្លាយ​ចេញ​នៃ​ប្រេង​ក្នុង​តំបន់​ដាច់​ស្រយាល និង​បច្ចេកទេស​សម្អាត​ប្រេង​ដែល​បាន​ធ្លាយ​ចេញ​នៅ​ក្រោម​ផ្ទៃ​ទឹកកក ។ បើ​និយាយ​ឲ្យ​ខ្លី​ទៅ ជំនួយ​ពី​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​ចូលរួម​ដោយ​គំនិត​វិទ្យាសាស្ត្រ និង​ទំនើប​កម្ម​ផង​ដែរ ។

តំបន់​ប្រេង Prirazlomnaya បាន​នាំ​ចេញ​ប្រេង​កាលពី​ខែមេសា ឆ្នាំ​២០១៤ តាម​រយៈ​លោក Gazprom Neft ។ បច្ចុប្បន្ន​នេះ មាន​អណ្តូងប្រេង​ទាំងអស់​៤ ដែល​អាច​បូម​ប្រេង​សរុប​បាន​៥០.៧០០​ធុង​ក្នុង​១​ថ្ងៃ ។ លោក Gazprom Neft មាន​គម្រោង​បង្កើត​ឲ្យ​មាន​អណ្តូង​៣២ នៅ​ក្នុង​តំបន់​នោះ ។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​ពី Geological Survey របស់​សហរដ្ឋអាមេរិក​បង្ហាញ​ឲ្យ​ដឹង​ថា ឃ្លាំង​ផ្ទុក​ប្រេង និង​ឧស្ម័ន​ក្នុង​តំបន់​អាក​ទិ​ក គឺ​អាច​មាន​ដល់​៨៩.៩៨៣​ប៊ី​លាន​ធុង​នៃ​ប្រេង​ឆៅ និង​១,៦៦៩​ទ្រី​លាន​ហ្វី​ត​គូប​នៃ​ឧស្ម័ន​ធម្មជាតិ​។ ប្រទេស​រុ​ស្ស៊ី ក៏​បាន​ទទួល​មួយ​ចំណែក​នៃ​ធនធានធម្មជាតិ​ទាំងនេះ​ដែរ ។ ប៉ុន្តែ​ប្រទេស​នេះ​បាន​ព្យាយាម​ពង្រីក​ទឹកដី​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​ដែល​មាន​សិទ្ធិ​ក្នុង​តំបន់ រួម​មាន ន័​រ​វែ​ស​, ដា​ណឺ​ម៉ាក​, កា​ណា​ដា និង​សហរដ្ឋអាមេរិក​មានការ​ក្តៅក្រហាយ ។ ដោយ​មូលហេតុ​នេះ រុ​ស្ស៊ី​មិន​អាច​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់បាន​ដោយ​ងាយ​ទេ (​ទាំង​ការ​ពង្រីក​ទឹកដី និង​ការ​ជីក​រក​ប្រេង​) ។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក្តី រុ​ស្ស៊ី​នឹង​បន្ត​ធ្វើ​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួន ដើម្បី​ទទួល​បានការ​គ្រប់គ្រង​តំបន់​អាក​ទិ​ក ៕