នាវាចម្បាំង​អា​មេ​រិ​ក​បាញ់​ព្រមាន​នាវាចម្បាំង​អីុ​រ៉​ង់

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៥ សីហា​ថា នាវាចម្បាំង​អា​មេ​រិ​ក​១​គ្រឿង កាលពី​ថ្ងៃ​ទី​២៤ សីហា បាន​បង្ខំចិត្ត​បាញ់​ព្រមាន​៣​គ្រាប់​ដើម្បី​ចៀសវាង​ឧប្បត្តិហេតុ​មួយ​ជាមួយ​នាវាចម្បាំង​អីុ​រ៉​ង់​១​គ្រឿង នៅ​ឈូង​សមុទ្រ​ពែ​រ្ស៍ ។

មេបញ្ជាការ BILL URBAN អ្នកនាំពាក្យ​របស់​កង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​ថ្លែង​ថា ពេល​នាវា​អីុរ៉​ង់​បើក​ត្រង់​ទម្រង់​មក​រក​ខ្លួន នាវា  USS SQUALL បាន​សម្រេច​បាញ់​ព្រមាន​៣​គ្រាប់​ជាមួយ​កាណុង កាលី​ប​៥០ ដែល​ញ៉ាំង​ឱ្យ​នាវា​អីុ​រ៉​ង់​បើក​បក​ក្រោយ​វិញ ។ ឧប្បត្តិ​ហេតុនេះ​កើត​មាន​បន្ទាប់​ពី​ការ​បើក​មក​កៀក​គ្នា​ប្រកបដោយ​គ្រោះថ្នាក់ កាលពី​ថ្ងៃ​ទី​២៣ សីហា រវាង​នាវា​ពិឃាត​អា​មេ​រិ​ក​១​គ្រឿង និង​នាវា​អីុរ៉​ង់​៤​គ្រឿង នៅ​ច្រក​សមុទ្រ  ORMUZ ៕