បើ​និស្ស័យ​នាំឱ្យ​យើង​ស្គា​ស់​គ្នា សូម​នាំ​ឱ្យ​យើង​បាន​នៅ​ជាមួយគ្នា​ផង

នៅ​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ ត្រូវជា​ថ្ងៃ Christmas ពេលនោះ​មិត្ត​រួម​ការងារ​របស់ខ្ញុំ ព្រមទាំង​ខ្ញុំ​បាន​ទៅ​ញ៉ាំ​​អី​ជុំគ្នា​នៅ​ហាង​សាច់​អាំង​មួយកន្លែង។ បន្ទាប់ពី​ញ៉ាំ​អី​រួច ​ពួកយើង​ទាំងអស់គ្នា​ក៏​រៀង​ស្រវឹង​ដែរ ហើយ​យើង​ក៏បាន​បន្ត​ជួបជុំគ្នា​ទៀត​នៅ KTV មួយកន្លែង។

ខ្ញុំ​ចង់​ប្រាប់ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែរ​ខ្ញុំ​ចូល KTV។ ពេលទៅដល់​ខ្ញុំ​ដូចជា​ភ័យ​ណាស់​ ព្រោះ​ពេលដែល​និយាយ​គ្នា​ខ្ញុំ​ស្មានតែ​គេ​ចូល KTV ​ច្រៀង​ធម្មតា ព្រោះ​ខ្ញុំ​ជា​បុគ្គលិក​​ថ្មី​អត់​ដែល​បាន​ដើរ​ជាមួយ​មិត្ត​រួម​ការងារ​ពី​មុន​មក​ទេ។

ពេល​ចូល​ទៅដល់​ក្នុង​បន្ទប់ មេ​ការ​ក៏​បាន​នាំ​ស្រីៗ ដើម្បីឱ្យ​យើង​រើស​សម្រាប់​កំដរ​ផឹកស្រា និង​ច្រៀង​លេង​កម្សាន្ត។ គេ​គ្រប់គ្នា​បាន​រើសយក​គូរ​កំដរ​គ្រប់គ្នា​អស់ហើយ ដោយឡែក​តែ​ខ្ញុំ​មិនទាន់បាន​រើស​ទេ​ ដោយ​​ខ្ញុំ​រៀង​ភ័យ​ៗ​ ព្រោះ​ទើប​ចូល​លើកដំបូង។

គេ​គ្រប់​គ្នា​ឃើញ​បែបនេះ​ក៏​បាន​តឿន​ខ្ញុំ​ឱ្យ​រើស​មួយ​ទៅ​ៗ បើ​បាន​ចូលទៅ​ហើយ! ពេល​នោះ​ខ្ញុំ​ក៏​យល់ព្រម ប៉ុន្តែ​ខ្ញុំ​មិន​បាន​រើស​ខ្លួនឯង​ទេ មាន​មិត្ត​រួម​ការងារ​ខ្ញុំ​ម្នាក់​បាន​រើស​ឱ្យ​ខ្ញុំ បើតាម​ខ្ញុំ​នៅ​ចាំ ​នាង​មាន​សំលៀកបំពាក់​ក្រហម។

ពេល​នាង​អង្គុយ​ក្បែរ​ខ្ញុំ​ ខ្ញុំ​កាន់​តែមាន​អារម្មណ៍​រឹតតែ​ភ័យ ប៉ុន្តែ​ខ្ញុំ​គិតតែ​ពី​ផឹកស្រា​តែ​ប៉ុណ្ណោះ។ រៀង​យូរ​បន្តិច ខ្ញុំ​ក្រឡេក​មើល​ជុំវិញខ្លួន​ឃើញ​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ស្និទ្ធស្នាល​ជាមួយ​នារី​ទាំងនោះ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​ហ៊ាន​និយាយ​ជាមួយ​នាង​គឺ​គិតតែ​ពី​ផឹកស្រា​បន្ត។

តែ​ពេល​ផឹក​យូរ​ទៅ​ខ្ញុំ​ក៏​ស្រវឹង​ខ្លាំង​ ហើយក៏​ហ៊ាន​និយាយ​ជាមួយ​នាង​ដោយ​សួរ​ឈ្មោះ​នាង​ជាមុន។ យូរ​ៗ​ទៅ​យើង​ក៏​រាង​ស្និទ្ធស្នាល​ជាមួយគ្នា​បន្តិច ហើយ​ក៏បាន​បកស្រាយ​ចម្រៀង​ជាមួយ​គ្នា។ វា​​ធ្វើ​ឱ្យ​ខ្មុំ​មាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​នាង។

 

លុះ​វេលា​កាន់តែ​យប់​ជ្រៅ​ទៅ ក៏​ជិត​ដល់​ម៉ោង​ដែល​យើង​ត្រូវ​ចេញមក​វិញ…
ពេល​ចូល​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា​ពេលវេលា​ដើរ​យឺត​ណាស់ ព្រោះ​ខ្ញុំ​ប្រញាប់​ចេញមក​វិញ! តែ​ផ្ទុយទៅវិញ​ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​ពេលវេលា​ដើរ​លឿន​ណាស់ ជិត​ដល់ពេល​ដែល​​ខ្ញុំ​ត្រូវ​បែក​ជាមួយ​នាង​ហើយ តែ​ខ្ញុំ​ក៏បាន​បើក Facebook របស់ខ្ញុំ ហើយ​ឱ្យ​នាង​ស្វែងរក​ឈ្មោះ​នាង​ដើម្បី Add Friend មក​ខ្ញុំ តែ​ខ្ញុំ​មិនបាន​មើលថា Facebook របស់​នាង​ឈ្មោះ​អ្វី​នោះទេ។

 

ដល់ពេល​វេលា ​យើង​ក៏បាន​ត្រលប់មក​ផ្ទះរៀងៗខ្លួន។ លុះ​ព្រឹក​ឡើង​ ពេល​ខ្ញុំ​បើក Facebook ​ខ្ញុំ​ក៏បាន​ឃើញ​​នាង​ Add Friend មក​ខ្ញុំ​។
ពេល​ខ្ញុំ​មើល​ឈ្មោះ Facebook របស់​នាង និង​រូបថត​របស់​នាង ស្រាប់​តែមាន​អារម្មណ៍​ថា​ដូចជា​ធ្លាប់​ឃើញ។
ពេលនោះ​ខ្ញុំ​គិត​បន្តិច​ស្រាប់តែ​នឹកឃើញ អូ៎! …តាមពិត​ខ្ញុំ​បាន​ឃើញ Facebook របស់​នាង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ពេល​ដែរ​ខ្ញុំ​បាន​បើក Facebook គឺ​ឃើញ​នៅ​កន្លែង People You May Knowពេលនោះ​ខ្ញុំ​ក៏បាន​ចូល​មើល Profile របស់​នាង​ដែរ​តែ​មិនបាន Add Friend ទៅនោះ​ទេ។

 

បន្ទាប់មក​ខ្ញុំ​មិនបាន Confirm Facebook របស់​នាង​ទេ​ព្រោះ​ខ្ញុំ​គិតថា​មិនគួរ​ទៅ​ពាក់ព័ន្ធ​ជាមួយ​នារី​ធ្វើការ​បែប​នេះ។
ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ខ្ញុំ​ស្រាប់តែ​នឹក​នាង ខ្ញុំ​ចេះតែ​គិតថា តើ​វា​ជា​និស្ស័យ​ឬ? ព្រោះ​មុនពេល​បាន​ជួប​នាង​ខ្ញុំ​បានឃើញ Facebook របស់​នាង​ដោយ​ចៃដន្យ។ ពេលនោះ​ខ្ញុំ​ក៏បាន Add Friend ទៅ​នាង​វិញ។ មិនយូរប៉ុន្មាន នាង​ក៏​confirm​ខ្ញុំ ហើយ​ខ្ញុំ​ក៏​បាន​Chat​ទៅ​នាង ខ្ញុំ​មិន​នឹកស្មានថា​នាង​នៅចាំ​ខ្ញុំ​សោះ ហើយ​នាង​បាន​ផ្ញើ​រូបថត​របស់​នាង​ពីរ​បី សន្លឹក​មក​ខ្ញុំ។

 

បើ​និស្ស័យ​នាំឱ្យ​យើង​ស្គា​ស់​គ្នា សូម​នាំ​ឱ្យ​យើង​បាន​នៅ​ជាមួយគ្នា​ផង

(រូបតំណាង)

 
ចាប់ពីពេលនោះ​មក​យើង​ក៏បាន Chat ជាមួយគ្នា ប៉ុន្តែ​មិន​ស្និទ្នស្នាល​នឹង​គ្នា​ទេ គឺ​ពេល​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​នឹក​គេ​ក៏ Chat ទៅលេង​គេ​មុន ហើយ​ពេលខ្លះ​គេ​ក៏ Chat មក​មុន។

លើក​ក្រោយពេល​ក្រុមការងារ​របស់ខ្ញុំ​មាន​ពិធីជប់លៀង ហើយ​ទៅ KTV នោះ​ខ្ញុំ​តែងតែ​ជ្រើស​រើសយក​នាង​មក​កំដរ។ យូរៗទៅ​ខ្ញុំ​ក៏មាន​អារម្មណ៍​ថា​ស្រលាញ់​នាង តែ​ក៏​មិនបាន​សារភាព​ប្រាប់​នាង​ដែរ​ព្រោះ​ក្នុង​ចិត្ត​ចេះ​តែ​គិតថា មិន​ស្អប់​នាង​ធ្វើការ​បែបនេះ​ទេ គ្រាន់តែ​ខ្ញុំ​ជា​កូន​អ្នក​ក្រ​ហើយ​ការងារ​សព្វថ្ងៃ​មាន​ប្រាក់ខែ​តិចតួច​មិនអាច​ចិ​ញ្ចិ​មនាង​បានឡើយ។
តែ​បើ​ខ្ញុំ​មាន​លុយ​មែន​ ខ្ញុំ​នឹង​ឱ្យ​នាង​ឈប់​ធ្វើការ​បែបនេះ​ហើយនឹង​ដណ្តឹង​នាង​ធ្វើជា​ប្រពន្ធ។ ប៉ុន្តែ​ខុសពី​អ្វី​ដែល​ខ្ញុំ​គិត ព្រោះ​ខ្ញុំ​ជា​កូន​អ្នក​ក្រ​ដូច​ច្នេះ​ហើយ ខ្ញុំ​គ្រាន់​តែមាន​ទំនាក់ទំនង​ធម្មតា​ជាមួយ​នាង​ប៉ុណ្ណោះ។

ហើយ​ខ្ញុំ​នៅតែ​បន្ត Chat ទៅ​នាង​នៅពេលដែល​ខ្ញុំ​នឹក​នាង រហូតមកដល់​ថ្ងៃ​មួយ នាង​បាន​បង្ហោះ​រូបភាព​មួយ​តាម Facebook ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា «នឹក​មនុស្ស​ម្នាក់ ​តែ​មិន​ហ៊ាន​ខ​ល​ទៅ​គេ!»។
ពេលនោះ​ខ្ញុំ​បាន​មើល comment ឃើញ​មិត្ត​នាង​ម្នាក់​សួរថា «នឹក​ពី​ណា​គេ?» គេ​បាន​ឆ្លើយតប​ថា «នឹក​បង…(ឈ្មោះ​មនុស្ស​ប្រុស​ម្នាក់​ដែល​ខ្ញុំ​មិន​ស្គាល់)» ក្នុង​ចិត្ត​ខ្ញុំ​ពេល​ដំបូង​ស្មានតែ​នាង​នឹក​ខ្ញុំ ប៉ុន្តែ​តាមពិត​គឺ​ខុស​ស្រឡះ! តែ​មិន​អី​ទេ​ព្រោះ​ខ្ញុំ​អត់​ដឹងថា​បង​នោះ​ជា​អ្នកណា​ទេ មិនដឹងថា​ជា​បងប្រុស​ឬ​ជា​អ្នកណា។

ប៉ុន្តែ​ពេល​នាង​បង្ហោះ​រូប​លើក​ក្រោយ​ៗ tagged ឱ្យតែ​មនុស្ស​ម្នាក់​នោះ​ ហើយ​ខ្ញុំ​មើល Comment ជាច្រើន​ទៅ​ទើប​ដឹង​ថា​តាមពិត​​ម្នាក់​ដែល​នាង​ថា​នឹក​គឺ​​ជា​សង្សារ​របស់​នាង។
ពេលនោះ​ខ្ញុំ​ក៏ Chat ទៅ​សួរ​នាង​ តាមពិត​បង​ធា​ជា​សង្សារ​របស់​នាង​មែន ប៉ុន្តែ​មិន​ថ្វី​ទេ ខ្ញុំ​គិត​ថា​បើ​គេ​ជ្រើស​បាន​មនុស្ស​ល្អ​ក៏​ខ្ញុំ​សប្បាយចិត្ត​ដែរ។

 

ប៉ុន្តែ​ខ្ញុំ​បាន​សួរ​នាង​ទៀតថា តើ​គេ​និង​ខ្ញុំ​តើ​អ្នក​ស្គាល់​​អ្នកណា​មុន?
តាមពិត​គេ​ស្គាល់​ខ្ញុំ​មុន ហើយ​ម្នាក់​ប្រុស​​នោះ​ក៏​ធ្លាប់​ជា​ភ្ញៀវ​របស់​នាង​ដូច​ខ្ញុំ​​ដែរ។
ខ្ញុំ​ក៏បាន​ធ្វើជា​និយាយ​លេង​ថា «ខំ​តែ​ស្រឡាញ់! តាមពិត​យើង​មាន​សង្សារ​ហើយ!»។
តែ​នាង​បាន​ឆ្លើយ​ថា គេ​មិនដឹងថា​ខ្ញុំ​ស្រលាញ់​គេ​ទេ បើ​គេ​ដឹង​គេ​នឹង​ស្រលាញ់​ខ្ញុំ គឺ​មិន​ស្រលាញ់​​នោះទេ។ ឱ​ព្រះ​អើយ! ខ្ញុំ​ពិតជា​ស្តាយ​ក្រោយ​ខ្លាំង​ណាស់​ក្រោយពី​បាន​ឮ​នាង​និយាយ​បែបនេះ តែ​ណ្ហើយ​អ្វី​ៗ​ហួស​ពេល​ហើយ។

នៅ​ពេល​ដែល​មិត្តភក្តិ​របស់ខ្ញុំ​បែក​ពី​សង្សារ​របស់គេ ខ្ញុំ​តែងតែ​ប្រាប់​គេ​ថា ម៉េច​បាន​ឱ្យតែ​បែក​ពី​សង្សារ​ហើយ គឺ​ឈប់​មាន​ទំនាក់ទំនង​សោះតែ​ម្តង ធ្វើជា​មិត្តភក្តិ​ឬ​ធ្វើជា​បងប្អូន​មិនបាន​អី? ទោះ​លែង​ជា​សង្សារ​ក៏​មាន​អនុស្សារីយ៍​នឹង​គ្នា​យូរ​ហើយ​ដែល​​ធ្លាប់​សាង​ជាមួយគ្នា។
មិត្តភក្តិ​ខ្ញុំ​មិនបាន​តប​ត​អ្វី​ទេ ហើយ​ខ្ញុំ​ក៏​គិតថា​ខ្ញុំ​និយាយ​ត្រូវ​ដែរ។
បន្ត​ពី​រឿង​ខ្ញុំ​និង​នាង​វិញ…
​បន្ទាប់ពី​ដឹងថា​នាង​មាន​សង្សារ​ហើយ ខ្ញុំ​ក៏​បង្វែរ​ការស្រលាញ់​របស់​ខ្ញុំ​ទៅ​លើ​នាង​ គិត​ជា​ប្អូនស្រី​វិញ​ហើយក៏​សុំ​នាង​រាប់អាន​ជា​ប្អូនស្រី។
មិនយូរប៉ុន្មាន​នាង​និង​សង្សារ​នាង​បាន​ឈ្លោះ​គ្នា​ឈានដល់​ការចែក​ផ្លូវ​គ្នា នាង​ក៏​បានខ​ល​មក​ខ្ញុំ​ដែលជា​បងប្រុស​នាង រ៉ាយ​រាប់​ទុក្ខសោក​ប្រាប់​ខ្ញុំ។
ពុទ្ធោ​អើយ! ខ្ញុំ​យល់​ខុស​ហើយ​មិត្តភ័ក្ដិ​ តាមពិត​ឯង​គិត​ត្រូវ​ហើយ ដែល​ក្រោយពេល​បែក​គ្នាឯង​ផ្តាច់​ទំនាក់​ទំនង​ចោល​តែ​ម្ដង គឺ​ឯង​ឈឺចាប់​រយៈ​ពេល​ខ្លឺ ក៏ប៉ុន្តែ​ខ្ញុំ​វិញ​សំលាញ់​អើយ! ពេល​ឃើញ​នាង​ល្អូកល្អិន​និង​គ្នា​ខ្ញុំ​មាន​អា​ម្មណ៍​ឈឺចាប់​ណាស់ ហើយ​ពេលនេះ​នាង​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​នាង ខ្ញុំ​រឹតតែ​មាន​អារម្មណ៍​កាន់តែ​ឈឺចាប់​ជំនួស​នាង​ថែមទៀត។
តើ​ខ្ញុំ​ត្រូវធ្វើ​យ៉ាងណា ទើប​លុប​បាត់​ការឈឺចាប់​នេះ?

ជា​ចុងក្រោយ​ខ្ញុំ​សូម​ផ្តាំ​ទៅដល់ប្រុសៗទាំងអស់​ថា នារី​ដែល​បំរើការ​នៅ KTV គេ​ក៏មាន​បេះដូង​ដែរ បើ​យើង​មិន​ស្រលាញ់​គេ​ស្មោះ​ទេ សូមកុំ​បោកប្រាស់​នាង ដើម្បី​ការសប្បាយ​របស់​យើង​ឱ្យសោះ។

ម្យ៉ាងវិញទៀត​គ្មាន​អ្នកណា​ចង់​ធ្វើការ​ចឹ​ង​ទេ តែដោយសារ​បញ្ហា​ជីវភាព​គ្រួសារ​គេ គឺ​គេ​ត្រូវ​ចិ​ញ្ចិ​ម​ម្តាយ​គេ ចិញ្ចឹម​ប្អូនគេ ឱ្យ​ប្អូន​គេ​បាន​ទៅ​រៀន​សូត្រ​។
ទោះបី​គេ​មិនបាន​រៀន​សូត្រ​ខ្ពង់ខ្ពស់ យើង​គួរតែ​ស្ងប់​ស្ងែ​ង នឹង​កោតសរសើរ។
សុំទោស​! ខ្ញុំ​មិន​មាន​បំណង​ចង់​ជំរុញ​ឱ្យ​មាន​ការងារ​នេះ​កើន​ឡើង​ទេ បើ​អាច​ជៀសបាន​គួរតែ​រក​ការងារ​ណា​ដែរ​ល្អ​ជាង​នេះ​រឹតតែ​ប្រសើរ។
ទន្ទឹមនឹងនេះ​សូម​ប្រិយមិត្ត​អ្នកអាន​ស្វែងយល់​នឹង​យក​ពី​ចំណុច​អប់រំ​ដែល​ខ្ញុំ​ចង់​ចែករំលែក​បាន​ហើយ ក្រៅពីនេះ​គឺ​ខ្ញុំ​ចង់ឱ្យ​នារី​ម្នាក់​នោះ​ដឹង​ពី​អា​ម្មណ៍​ខ្ញុំ​ដែល​នាង​មិន​ធ្លាប់​ដឹង។

ជា​ចុង​ក្រោយ​ ខ្ញុំ​មាន​ពាក្យ​ខ្លះ​ចង់​ប្រាប់​នាង៖ ខ្ញុំ​នៅតែ​ស្រលាញ់​នាង បើសិនជា​នាង​នៅតែ​ស្រលាញ់​ខ្ញុំ ហើយ​បើ​អាច​ឈប់​ពី​ការងារ​នោះបាន​ជាការ​ល្អ ខ្ញុំ​សន្យាថា​នឹង​ពង្រឹងសមត្ថភាព ដើម្បី​មានការ​ងារ​ល្អ​និង​ប្រាក់ខែ​ខ្ពស់​ដើម្បី​អនាគត​យើង។

 

ហេតុអ្វី​សុខៗ​អូនខឹងបង?

អត្ថបទ៖ ប្រិយមិត្ត​Sabay

រូបថត៖ បរទេស

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា