អត្តពលិក​ប៉ូឡូញ​ ​បរិច្ចាគ​មេដាយ​អូឡាំពិក ​ដើម្បី​ជួយ​ក្មេង​មាន​ជំងឺ​មហារីក

អត្តពលិក​កីឡា​ចោល​ថាស​​សញ្ជាតិ​ប៉ូឡូញ​ Piotr Malachowski ​ដែល​ឈ្នះ​មេដាយ​ប្រាក់​​អូឡាំពិក​​ទីក្រុង​ Rio ​​បាន​​ប្រកាស​លក់​មេដាយ​របស់​ខ្លួន​ ដើម្បី​យក​ប្រាក់​ជួយ​ដល់​ក្មេង​ប្រុស​វ័យ​៥​ឆ្នាំ ដែល​មាន​ជំងឺ​មហារីក​ភ្នែក។

 

អត្តពលិក​ប៉ូឡូញ​ ​បរិច្ចាគ​មេដាយ​អូឡាំពិក ​ដើម្បី​ជួយ​ក្មេង​មាន​ជំងឺ​មហារីក

Piotr Malachowski ​

 

​Malachowski វ័យ​៣៣​ឆ្នាំ​​ បាន​ឈ្នះ​មេដាយ​ប្រាក់​​អូឡាំពិក បន្ទាប់​ពី​ចោល​បាន​ចម្ងាយ​៦៧,៧៧​ម៉ែត្រ ប៉ុន្តែ​ដោយសារ​លោក​អាណិត​ក្មេង​ប្រុស​ Olek Szymanski ​ដែល​មាន​ជំងឺ​មហារីក​ភ្នែក​ ហើយ​គ្រួសារ​របស់​គេ​មិន​អាច​មាន​លទ្ធភាព​បញ្ជូន​ទៅ​ព្យាបាល​នៅ​អាមេរិក​នោះ ​កីឡាករ​រូប​នេះ​ក៏​សម្រេច​ចិត្ត​បរិច្ចាគ​មេដាយ​របស់​ខ្លួន ដោយ​ប្រកាស​ដាក់​ឲ្យ​ដេញ​ថ្លៃ​ ដើម្បី​​យក​ប្រាក់​ជួយ​​កុមារ​រូប​នោះ។

 

អត្តពលិក​ប៉ូឡូញ​ ​បរិច្ចាគ​មេដាយ​អូឡាំពិក ​ដើម្បី​ជួយ​ក្មេង​មាន​ជំងឺ​មហារីក

 

“ខ្ញុំ​ចង់​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក តែ​បាន​ត្រឹម​មេដាយ​ប្រាក់។ ប៉ុន្តែ​ពេល​នេះ​មេដាយ​ប្រាក់​របស់​ខ្ញុំ នឹង​​កាន់​តែ​មាន​តម្លៃ​ ព្រោះ​វា​​អាច​ជួយ​សង្គ្រោះ​​ជីវិត​កុមារា Olek។ យើង​អាច​បង្ហាញ​ដល់​គ្រប់​គ្នា​ឃើញ​ថា ​យើង​អាច​ធ្វើ​រឿង​អស្ចារ្យ​ទាំង​អស់​គ្នា​បាន និង​ចេះ​​ចែក​រំលែក​ភាព​ជោគជ័យ។ បើ​អ្នក​ទាំង​អស់​គ្នា​ជួយ​ខ្ញុំ ​និង​អាច​ជួយ​ដល់​ក្មេង​ប្រុស​ម្នាក់​នេះ​បាន ​មេដាយ​ប្រាក់​របស់​ខ្ញុំ​មួយ​នេះ​ អាច​នឹង​មាន​តម្លៃ​ជាង​មេដាយ​មាស”។ Malachowski បាន​លើក​ឡើង៕

 

អត្តពលិក​ប៉ូឡូញ​ ​បរិច្ចាគ​មេដាយ​អូឡាំពិក ​ដើម្បី​ជួយ​ក្មេង​មាន​ជំងឺ​មហារីក

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ metro